កាន់​តែ​ច្បាស់​ហើយ​ ពេលវេលា​​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​​

  • 2019-03-15 03:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មិន​មានការ​ប្រែប្រួល​ទេ ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ដែល​មាន​ភូមិ​សាស្ត្រ​នៅ​​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង និង​ខេត្ត​តាកែវ​​ គ្រោង​ចាប់​​​ផ្ដើម​ នៅ​ដើម​​ឆ្នាំ​ ២០២៤​ខាង​មុខ។ នេះ​បើ​តាម​ប្រសាសន៍​​ ​ លោក​ឧកញ៉ា ពុង ឃាវសែ។

អគ្គនាយក​ក្រុមហ៊ុន OCIC បាន​ថ្លែងប្រាប់​អ្នក​ព័ត៌មាន​ក្នុង​ឱកាស​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំណង់​រវាង​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ភ្នាក់ងារ​លើ​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​កូរ៉េ (Kotra) កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៤ មីនា ឆ្នាំ​២០១៩​។

  លោក​ឧកញ៉ា ​បាន​ឱ្យ​ដឹង​ថា បើ​មិន​មាន​ជួប​បញ្ហា​វិវាទ​ដីធ្លី​ច្រើន​នោះ​ទេ ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ដែល​គ្រោង​នឹង​សាងសង់​នៅ​ក្នុង​ទឹកដី​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​នោះ គឺ​គ្រោង​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ដើម​ឆ្នាំ ២០២៤។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ដី​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​មាន​ការ​ព្រមព្រៀង​គ្នា​បាន​លឿន ​លើ​បញ្ហា​ដោះ​ស្រាយ​ដីធ្លី ហើយ​មិន​បង្ក​បញ្ហា​អ្វី​នោះ​ទេ យ៉ាងយូរ​នៅ​ដើម​ឆ្នាំ ២០២៤ គឺ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​អង់គ្លេស និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នានា​ទៀត​ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ។

  លោក​ឧកញ្ញ៉ា ពុង ឃាវសែ បន្ថែម​ថា បច្ចុប្បន្ន​តំបន់ ដែល​នឹង​ត្រូវ​បាន​សាងសង់​ព្រលាន​យន្តហោះ​នោះ​ គឺ​កំពុង​បាន​ដំណើរ​ការ​រ៉ាវ​រក​គ្រប់​មីន និង​គ្រាប់​អាវុធ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​ក្នុង​មួយ​ថ្ងៃ​គឺ​គេ​អាច​រាវ​រក​គ្រាប់​មីន​បាន​ក្នុង​ទំហំ​ដីពី ៥ហិចតា ទៅ ៦ហិចតា លើ​ផ្ទៃ​ដី​​គ្រោង​សាង​សង់​ព្រលាន​ប្រមាណ​ជាង ២ ៦០០​ហិចតា ដោយ​ត្រូវ​ចំណាយ​ពេល ៨ខែ ទើប​ហើយ​រួចរាល់។ ដី​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​លំដាប់ 4Fនេះ បច្ចុប្បន្ន​ ប្រមូល​ដី​បាន​ប្រមាណ​ជាង ១ ០០០ហិចតា​រួច​ហើយ ពោលគឺប្រមូលបាន៤០% នៅសល់៦០%ទៀត កំពុង​រៀបចំ​ដោះ​ស្រាយ។

ឧកញ៉ា ពុង ឃាវសែ ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​សង់​ព្រលាន​យន្តហោះ​នៅ​ក្នុង​ទឹកដី​ស្រុក​កណ្ដាល​ស្ទឹង​នោះ កន្លង​មក មាន​ក្រុមហ៊ុន​ធំៗ​បី​ នៅ​ក្នុង​ពិភពលោក បាន​ដេញ​ថ្លៃ​សាងសង់ ប៉ុន្តែ​ចុង​ក្រោយ កម្ពុជា​សម្រេច​ឲ្យ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​អង់គ្លេស​ជា​អ្នក​ទទួល​សាងសង់។

  ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ខ្នាត​ ៤F នឹង​ត្រូវ​​សាងសង់​លើ​ផ្ទៃ​ដី ២ ៦០០ ហិកតា ចន្លោះ​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ។ ការ​សម្រេច​នេះ ​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន្តរ​ក្រសួង​ នៅ​ទីស្ដីការ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរ​រូប​នីយកម្ម ​និង​សំណង់ ដែល​មាន​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មការ​បាន​ដឹក​នាំ​កិច្ចប្រជុំ​លើកទី១ ដោយ​មាន​ការ​ចូលរួម​ពី ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ជា​អនុប្រធាន​គណៈកម្មការ, ឯកឧត្ដម ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្ដាល និង​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ  រួម​ទាំង សមាជិក​គណៈកម្មការ​ទាំងអស់ និង​តំណាង​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដោយ​អនុវត្ត​តាម​សេចក្ដី​សម្រេច របស់​រាជរដ្ឋាភិបាល ស្ដីពី​ការ​បង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី​កាលពី​ថ្ងៃទី ១៨ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ។

  ​គម្រោង​ព្រលាន​យន្ត​ហោះ​ ​ដែល​គ្រោង​វិនិយោគ​ទឹកប្រាក់ ១ ៥០០លាន​ដុល្លារ​អាមេរិក​ ​រាជរដ្ឋាភិបាល​បាន​កាន់​កាប់​១០% ឯ​ក្រុមហ៊ុន​ លោក​ឧកញ៉ា ពុង ឃាវសែ​ កាន់កាប់ភាគហ៊ុន៩០%។ ការ​ចំណាយ​ថវិកា​ទាំង ១ ៥០០​លាន​ដុល្លារ​នេះ​ បាន​មក​ពី​កម្ចី​ធនាគារ​បរទេស ១ ១០០ លាន​ដុល្លារ ២៨០ លាន​ដុល្លារ​ជា​របស់​ក្រុមហ៊ុន OCIC និង ២៨០លាន​ដុល្លារ​ទៀត​ សម្រាប់​ចុះ​បញ្ជី​ពាណិជ្ជកម្ម។

  កាល​ពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ​ កន្លងមក​នេះ លោក​ឧកញ៉ា ពុង ឃាវសែ ​បាន​ថ្លែង​ថា​ ការសាងសង់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​​ភ្នំពេញ​ថ្មី​ គឺ​ត្រូវ​ចំណាយ​ពេល​សាង​សង់​ចន្លោះ​ពី​ ៥ ឆ្នាំ​ទៅ​ ១០​ ឆ្នាំ ទើប​សាងសង់​រួច​ជាស្ថាពរ។ លោក​បាន​ថ្លែង​អំណរ​គុណ​​ដល់​រាជរដ្ឋាភិបាល​ដែល​ផ្ដល់​ទំនុកទុកចិត្ត​ឱ្យ​ទទួល​កិច្ច​ការ​ដ៏​ធំ​សម្បើម និង​ជា​ប្រវត្តិ​សាស្ត្រ​​នេះ បើ​ទៅ​ជា​លោក​មាន​វ័យ​កាន់តែ​ច្រើន​យ៉ាង​ណា​ក្ដី៕

រូបភាព៖ ផ្ដល់​ឲ្យ​    

អត្ថបទ៖ សុផល

អត្ថបទថ្មី