ត្បិត​ជា​អ្នក​សិល្បៈ តែ មាន សូនីតា ប្រាថ្នា​មាន Digital Cambodia បន្តបន្ទាប់​ទៀត!

  • 2019-03-19 07:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្បិត​ថា ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ធំ​ប្រចាំ​ឆ្នាំ Digital Cambodia បាន​បញ្ចប់​ទៅ​ហើយ​ក្រោយ​ដំណើរ​៣​ថ្ងៃ​ក្ដី ប៉ុន្តែ មាន សូនីតា ដែល​ជា​សិល្ប​ការិនី​ល្បី​ឈ្មោះ​មួយ​រូប បាន​ភ្លាត់​មាត់ ចង់​ឲ្យ​មាន​ព្រឹត្តិការណ៍​អស្ចារ្យ​នេះ​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ។

“ខ្ញុំ​គិត​ថា​ពិព័រណ៍​នេះ ពិត​ជា​ល្អ​មែន​ទែន អីចឹង​ហើយ​បាន​ឃើញ​បង​ប្អូន​ពិសេស​យុវវ័យ​យើង​មក​ចូល​រួម​ច្រើន​ណាស់ នេះ​ឆ្នាំ​ទី​១ ប៉ុណ្ណឹង ឆ្នាំ​ទី​២ ទី៣ នឹង​រឹត​តែ​អស្ចារ្យ​ជាង​ហ្នឹង​ទៀត ខ្ញុំ​ជឿ​ថា​អីចឹង ហើយ​ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ព្រឹត្តិការណ៍​នេះ​មាន​បន្ត​បន្ទាប់​ទៀត ព្រោះ​ថា បង​ប្អូន​យើង​ត្រូវ​ការ​ព័ត៌មាន ចំណេះ​ដឹង​ពី​បច្ចេកវិទ្យា​នេះ​ច្រើន​ទៀត"។ មាន សូនីតា ថ្លែង។

រាជិនី​ក្រមា មាន សូនីតា បាន​លេច​វត្តមាន​យ៉ាង​កម្រ​ក្នុង​កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា Digital Cambodia នា​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ដើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​វិញ។ ជាង​នេះ​ទៀត​សោត នេះ​ជា​បទ​ពិសោធន៍​ដំបូង​បំផុត​របស់​នាង​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា ខណៈ​កន្លង​មក​នាង ធ្លាប់​តែ​ចូល​រួម​ក្នុង​ពិព័រណ៍​ដែល​មាន​ទិដ្ឋភាព​ផ្សេង​ខុស​ពី​នេះ ដូច​ជា​ពិព័រណ៍​គ្រឿង​អលង្ការ គ្រឿង​សំអាង​ជា​ដើម។

ដោយ​សារ​តែ​បែប​នេះ សូនីតា ប្រាប់​ថា នាង​ភ្ញាក់​ផ្អើល​នឹង​ទិដ្ឋភាព​ក្នុង​ពិធី​មែន​ទែន។ ទី​១ នាង​ចាប់​អារម្មណ៍​នឹង​វត្តមាន​យ៉ាង​ច្រើន​របស់​យុវវ័យ បុគ្គល​ដែល​នៅ​កៀក​កិត​នឹង​បច្ចេកវិទ្យា​ជាង​គេ។ ទី​២​ទៀត​នាង បាន​ប្រទះ​បច្ចេកវិទ្យា​ខ្លះ​ដែល​នាង​ធ្លាប់​ឃើញ​មាន​នៅ​ស្រុក​គេ ដូច​ជា​បច្ចេកវិទ្យា VAR ឥឡូវ​ស្រាប់​តែ​ឃើញ​មាន​ក្នុង​ព្រឹត្តិការណ៍ Digital Cambodia។

និយាយ​ពី​បច្ចេកវិទ្យា VAR ត្រូវ​បាន​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​ស្រុក​មួយ​ចំនួន យក​មក​ដាក់​សម្រាប់​ផ្ដល់​ការ​កម្សាន្ត​ដល់​ទស្សនិកជន​ក្នុង​ពិធី ក្នុង​នោះ​ឃើញ​នៅ​មាន​តាម​បញ្ឈរ Sabay, Smart និង Cellcard ជា​ដើម។ ជក់​ចិត្ត​នឹង​បច្ចេកវិទ្យា​នេះ មាន សូនីតា ក៏​បាន​សាក​ល្បង​ដែរ​នៅ​បញ្ឈរ Sabay ជាមួយ VAR Skyboard ។ បច្ចេកវិទ្យា​នេះ បាន​ធ្វើ​ឲ្យ​តារា​ស្រី ស្រែក​ឡើង​ភ្លាត់​ៗ​សំឡេង។

យ៉ាងណា​នេះ នោះ​ជា​ផ្នែក​តូច​មួយ​សម្រាប់​ការ​កម្សាន្ត​ប៉ុណ្ណោះ នៅ​មាន​ការ​ចូល​រួម​របស់​វាគ្មិន និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ទាំង​អស់​ក្នុង​ព្រឹត្តិការណ៍ និង​ការ​គាំទ្រ​របស់​យុវវ័យ នោះ​ទើប​ជា​សក្ដានុពល​ពិត​ប្រាកដ។ ដូច្នេះ​ហើយ ទើប​ មាន សូនីតា បាន​លើក​ឡើង​ថា ចង់​ឲ្យ​មាន​ព្រឹត្តិការណ៍​ខាង​លើ​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ ពី​ព្រោះ នាង​យល់​ថា បច្ចេកវិទ្យា គឺ​មាន​សក្ដានុពល​ខ្លាំង ពោល​គឺ លឿន​ជាង និង​មាន​ប្រសិទ្ធភាព​ជាង​អ្វី​ទាំង​អស់។

អីចឹង​ហើយ សូនីតា លើក​ឡើង​ទៀត​ថា ការ​បង្កើត​ព្រឹត្តិការណ៍ ក៏​ដូច​ជា​វេទិកា ដើម្បី​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​អាច​ចូល​រួម​ស្វែង​យល់​បង្កើន​ចំណេះ​ដឹង និង​សមត្ថភាព​អំពី​បច្ចេកវិទ្យា ពិត​ជា​ចាំ​បាច់​តម្រូវ​ឲ្យ​មាន ដូច​ករណី​ Digital Cambodia នេះ​ជា​ឧទាហរណ៍៕

អត្ថបទ៖ ទារិកា