មាន​ព័ត៌មាន​បែក​ធ្លាយ​មក​ថា Apple គ្រោង​ចេញ​ Macbook Pro រូប​រាង​ថ្មី​ក្នុង​ឆ្នាំ ២០១៩ នេះ

  • 2019-02-18 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​អ្នក​វិភាគ​ដែល​គេ​ឲ្យ​រហស្សនាម​ថា ជា​គ្រូ​ទាយ​ផលិតផល Apple លោក Ming-Chi Kuo នោះ បាន​ប្រាប់​សារ​ព័ត៌មាន MacRumors មក​ថា Apple នឹង​បញ្ចេញ Macbook Pro ជំនាន់​ថ្មី ដែល​មាន​ការ​កែ​ប្រែ​រូបរាង​ពី​ជំនាន់​ចាស់ ហើយ​អាច​មាន​ទំហំ​អេក្រង់​ធំ​ជាង​មុន​គឺ ប្រហែល​ពី ១៦ ដល់ ១៦,៥ អ៊ីញ ធំ​ជាង Macbook Pro ដែល​ធំ​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយ​មាន​ទំហំ​ត្រឹម ១៥,៤ អ៊ីញ។

Macbook Pro នាពេល​បច្ចុប្បន្ន

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​វិភាគ​ផលិតផល Apple មិន​ងាយ​ខុស​រូប​នេះ ក៏​បាន​បញ្ជាក់​ពី​លទ្ធភាព​ដែល Macbook Pro អាច​គាំ​ទ្រ RAM ដល់​ទំហំ ៣២GB ថែម​ទៀត ដែល​ Macbook Pro ចុង​ក្រោយ​ឆ្នាំ ២០១៨ អាច​ Upgrade RAM ដល់ ៣២ GB តែ​លើ Macbook Pro ទំហំ ១៥ អ៊ីញ​តែ​ប៉ុណ្ណោះ។

បើ​សិន​ជា Macbook Proឆ្នាំ ២០១៩ មាន​រូបរាង​ផ្លាស់​ប្ដូរ​ពិត​ប្រាកដ​មែន វា​នឹង​ក្លាយ​ទៅ​ជា​រឿង​ល្អ​មួយ​សម្រាប់ Apple ដោយ​សារ​តែ Macbook Pro ដែល​មាន​ការ​រចនា​ដូច​សព្វ​ថ្ងៃ​មាន​បញ្ហា​ច្រើន ដូច​ជា​បញ្ហា​អេក្រង់ Stage Light និង ក្ដារចុច​ដែល​មិន​ល្អ ពិបាក​ចុច​និង​អាច​មាន​ធូលី​ចូល​នាំ​ឲ្យ​វា​គាំង​ជា​ដើម ដោយ​ទោះ​បី​ជា Macbook Pro ឆ្នាំ ២០១៨ មាន​ការ​កែ​ប្រែ​ដាក់​ភ្នាស​ទប់​ធូលី​យ៉ាង​ណា​ក៏​ដោយ​ចុះ។

លើស​ពី​នេះ​ទៅ​ទៀត លោក Ming-Chi Kuo ក៏​បាន​លើក​ឡើង​ថា Mac Pro ដែល​ជា​កុំព្យូទ័រ​ធុង Pro Desktop របស់ Apple នោះ ក៏​នឹង​លេច​មុខ​នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ ដែល​វា​ខាន​ផ្លាស់​ប្ដូរ​រូបរាង និង​មិន​មាន​ការ​កែ​ប្រែ​ឡើយ​តាំង​តែ​ពី​ឆ្នាំ ២០១៣ មក​នោះ។ ផលិត​ផល​មួយ​ទៀត ដែល​គេ​អាច​នឹង​ឃើញ​ចេញ​មក​ដែរ​នោះ គឺ​អេក្រង់​ Monitor របស់ Apple ដែល​មាន​ទំហំ​ដល់​ទៅ​ ៣១,៦ អ៊ីញ​ប្រភេទ 6K ជាមួយ​នឹង​ការ​រចនា​មក​ដែល​មាន "Mini LED-like backlight” មក​ជំនួស​អេក្រង់ Monitor LG UltraFine 5K ទំហំ ២៧ អ៊ីញ​ដែល​មាន​លក់​លើ​គេហទំព័រ Apple សព្វ​ថ្ងៃ​នេះ។

Mac Pro

ចង់​ដឹង​ថា តើ​សែស្រឡាយ​កុំព្យូទ័រ​របស់ Apple មាន​ចេញ​អ្វី​ថ្មី​ខ្លះ​នោះ មាន​តែ​តាម​ដាន​ជាមួយ​នឹង Sabay ទាំង​អស់​គ្នា។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម