សាលាក្រុង​ប្រកាស​​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ច្បាប់​ចរាចរណ៍​ឥត​គិត​ថ្លៃ ដល់​​ម៉ូតូ​កង់​បី និង​ទោ​ចក្រ​យានយន្ត​សណ្ដោង​រ៉ឺម៉ក រយៈ​ពេល​២ខែ

  • 2019-03-04 10:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​បើកបរ​ម៉ូតូ​កង់​បី និង​ទោ​ចក្រ​យានយន្ត​សណ្ដោង​រ៉ឺម៉ក នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​​ផ្នែក​ច្បាប់​ចរាចរណ៍​ឥត​គិត​ថ្លៃ គិត​ចាប់​ពី​ខែ​មីនា ដល់​ខែ​ឧសភា។ ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្ដាល​ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចាប់​ផ្ដើម​រឹត​បន្តឹង​ច្បាប់ ដោយ​មិន​មាន​ការ​លើក​ឡើង​ទៀត​ឡើយ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​កាល​បរិច្ឆេត​ថ្ងៃ​ទី ០១ មីនា កន្លង​ទៅ​ថ្មីៗ​នេះ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង ចុះ​ហត្ថលេខា​ដោយ​ ឯកឧត្ដម ឃួង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី ០១ មីនា កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ដល់​អ្នក​បើកបរ​ត្រី​ចក្រ​យានយន្ត និង​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក​ឲ្យ​ដឹង​ថា កន្លង​មក​ បងប្អូន​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ​​ក្នុង​រាជធានី​ភ្នំពេញ​ភាគច្រើន​បាន​បើកបរ​យានយន្ត​លើ​ដង​ផ្លូវ​ដោយ​ពុំ​មាន​ប័ណ្ណ​បើកបរ​យានយន្ត​បាន​ត្រឹមត្រូវ។

នៅ​ក្នុង​សេចក្ដីជូនដំណឹ​ង​បាន​បន្ថែម​ថា ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​ និង​ដើម្បី​ឲ្យ​ការ​ធ្វើ​ចរាចរ​ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ឲ្យ​មន្រ្តី​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ចរាចរណ៍​ផ្លូវ​គោក ជូន​ដល់​បងប្អូន​ដោយ​ឥត​គិត​ថ្លៃ ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ ចាប់​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ១៧​ល្ងាច និង​មាន​រយៈពេល​២ខែ គិត​ចាប់​ពី​ថ្ងៃ​សៅរ៍​ទី០២ មីនា ដល់​ថ្ងៃ​ទី ០៤ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​អង្គភាព​ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត​ ផ្លូវ​លេខ​ ៥៩៨ សង្កាត់​ច្រាំង​ចំរេះ​ទី២ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ ។ ក្រោយ​វគ្គ​បណ្ដុះបណ្ដាល​អាច​ដាក់​ពាក្យ​ប្រឡង​ទ្រឹស្ដី និង​ប្រឡង​ដៃ​ចង្កូត ដើម្បី​ទទួល​បាន​បណ្ណបើកបរ​យានយន្ត​ប្រភេទ (ក) ។

សេចក្ដី​ជូន​ដំណឹង​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​២ខែ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​រឹត​បន្តឹង​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ជា​ធរមាន ដោយ​មិន​មាន​ការ​លើកលែង​អធ្យាស្រ័យ​ទៀត​ឡើយ។

សូមអាន​សេចក្ដី​ជូនដំណឹងទាំងស្រុង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា