កម្មករ​២​នាក់​បាន​ជួយ​សង្គ្រោះ​​ឆ្កែ​ពី​បឹង​ទឹកកក ​ផ្តល់​ជម្រក​ ដោយ​មិន​ដឹង​ថា​វា​ជា​ចចក

  • 2019-02-23 02:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មករ​សំណង់​២​នាក់​ដែល​មាន​ចិត្ត​សប្បុរស​ពី​ប្រទេស​អេស្តូនី​បាន​ជួយ​សង្គ្រោះ​សត្វ​ដែល​កំពុង​កក​ជាប់​ក្នុង​បឹង​ឱ្យ​មាន​ជីវិត​ឡើង​វិញ​កាល​ពី​ថ្ងៃ​ពុធ។

លោក Rando Kartsepp លោក Robin Sillamäe កំពុង​ធ្វើ​ការ​ក្បែរ​បឹង​ Parnuដែល​កក​ទាំង​ស្រុង​ក្លាយ​ជា​ទឹកកក។ ពួកគេ​ប្រទះ​ឃើញ​សត្វ​ដែល​គិត​ថា​ជា​ឆ្កែ ​កំពុង​ប្រឹង​ហែល​ក្នុង​បឹង​ទឹកកក​ទាំង​ជិត​ផុត​ជីវិត។

ពួកគេ​បាន​ទៅ​ត្រកង​សត្វ​​ចេញ​ពី​ទឹក យក​កន្សែង​ពោះគោ​ជូត​ខ្លួន​​ឲ្យ​វា និង បាន​ដាក់​វា​ទៅ​ក្នុង​ឡាន​ដើម្បី​ឲ្យ​វា​បាន​កក់​ក្តៅ។

ពួកគេ​បាន​តេ​ហៅ​ឡាន​សត្វ​​សង្គ្រោះ​បន្ទាន់។ Rando កម្មករ​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​និយាយ​ថា​ សត្វ​នោះ​ដេក​យ៉ាង​ស្ងៀមស្ងាត់​ក្បែរ​ជើង​របស់​លោក​នៅ​ក្នុង​ឡាន​ ក្បាល​របស់​វា​ផ្អែក​​ដោយ​អាការៈ​អស់​កម្លាំង​លើ​ភ្លៅ​របស់​លោក។ នៅ​ពេល Rando ចង់​ទាញ​ជើង​ឲ្យ​វា​សណ្តូក សត្វ​នោះ​ស្រាប់​តែ​ភ្ញាក់​ក្រញាង​យ៉ាង​លឿន។

ពេល​ទៅ​ដល់​គ្លីនិក ពេទ្យ​សត្វ​​​បាន​ពិនិត្យ​សត្វ​ដែល​កំពុង​មាន​សម្ពាធ​ឈាម​ទាប​បំផុត ដោយ​ពួកគេ​ក៏​មិន​បាន​ចាប់​អារម្មណ៍​ថា​​វា​ជា​ចចក​ឡើយ។ ក្រោយ​មក​ទើប​​ព្រានព្រៃ​នៅ​ក្នុង​តំបន់​នោះ​ដឹង​ថា​ វា​ជា​សត្វ​ព្រៃ​ គឺ​ចចក។

ក្រោយ​ការ​សង្រ្គោះ​ ចចក​ត្រូវ​បាន​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​បាន​លែង​ទៅ​ក្នុង​ព្រៃ​វិញ ដោយ​បាន​ភ្ជាប់​ GPS ទៅ​នឹង​ក​របស់​វា​ដើម្បី​ងាយស្រួល​តាមដាន​ប្រសិន​បើ​សត្វ​នេះ​អាច​នឹង​មាន​បញ្ហា​សុខភាព​ពេល​ក្រោយ៕

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សុខ លាងហ៊ត