​អ្នក​ជំនាញ​យល់​ថា ការ​ភ្ជាប់​​​សេវា​ធនារ៉ាប់​រង​អ្នក​ដំណើរ អាច​ជាផ្នែក​មួយ​ នៃ​យុទ្ធសាស្ត្រ​​ទីផ្សារ​រយៈពេល​វែង

  • 2019-03-02 06:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​បញ្ហា​គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​​បាន​ឆក់​យក​អាយុជីវិត​​មនុស្ស​ស្ទើរ​រាល់​ថ្ងៃ អ្នក​ជំនាញ​ចរាចរណ៍​​ផ្លូវគោក ចង់​ឃើញ​​ក្រុម​ប្រតិបត្តិ​ករ​ផ្នែក​​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​កាន់​តែ​ច្រើន​ឡើង ជ្រើសរើស​ការ​ភ្ជាប់​សេវា​ធានារ៉ាប់​រង​ដឹក​អ្នក​ដំណើរ​ ជា​​ផ្នែក​មួយ​ នៃ​យុទ្ធសាស្រ្ត​ប្រកួតប្រជែង ផ្នែក​ទីផ្សារ​​ក្នុងរយៈពេល​យូរអង្វែង។

  លោក គង់​ រតនៈ អនុប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​​ បាន​ឱ្យ​ដឹង​ថា​ ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​​​បាន​កើត​មាន​ឡើង​ច្រើន និង​ហាក់​កំពុង​បញ្ឈឺ​ ដល់​សកម្ម​ភាព​អប់រំ​ផ្សព្វ​ផ្សាយ​​​ដោយ​នគរបាល​មាន​សមត្ថកិច្ច ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ព័ត៌មាន​។ លោក​ចង់​ឃើញ​ប្រតិបត្តិ​ករ​​ផ្នែក​ដឹក​ជញ្ជូន​ ​កាន់តែ​ច្រើន​​ ជ្រើសរើស​ការប្រើប្រាស់​​សេវា​ធានា​រ៉ាប់​រង​អ្នក​ដំណើរ​​ បន្ថែម​ទៅ​​លើ​​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​។ បច្ចុប្បន្ន​មាន​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​តិចតួច​នៅឡើយ​បាន​ជ្រើសរើស​សេវា​ធានារ៉ាប់រង​។

  “ប្រទេស​ជាច្រើន​នៅ​លើ​សកលលោក​មាន​ប្រព័ន្ធ​រ៉ាប់​រង​អ្នកដំណើរ ​ពិសេស​ប្រទេស​ជិត​ខាង​កម្ពុជា​តែ​ម្តង​។ អតិថិជន​គឺជា​ស្ដេច និង​ជា​ប្រភព​ចំណូល​របស់​ក្រុម។ ដូច្នេះ​ពេល​មួយ​ក្រុមហ៊ុន​គិតគូរ​សុវត្ថិភាព​អតិថិជន គឺ​មានន័យ​ស្មើនឹង​ការ​ធានា​នូវ​និរន្តរភាព​របស់​ក្រុមហ៊ុន​ល្អ​​យ៉ាង​ដូច្នេះ​ដែរ”។ លោក គង់ រតនៈ បន្ថែម​​។

  លោក ឡេង វិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន WeGO​ បាន​មានប្រសាសន៍ថា ​ក្រុម​​ហ៊ុន​តែង​គិត​គូ​ដល់​សុវត្ថិភាព និង​ភាព​កក់ក្ដៅ​របស់​អតិថិជន​ ក្នុង​ពេល​ធ្វើ​ដំណើរ​អាទិភាព​បំផុត។ ​កន្លងមក​ក្រុមហ៊ុន​តែង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់​ដៃ​គូ​អ្នក​បើកបរ ​ពី​ច្បាប់​ចរាចរណ៍ និង​ក្រមសីលធម៌ រៀងរាល់​ខែ ទាំង​នៅ​ភ្នំពេញ និង​សៀមរាប ហើយ​មាន​អ្នក​បើកបរ ជា​ដៃគូ​ខ្ទង់​​ពាន់​នាក់​​ចូលរួម​​។​​   បន្ថែម​លើ​នេះ​​​ក្រុមហ៊ុន​បាន​សហការ ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង Forte ផ្ដល់​នូវ​កញ្ចប់​ការពារ រាល់​ពេល​ដែល​អតិថិជន ប្រើប្រាស់ App WeGO ធ្វើដំណើរ តាំង​ពី​ចំណុច​ចាប់​ផ្ដើម រហូត​ដល់​គោលដៅ។ “នេះ​គឺជា​​ការ​ផ្តល់​ភាព​កក់​ក្ដៅ​មួយ​សម្រាប់​អតិថិជន​នៅ​ពេល​ធ្វើដំណើរ​ មួយ​ទៀត​សម្រាប់​អ្នក​បើក​បរ​ក៏​គាត់​សប្បាយចិត្ត​ដែរ សប្បាយចិត្ត​ត្រង់​ថា ការ​បើកបរ​របស់​គាត់​ប្រកបដោយ​សុវត្ថិភាព​​ គាត់​គោរព​ច្បាប់​ចរាចរណ៍​។ អញ្ចឹង​អ្វី​ដែល​សំខាន់​​គឺ​ភាព​កក់​ក្ដៅ ដល់​អតិថិជន​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​។ ចំពោះ​អ្នក​បើកបរ គឺ​យើង​តែង​មាន​វគ្គ​បណ្តុះ​បណ្ដាល​ប្រចាំ​ខែ ដោយ​អញ្ជើញ​ពួក​គាត់​ចូលរួម​ហ្នឹង​គឺ​យើង​ឆ្លាស់​គ្នា​រហូត​ ដោយមាន​អ្នក​ចូល​រួម​ជាង​១០០នាក់​ក្នុង​មួយ​វគ្គ​ៗ ទាក់ទង​នឹង​ក្រម​សីលធម៌ នៃ​ការបម្រើ​​អតិថិជន ការ​គោរព​ច្បាប់​ចរាចរណ៍ និង​ព័ត៌មាន​ផ្សេងៗ​ទៀត”។

  ចំណែក​លោក លី ជាពិសិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ ​នៃ​ក្រុម​ហ៊ុន Grab ក៏​បាន​ចាត់​ទុក​​ការ​គិតគូរ​សុវត្ថិភាព​អតិថិជន​គឺជា​ចំណុច​សំខាន់​បំផុត​​របស់​ក្រុមហ៊ុន​ផង​ដែរ។ ហេតុ​ដូចនេះ​​ក្រៅពី​បើក​វគ្គបណ្តុះ​បណ្ដាល​ទាក់ទង​នឹង​សុវត្ថិភាព​ចរាចរណ៍​ដល់​ដៃគូ​អ្នកបើកបរ ក្រុមហ៊ុន​​បាន​ផ្តើម​មាន​សេវា​ធានា​រ៉ាប់​រង​អ្នកដំណើរ​ចាប់តាំង​ពី​ដំណើរ​ការ​ដំបូង​នៅ​កម្ពុជា​មក​ម្ល៉េះ។ ការ​ផ្ដល់​សេវា​ធានា​រ៉ាប់រង​នេះ​គឺ​អនុវត្ត​ស្តង់ដារ​ដូច​គ្នា​​​ទៅ​នឹង​៨ ប្រទេស​ផ្សេង​ទៀត​ ដែល​ Grab បាន​ប្រតិបត្តិ​ការណ៍។

“​អញ្ចឹង​ឡាន និង​ទាំង​កង់​បី​ជា​ដើម ​ក្រុមហ៊ុន​យើង​ផ្តោត​លើ​សុវត្ថិភាព​អតិថិជន​ជា​ចម្បង ហើយ​ក្រុមហ៊ុន​ក៏​បាន​វិនិយោគ​ច្រើន​ផង​ដែរ​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​។ ​ការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​បាន​បន្ថែម​ទំនុក​ចិត្ត​ និង​ភាព​រីករាយ​ដល់​អ្នក​ដំណើរ​”។ លោក លី ជាពិសិទ្ធិ បន្ថែម។

  ​លោក យក់ ចំរើនឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte បាន​ថ្លែង​ថា ការ​ជាវ​សេវា​ធានា​រ៉ាប់រង​មិន​មែន​ជា​បន្ទុក​ចំណាយ​នោះ​ទេ ប៉ុន្តែ​​ក្នុង​​ហេតុការណ៍​ចៃដន្យ​ណាមួយ​យានយន្ត​ដឹក​អ្នក​ដំណើរ​រង​គ្រោះថ្នាក់​នឹង​ត្រូវ​បាន​ធានា​រ៉ាប់​រង។ ការ​ចំណាយ​​ផ្នែក​សំណង​រដ្ឋប្បវេណី​នឹង​សម្រាល​បន្ទុក​ដល់​ម្ចាស់​យានយន្ត​។ ដូច្នេះ​នេះ​គឺជា​ការ​រៀបចំ​ស្ថាន​ភាព​ហិរញ្ញវត្ថុ​ ដែល​ក្រុមហ៊ុន ឬ​ម្ចាស់​យានយន្ត​ទាំង​អស់​គួរ​តែ​ពិចារណា។ សេវា​ធានា​រ៉ាប់​​រង​ទូទៅ​នៅ​កម្ពុជា​បាន​កើន​ឡើង ១៥% ក្នុង​​ឆ្នាំ​២០១៨ តែ​ចំពោះ​ធានារ៉ាប់រង​យានយន្ត​​គឺ​បាន​កើន​ឡើង​រង្វង់​១០% ។ ធានារ៉ាប់រង​យានយន្ត​រួមបញ្ចូល​ទាំង​ធានា​រ៉ាប់រង​​អ្នក​ដំណើរ​ផង​ដែរ។ ទីផ្សារ​ធានារ៉ាប់រង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ទំហំ​ធំ តែ​បរិមាណ​ការ​ជាវ​សេវា​ធានា​រ៉ាប់រង​នៅ​មាន​ចំនួន​តិច​តួច​នៅ​​ឡើយ​។

នៅ​ប្រទេស​ជឿន​លឿន​​ បើ​គេ​និយាយ​ពី​ការ​ធានា​រ៉ាប់រង​​ផ្នែក​យានយន្ត ឬ​អ្នក​ដំណើរ​ គឺជា​កាតព្វកិច្ច​​របស់​ម្ចាស់​យានយន្ត​ ដែល​​ត្រូវតែ​បង់​ធានា​រ៉ាប់​រង​ ដើម្បី​ការពារ​អ្នក​ដំណើរ ឬ​តតិយជន។ យ៉ាង​នេះ​ក្តី​ច្បាប់​ដូច​បាន​រៀបរាប់​ខាង​លើ​នៅ​កម្ពុជា​មិន​ទាន់​បាន​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ។ បើ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ខ្ញុំ​រំពឹង​ថា ការ​ជាវ​សេវា​ធានា​រ៉ាប់​នឹង​មាន​ការ​កើន​ឡើង”។  

តាម​របាយការណ៍​កាលពី​ឆ្នាំ ​២០១៣ បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បាន​ខាតបង់​ថវិកា​អស់​ប្រមាណ​ ៣៣៧ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​។ ​នេះ​គឺជា​តួលេខ​ទឹកប្រាក់​ដ៏​ច្រើន​មួយ​ ​។ មន្ត្រី​ជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​បាន​ឱ្យ​ដឹង​​​ថា ​ការ​​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​ជាច្រើន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ដែល​បណ្ដាល​មកពី​ការ​ធ្វេសប្រហែស​របស់​អ្នក​ធ្វើ​ដំណើរ​ កត្តា​យានយន្ត និង​កត្តា​រួមផ្សំ​ផ្សេងៗ​ទៀត​។

ទោះ​យ៉ាង​លោក គង់​ រតនៈ អនុ​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​​បាន​បន្ថែម​ថា​ ក្រុមហ៊ុន​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​គួរ​ផ្សព្វផ្សាយ ពី​គោល​នយោបាយ​ និង​កម្រិត ​នៃ​ការ​រ៉ាប់​រង​ដល់​អ្នក​ដំណើរ​ឱ្យ​បាន​យល់​ដឹង​ទូលំទូលាយ៕

អត្ថបទ៖ សុផល