ដឹងអត្ថន័យ និងគោលបំណងរចនាឈុតតំណាងជាតិ Miss Planet Cambodia ទើបដឹងថាអស្ចារ្យខ្លាំងបំផុត

  • 2019-02-22 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​កម្មវិធី "​Miss Planet International 2019” ​ កម្ពុជា​បាន​លើក​យក​ឈុត​តំណាង​ជាតិ​មាន​ឈ្មោះ​ថា ​​“ទេព​ធីតា​មហា​សង្ក្រាន្ត” ​ដោយ​កញ្ញា ​រី​ចំណាន ​កល្យាន​ ជា​បេក្ខភាព​តំណាង។

​បើ​និយាយ​ពី​គោល​បំណង​​វិញ ការ​រចនា​ឈុត​នេះ​ឡើង​គឺ៖ “ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ” ។  នេះ​បើ​តាម​ការ​បញ្ជាក់​ពី Page Miss Planet Cambodia ។ Page ​ដដែល​នេះ បាន​សរសេរ​ពី​អត្ថន័យ​នៃ​ឈុត​តំណាង​ជាតិ ​ដែល​ច្នៃ​ដោយ លោក អ៊ី សុខ​ជា លោក គួន មាឃ និង កញ្ញា រំដួល លិចទឹក  ដូច​ខាង​ក្រោម៖ ​​

នៅ​ក្នុង​ជំនឿ​ខ្មែរ ពិធី​បុណ្យ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​សំខាន់​រវាង​ចក្រវាល​និង​រាសី​ចក្រ​ទាំង​១២ នៅ​ក្នុង​ឆ្នាំ​ចន្ទគតិ​របស់​ខ្មែរ ដែល​ផ្សារ​ភ្ជាប់​ជីវិត​មនុស្ស​ទៅ​ក្នុង​ចក្រវាឡ​ធម្មជាតិ និង​ព្រហ្មវិហារ​ធម៌​ទាំង ៤ គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែល​ជា “សារ​សន្តិភាព” ទៅ​កាន់​មនុស្ស​ជាតិ​ទូ​ទាំង​ពិភព​លោក ។

ឈុត​នេះ ត្រូវ​បាន​រចនា​ឡើង​ដូច​ទៅ​នឹង “ទិដ្ឋភាព​នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​សិរសា​កបិល​មហាព្រហ្ម” ដែល​បាន​រៀបរាប់​នៅ​ក្នុង​រឿង​ព្រេង​និទាន​អំពី​ធម្មបាល​កុមារ និង​កបិល​មហាព្រហ្ម គឺ៖

១. មកុដ​ចេតិយ៖ តំណាង​ឲ្យ “ភ្នំព្រះសុមេរុ” ដែល​ទេព​ធីតា​មហាសង្ក្រាន្ត​ហែ​ប្រទក្សិណ ។

២. ក្លស់ បាំង​សូរ្យ ចាមរ បៃ​មន បាំង​សែង សែនត្វ័ន ភូតាន វាលវីជនី៖ គឺ​ជា​គ្រឿង​ដង្ហែ​ប្រកប​ថ្នាក់​ខ្ពស់ ដែល​ខ្មែរ​បាន​ប្រើ​ប្រាស់​សម្រាប់​ក្បួន​ដង្ហែ​នៅ​ក្នុង​ព្រះ​រាជ​ពិធី តាំង​អំពី​បុរាណ​រៀង​មក ។ ការ​ដែល​ដាក់​គ្រឿង​ដង្ហែ​នេះ​សង្ខាង ចំនួន​៧ ក៏​យោង​ទៅ​តាម​ជំនឿ​លោក​ធាតុ​វិទ្យា​ដែល​ថា៖ “ភ្នំ​ព្រះ​សុ​មេ​រុ​ដែល​ជា​ផ្ចិត​នៃ​ចក្រវាល ត្រូវ​បាន​ព័ទ្ធ​ជុំ​វិញ​ដោយ​ជួរ​ភ្នំ​ប្រាំ​ពីរ​ជាន់ និង​មហា​សាគរ​ប្រាំ​ពីរ​ជាន់” ។  

៣. ទេព​ប្រណម្យ​ទាំង​សង្ខាង រួម​និង​ទេពធីតា​មហាសង្ក្រាន្ត​ដែល​នៅ​ចំ​កណ្ដាល តំណាង​ឲ្យ “សិរី​ទាំង ៣ ប្រការ” ដែល​ជា​មង្គល​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ ។

៤. កណ្ដឹង និង ចង្រ្កង់ ដែល​បង្កើត​ជា​បទ​ភ្លេង តំណាង​ឲ្យ ការ​ប្រគំ​បទ​ភ្លេង​នៅ​ព្រះរាជ​ពិធី​ដង្ហែ ដែល​ជា​ទំនៀម​របស់​ខ្មែរ​តាំង​អំពី​បុរាណ ៕

រូបភាព៖ Miss Planet Cambodia

អត្ថបទ៖ លឹម សុនា