ចិន​គ្រប់គ្រង ៥៨% នៃ​​អចលនទ្រព្យ​ពិភពលោក

  • 2019-03-16 08:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន១៣៩ ក្នុង​ចំណោម​​មហាសេដ្ឋី​អចលនទ្រព្យ​​សរុប ២៣៩ នៅ​លើ​ពិភពលោក ចិន​បាន​​គ្រប់គ្រង ៥៨% នៃ​​អចលនទ្រព្យ​នៅ​លើ​ផែនដី។ នេះ​បើ​តាម​របាយការណ៍​របស់ ​​Hurun Global Real Estate Rich List ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​។

ទីក្រុងហុងកុង (រូបថត៖សុខ លាងហ៊ត)

សហរដ្ឋអាមេរិក​​ឈរ​នៅ​លេខរៀង​បន្ទាប់​ ដោយ​មាន​មហាសេដ្ឋី​អចលនទ្រព្យ​​​ចំនួន ២៦ តាម​ពី​ក្រោយ​ដោយ​​ចក្រភព​អង់គ្លេស​ចំនួន ១៧។ រីឯ​ទីក្រុង​ហុងកុង​ដ៏​តូច មាន​មហាសេដ្ឋី​អចលនទ្រព្យ​​​​រហូត​ដល់ ២៥។

​​​អ្នក​វិនិយោគ​ចិន​បាន​ឈរ​នៅ​តំណែង​កំពូល​ទាំង​៤ ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​​​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត។

លោក​ស៊ូ ជៀយីន (Xu Jiayin) នៃ​ក្រុមហ៊ុន Evergrande Group ដែល​មាន​មូលដ្ឋាន​នៅ Shenzhen ជាប់​ចំណាត់​ថ្នាក់​លេខ​១​ដោយ​មាន​ទ្រព្យសម្បត្តិ​សរុប ៣៧ ប៊ីលាន​ដុល្លារ។ លេខ​២​គឺ​លោក លី ខាស៊ីង (Li Ka-shing) នៃក្រុមហ៊ុន Cheung Kong Holdings របស់​ហុងកុង មាន​ទ្រព្យ​សរុប ២៩ ប៊ីលាន​ដុល្លារ។

​ចំណាត់​ថ្នាក់​លេខ ៣ បាន​ទៅ​លោក លី សាវឃី (Lee Shau Kee) នៃ​ក្រុមហ៊ុន Henderson Development មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ដែល​មាន​ទឹក​ប្រាក់ ២៧ ប៊ីលាន​ដុល្លារ។ ទី៤ គឺ​អ្នកស្រី យ៉ាង ហ៊ុយ​យ៉ាន (Yang Huiyan) នៃ​ក្រុមហ៊ុន Garden Country មាន​​​ទឹក​ប្រាក់ ២៣ ប៊ីលាន​ដុល្លារ ហើយ​​អ្នកស្រី​គឺ​ជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​​មហាសេដ្ឋី​អចលនទ្រព្យ​​លំដាប់​កំពូល​ទាំង ១០។

មហាសេដ្ឋី​អចលនទ្រព្យ​ដែល​មាន​ជាង​គេ​បំផុត​នៅ​សហរដ្ឋអាមេរិក​គឺ​លោក Donald Bren ជា​ប្រធាន និង ជា​ម្ចាស់​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ Irvine ដែល​មាន​មូលដ្ឋាន​នៅ​កាលីហ្វ័រនីញ៉ា។ លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ១៧ ប៊ីលាន​ដុល្លារ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ជាប់​ចំណាត់​ថ្នាក់​ទី ៨២ ​ក្នុង​បញ្ជី​ហាសេដ្ឋី​អចលនទ្រព្យ​ពិភពលោក​​ដោយ​មាន​ទឹកប្រាក់ ៣ ប៊ីលាន​ដុល្លារ។

លោក Rupert Hoogewerf ប្រធាន​និង​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ Hurun បាន​និយាយ​ថា "ការ​រីក​ចំរើន​នៃ​ការ​ធ្វើ​នគរូបនីយកម្ម​នៅ​ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្ទុះ​ទ្រព្យសម្បត្តិ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដែល​ជា​លទ្ធផល​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ធំ​បំផុត​នៅ​លើ​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​មក​ពី​ប្រទេស​ចិន"៕

ប្រភព៖ globaltimes   ប្រែ​សម្រួល៖ សុខ លាងហ៊ត