ក្រុមហ៊ុនអាកាសចរណាខ្លះនៅបន្ដហោះហើរ Boeing 737 ក្រោយឧបទ្ទវហេតុអេត្យូពី?

  • 2019-03-12 02:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបទ្ទវហេតុ​ធ្លាក់​យន្ដហោះ​នៅ​អេត្យូពី​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន បាន​បណ្ដាល​ឲ្យ​មនុស្ស ១៥៧​នាក់​ស្លាប់​ទាំង​អស់ និង​បង្ក​ឲ្យ​មាន​ការ​ចោទ​ទៅ​លើ​បច្ចេកទេស​របស់​យន្ដហោះ Boeing 737 MAX8។ ក្នុង​នោះ អាកាស​ចរ​ចិន​បាន​ប្រកាស​ឲ្យ​ជើង​ហោះហើរ​ទាំង​អស់​ផ្អាក​ការ​ប្រើ​យន្ដហោះ​ប្រភេទ​នេះ​សិន មុន​ការ​ស៊ើប​អង្កេតនិង​បញ្ជាក់​ពី​អ្នក​ជំនាញ​ក៏​ដូច​ជា​សហរដ្ឋអាមេរិក។ យ៉ាង​ណាមិញ ក្រុមហ៊ុន​អាកាសចរ​ចំនួន ១០​នៅ​តែ​បន្ដ​ហោះហើរ​យន្តហោះ​ប្រភេទ​នេះ បើ​ទោះ​ជា​មាន​រឿង​រ៉ាវ​ចម្រូងចម្រាស​យ៉ាង​ណា​ក្ដី។

១. ក្រុមហ៊ុន​អាកាសចរ​អាមេរិក (American Airlines)

ក្រុមហ៊ុន​អាកាសចរ​នេះ មាន​យន្ដហោះ Boeing 737 MAX 8 ចំនួន ២៤​គ្រឿង​កំពុង​បម្រើ​ការ​ហើយ​ខាង​ក្រុមហ៊ុន​អះអាង​ថា​ពួកគេ​មិន​មាន​គម្រោង​ផ្អាក​ការ​ហោះហើរ​យន្ដហោះ​ប្រភេទ​នេះ​ទេ។

២. Southwest Airlines

ក្រុមហ៊ុន​អាកាសចរ​នេះ មាន​យន្ដហោះ Boeing 737 MAX 8 ចំនួន ៣៤ គ្រឿង​ហើយ​អះអាង​ថា​ពួកគេ​ជឿជាក់​លើ​សុវត្ថិភាព​នៃ​យន្តហោះ​នេះ។

៣. Norwegian Airlines

យោង​តាម​នាយក​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​បញ្ជាក់​ថា ក្រុមហ៊ុន Norwegian នឹង​បន្ដ​ហោះហើរ Boeing 737 MAX 8 ទាំង​១៨​គ្រឿង​របស់​ខ្លួន​ជា​ធម្មតា។

៤. TUI

អាកាសចរ TUI មាន​យន្ដហោះ Boeing 737 MAX 8 ចំនួន ១៥​គ្រឿង​កំពុង​ដំណើរ​ការ​ហើយ​មិន​មាន​គម្រោង​ផ្អាក​ការ​ហោះហើរ​យន្ដហោះ​ប្រភេទ​នេះ​ទេ។

៥. Silk Air

អាកាសចរ SilkAir អះអាង​ថា​មិនមាន​គម្រោង​ផ្អាក​​ការ​ហោះ​ហើរ Boeing 737 MAX 8 ដែល​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង Benguluru, Cairns, Chongqing, Darwin, Hiroshima, Hyderabad, Kathmandu, កូឡាឡាំពួរ, ប៉េណាំង, ភ្នំពេញ, ភូកេត និង Wuhan។

៦. Fiji Airways

បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរ Fiji Airways កំពុង​ប្រើប្រាស់​យន្ដហោះ Boeing 737 MAX 8 ចំនួន ២​គ្រឿង​ហើយ​បាន​បញ្ជា​ទិញ ៣​គ្រឿង​ទៀត​សម្រាប់​ឆ្នាំ ២០១៩​នេះ។

៧. Icelandair

អាកាសចរ Icelandair អះអាង​ថា​យន្ដហោះ Boeing 737 MAX 8 ទាំង​៣​គ្រឿង​របស់​ខ្លួន​ដែល​កំពុង​ដំណើរ​ការ​មិន​ដែល​មាន​បញ្ហា ឬ​គ្រោះថ្នាក់​នោះ​ទេ។

៨. Flydubai

អាកាសចរ Flydubai មាន​យន្ដហោះ Boeing 737 MAX 8 ចំនួន ១១​គ្រឿង​ហើយ​នឹង​បន្ដ​ប្រើប្រាស​វា​ដោយ​ជឿជាក់​លើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន។

៩. WestJet

ក្រុមហ៊ុន​អាកាសចរ​កាណាដា WestJet និយាយថា Boeing 737 MAX 8 ទាំង ១៣​គ្រឿង​របស់​ខ្លួន​នឹង​បន្ដ​ធ្វើ​ការ​ហោះហើរ​របស់​ខ្លួន​ជា​ធម្មតា។

១០. GOL Linhas Aereas

អាកាសចរ​ប្រេស៊ីល GOL នឹង​បន្ដ​ការ​ហោះ​ហើរ Boeing 737 MAX 8 ទាំង ៧​គ្រឿង​របស់​ខ្លួន​ហើយ​បន្ដ​តាមដាន​ការ​ស៊ើប​អង្កេត​ជាមួយ Boeing៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន