មេនូឡាយហ្វ៍​ ទើបឈ្នះ​ពាន​រង្វាន់​និយោជក​ឆ្នើម ដើមឆ្នាំ ២០១៩ ក្តៅៗ​តែ​ម្តង

  • 2019-02-22 15:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទទួលបានពានរង្វាន់និយោជកឆ្នើមឆ្នាំ ២០១៩ ក្នុងកម្មវិធីប្រគល់ពានរង្វាន់និយោជកឆ្នើមដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ស្ថាប័នអន្តរជាតិមួយដែលមានឈ្មោះថា Employer Brand Institute។ ពានរង្វាន់នេះសបញ្ជាក់ឲ្យឃើញពីសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងការផ្ដល់បរិយាកាសការងារដ៏ល្អជូនដល់ បុគ្គលិករបស់ខ្លួន ក៏ដូចជាបង្ហាញពីកិត្តិនាមរបស់ក្រុមហ៊ុនក្នុងការផ្ដល់នូវសេវាកម្មប្រកបដោយគុណភាព និងទំនុកចិត្តជូនដល់ក្រុមគ្រួសារកម្ពុជាផងដែរ។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ធនធានមនុស្សរបស់យើងជាចលករសំខាន់បំផុតក្នុងការជួយឲ្យអតិថិជនរបស់យើងទទួលបានការការពារអនាគតអនាគតហិរញ្ញវត្ថុក្នុងក្រុមគ្រួសាររបស់ពួកគាត់។ ដូច្នេះហើយ យើងតែងតែខិតខំប្រឹងប្រែងបង្កើតបរិយាកាសការងារមួយ ដែលជួយឲ្យពួកគាត់អាចអភិវឌ្ឍន៍ខ្លួនបាន ហើយថែមទាំងយល់ច្បាស់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនទៀតផង។» លោកបន្តថា៖ «បុគ្គលិករបស់យើងម្នាក់ៗដឹងយ៉ាងច្បាស់ថា ការងារដែលពួកគាត់កំពុងធ្វើរាល់ថ្ងៃរួមចំណែកយ៉ាងសំខាន់ក្នុងការជួយពង្រឹងអនាគតហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាជាច្រើន។»

លោក យូ សាមឺឌី នាយកគ្រប់គ្រងនាយកដ្ឋានធនធានមនុស្សនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងជាអ្នកតំណាងឲ្យក្រុមហ៊ុនដើម្បីទៅទទួលពានរង្វាន់នោះមានប្រសាសន៍ឲ្យដឹងដែរថា៖«ក្រុមការងារឆ្នើមតម្រូវឲ្យមានឆន្ទៈ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ។ បន្ថែមពីនេះទៀត ការជ្រោមជ្រែងពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនក៏ដើរតួនាទីសំខាន់ផងដែរក្នុងការជម្រុញឲ្យបុគ្គលិកពេញចិត្តនឹងកិច្ចការដែលពួកគាត់កំពុងធ្វើ។ បច្ចុប្បន្នយើងមានបុគ្គលិកជាង ៣០០ នាក់ រួមនឹងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតជាង ៤ ០០០ នាក់បន្ថែមទៀត ហើយថ្នាក់ដឹកនាំរបស់យើងតែងតែរិះរកគ្រប់វិធីសាស្ត្រដើម្បីជួយពង្រឹងសមត្ថភាពរបស់ពួកគាត់។»

គួរបញ្ជាក់ផងដែរថាក្រៅពីពានរង្វាន់និយោជកឆ្នើមនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏ធ្លាប់បានទទួលពានរង្វាន់ និងការទទួលស្គាល់នានាជាច្រើនផងដែរទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ពានរង្វាន់ និងការទទួលស្គាល់ទាំងនោះរួមមានដូចជាពានរង្វាន់សេវាកម្មអតិថិជនល្អបំផុត ពានរង្វាន់អ្នកដឹកនាំផ្នែកទំនួលខុសត្រូវសង្គម ពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើម លិខិតសរសើរលើការគាំទ្រដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោកជាដើម៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី