Pochettino និយាយថា Spurs ត្រូវការ​គ្រូបង្វឹក "វេទមន្ត" ម្នាក់​បើ​ចង់​ឈ្នះ​ពាន

  • 2019-03-03 01:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauricio Pochettino បាន​និយាយ​ថា Spurs ត្រូវ​ការ​គ្រូបង្វឹក "វេទមន្ត" ម្នាក់​បើ​ចង់​ឈ្នះ​ពាន​សម្រាប់​ថវិកា​ដ៏​ត្បិតត្បៀត​របស់​ពួកគេ​បច្ចុប្បន្ន។

ក្រោយ​ធ្លាក់​ចេញ​ពី FA Cup ហើយ​ក្តី​សង្ឃឹម​​លើក​ពាន Premier League កាន់​តែ​ខើច​ក្រោយ​ចាញ់ Chelsea កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ពីព្រោះ​ពួកគេ​ចាញ់​ពិន្ទុក្រុម​លេខ​១​កំពូល​តារាង​១០​ពិន្ទុ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​​មិន​ដល់​១០​ប្រកួត​ទៀត​ផង។ ក្តី​សង្ឃឹម​ចុងក្រោយ​របស់ Spurs គឺ​ Champions League។

ប៉ុន្តែ​លោក Pochettino ទទូច​ថា​ក្រុម​មាន់​ខ្នាយ​មាសTottenham ហាក់​ដូច​​នៅ​ឆ្ងាយ​ពី​ជ័យជម្នះ​ជាមួយ​នឹង​ការ​ចំណាយ​​ធនធាន​ដ៏​​​សន្សំសំចៃ​បែប​នេះ។

អ្នកចាត់ការ​ទូទៅ​រូប​នេះ​បាន​និយាយ​ថា "ខ្ញុំ​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា Pochettino នៅ​ទី​នេះ​អស់​រយៈពេល​ ៥ ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ដែល​ឈ្នះ​ពាន​ទេ"។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​បន្ត​ថា ការ​សំខាន់​ស្ថិត​នៅ​លើ Daniel Levy ម្ចាស់​ក្លឹប Spurs ពី​ព្រោះ​ចង់​​ឈ្នះ​​គឺ​ជា​កាតព្វកិច្ច​មួយ​ហើយ​ប៉ុន្តែ​ត្រូវ​ប្រៀបធៀប​ជាមួយ​ក្លឹប​ដទៃ។

“ប្រហែល​បើ​សិន​ជា Daniel Levy និយាយ​មក​ខ្ញុំ​នៅ​រដូវកាល​ក្រោយ​ថា​យើង​ត្រូវការ​ឈ្នះ​ពាន​រង្វាន់​ Champions League ហើយ​ត្រូវការ​ឈ្នះ​ក្របខ័ណ្ឌ Premier League បើ​អីចឹង អ្នក​ប្រហែល​ជា​ត្រូវ​រក​បុរស​វេទមន្ត​ម្នាក់​ដែល​អាច​ធ្វើ​រឿង​​នេះ​បាន"។ លោក Pochettino បន្ថែម៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត