Huawei កំពុងព្យាយាមក្ដោបក្ដាប់យុគសម័យឌីជីថលនៅអាស៊ីអាគ្នេយ៍
- 2019-03-18 10:28:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei កំពុងព្យាយាមក្ដោបក្ដាប់យុគសម័យឌីជីថលនៅអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ស្របពេលបច្ចេកវិទ្យាកំពុងដើរទៅមុខយ៉ាងឆាប់រហ័ស ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត និងទូរសព្ទដៃក៏កើនឡើងដូចគ្នាពោលគឺ បច្ចុប្បន្នមានមនុស្សប្រើទូរសព្ទចល័តប្រមាណ ២០ លាននាក់ ដែលកើនឡើង ៦ ដងបើធៀបនឹង ១០ឆ្នាំមុន រីឯអ្នកប្រើប្រាស់អ៊ីនធឺណិតចល័ត និងតាមគេហដ្ឋានក៏កើនឡើងជាង ១ ៥០០ ដងបើធៀបនឹង ៦ ឆ្នាំមុន។
តួលេខគួរឲ្យចាប់អារម្មណ៍ទាំងនេះ ត្រូវបានបង្ហាញនៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីអាស៊ានក្រោមប្រធានបទ “វិថីឆ្ពោះទៅកាន់ឧស្សាហកម្មជំនាន់ទី ៤ របស់អាស៊ាន” ដែលបានរៀបចំធ្វើឡើងនៅក្នុងសន្និសីទ និងពិព័រណ៍ "ឌីជីថលកម្ពុជា ២០១៩" ដោយលោក Thomas Zhou នាយកផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៃក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
បន្ថែមពីនេះ Huawei ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃឈានមុខលើពិភពលោក ក៏បានឲ្យដឹងថាសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍នឹងឈានដល់របត់ដ៏អស្ចារ្យមួយនៅឆ្នាំ ២០២៥ ហើយទំហំនៃសេដ្ឋកិច្ចឌីជីថលនឹងកើនឡើង ៣ ដងក្នុងរយៈពេល ៧ ឆ្នាំខាងមុខ។
លោក Thomas Zhou បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ក្រុមហ៊ុននឹងបន្តជំរុញចក្ខុវិស័យ ដើម្បីនាំយកឌីជីថលទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងគ្រប់ស្ថាប័ន ដើម្បីបណ្ដាញតភ្ជាប់ដ៏ពេញលេញ និងពិភពលោកដ៏ឆ្លាតវៃ ហើយលោកក៏បន្តវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា 5G, broadband, cloud, ប្រាជ្ញាសិប្បនិម្មិត (AI) ជាដើម។
ខណៈឆ្នាំនេះជាខួប ២០ ឆ្នាំរបស់ក្រុមហ៊ុន Huawei នៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏បានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខ ជាអ្នកផ្គត់ផ្គង់ ICT ដែលបានចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការតភ្ជាប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ តាមរយៈបច្ចេកវិទ្យាឈានមុខ ដូចដែលមានបង្ហាញក្នុងឧទាហរណ៍មួយចំនួន៖
Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែក ICT ជាង ៨ ពាន់នាក់នៅឆ្នាំ ២០១៨ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៥-១៧ មីនា គឺជាការផ្ដួចផ្ដើមរួមគ្នាមួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដើម្បីលើកកម្ពស់បរិស្ថានសហគ្រិនភាពប្រកបដោយនិរន្តរភាពនៅកម្ពុជា។
មជ្ឈមណ្ឌលសេវាកម្ម cloud អន្តរជាតិទី ៣ របស់ក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ី អាគ្នេយ៍ បានបើកសម្ពោធនៅប្រទេសសិង្ហបុរីកាលពីខែមុន បន្ទាប់ពីហុងកុង និងថៃ។ មជ្ឈមណ្ឌលសេវាកម្មមូលដ្ឋាន ផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធ cloud ដែលមានលក្ខណៈពេញលេញ មានតួនាទីជួយបង្កើនល្បឿនសេដ្ឋកិច្ចឌីជីថលឲ្យកាន់តែប្រសើរ។
ឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei បានផ្ដល់ដំណោះស្រាយផ្នែកទំនាក់ទំនងតាមវីដេអូបន្ទាន់ eLTE មួយ ក្នុងការជួយសង្គ្រោះកីឡាករបាល់ទាត់វ័យក្មេង ១៣ នាក់ ដែលបានជាប់នៅក្នុងរូងភ្នំនៅភាគខាងជើងនៃប្រទេសថៃ។
នៅប្រទេសបង់ក្លាដេស រថយន្តបណ្ដុះបណ្ដាលឌីជីថលរបស់ក្រុមហ៊ុន Huawei អាចផ្ដល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា ដល់មាត់ទ្វារផ្ទះរបស់ស្ត្រីនៅតាមភូមិដាច់ស្រយាល។ នៅចុងឆ្នាំ ២០១៨ ស្ត្រីជាង ១៦ ២០០ នាក់បានទទួលការបណ្ដុះបណ្ដាលតាមរយៈកម្មវិធី “education on wheels” ។
ក្រុមហ៊ុន Huawei ក៏បានថ្លែងទៅកាន់អ្នកចូលរួមនៃ "ឌីជីថលកម្ពុជា ២០១៩" ដោយមានសារដ៏សាមញ្ញមួយថា៖ "យើងត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយកឱកាសដ៏ធំធេង និងរួមចំណែកឆ្ពោះទៅកាន់ភាពវៃឆ្លាតបណ្ដាញតភ្ជាប់សេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍ដ៏ពេញលេញ"៕