សំណេររឿងខ្លី "សុំឆ្ងល់លេង" របស់អ្នកនិពន្ធ កែវ ច័ន្ទបូរណ៍ កំពុងបំផុសឲ្យមានការពិចារណា
- 2019-04-02 09:08:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណេររឿងខ្លី "សុំឆ្ងល់លេង" របស់អ្នកនិពន្ធ កែវ ច័ន្ទបូរណ៍ កំពុងបំផុសឲ្យមានការពិចារណា
ចន្លោះមិនឃើញ
អ្នកនិពន្ធ កែវ ច័ន្ទបូរណ៍ ប្រលោមលោកដ៏ល្បីឈ្មោះ ដែលបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេស គឺសហរដ្ឋអាមេរិកនោះ នៅរសៀលនេះ បានបញ្ចេញរឿងខ្លីមួយ ដោយអ្នកស្រីបានដាក់ចំណងជើងថា "សុំឆ្ងល់លេង"។ អត្ថន័យរបស់រឿងខ្លី អ្នកនិពន្ធបានបង្កប់សារអប់រំ លើទម្លាប់ដុតក្រដាស(លុយខ្មោច ឬលុយសែន)សែនដូនតា ឬកុងម៉ា ដែលភាគច្រើនបំផុតឃើញមាននៅក្នុងរដូវបុណ្យចូលឆ្នាំចិន និងពិធីមួយចំនួនទៀត។
និយាយពីទម្លាប់ "ដុតសែន" ក្រដាសប្រាក់(ក្រដាសប្រាក់ខ្មោច) ផ្ទះក្រដាស ឡាន ឬរបស់ប្រើប្រាស់ផ្សេងៗធ្វើពីក្រដាស តាមប្រពៃណីជនជាតិចិន មានបង្កប់អត្ថន័យថា នោះជារបៀបឧទ្ទិសជូនដល់សាច់ញាតិ ដូនតា ម៉ា កុង ដែលបានចែកឋាន ត្បិតថា ពួកគេត្រូវការរបស់ទាំងនោះ ប្រើប្រាស់ជាចាំបាច់ដែរ ចៀសវាងឲ្យពួកគេ ដើរអនាថា គ្មានផ្ទះសម្បែងជ្រកកោន និងគ្មានសម្ភារចាំបាច់នានាប្រើប្រាស់។
ចំណុចនេះ ខ្មែរយើងក៏មានទំនៀមទម្លាប់មួយដែរ ក្នុងការឧទ្ទិសអ្វីមួយជូនបុព្វការីជនដែលចែកឋាន ប៉ុន្តែប្រពៃណីរបស់ខ្មែរយើង គឺយករបស់ទាំងនោះ ទៅវេរប្រគេនព្រះសង្ឃ ជាបុគ្គលដែលមានពេញដោយធម៌វិន័យ ឲ្យជួយផ្សព្វផ្សាយបញ្ជូនបន្តទៅបុព្វការីជនដែលបានលះបង់លោកនេះ ទៅកាន់លោកខាងមុខ ជំនួសឲ្យការដុតបញ្ជូនទៅដោយផ្ទាល់ដូចប្រពៃណីជនជាតិចិន។
ជះត្រឡប់មកវិញលើការដុតសែនរបស់ទាំងនោះតាមប្រពៃណីជនជាតិចិន និងការវេរប្រគេនរបស់ទាំងឡាយតាមរយៈព្រះសង្ឃ ជាទំនៀមប្រពៃណីជនជាតិខ្មែរ ពួកគេជឿថា ក្រោយពីជីដូន ជីតា ម៉ា កុង បានទទួលរបស់របរទាំងនោះយកទៅប្រើប្រាស់រួចហើយ ពួកគេ(ដូនតា)នឹងរស់នៅសុខកាយសប្បាយចិត្ត ចុងក្រោយ នឹងងាកក្រោយឲ្យពរដល់កូនចៅ ញាតិសន្ដាន រកស៊ីមានបាន កើតមាស កើតប្រាក់ជាក់ជាមិនខាន។ ដូច្នេះហើយ ទើបនៅរដូវបុណ្យប្រពៃណីរបស់ជនជាតិដូចជា បុណ្យចូលឆ្នាំចិន ពិធីសែនក្បាលទឹកជាដើម គេឃើញបងប្អូនជនជាតិចិន ឬក៏បងប្អូនខ្មែរ ជាប់សែស្រឡាយចិន បាននាំដុតសែនរបស់ទាំងនោះ គ្រប់ៗគ្នា។
នៅត្រង់ទិដ្ឋភាពនេះ សំណេររបស់អ្នកនិពន្ធ កែវ ច័ន្ទបូរណ៍ លើរឿងខ្លីខាងក្រោម បានបំផុសគំនិតពិចារណា ទៅលើសកម្មភាពខាងលើថា ចំណេញ ឬខាត ត្បិតថា នោះជាក្រដាសសែនក៏ពិតមែន ប៉ុន្តែទាំងនោះ បានពីការប្រើប្រាស់លុយទៅទិញមកដែរ។ ដូច្នេះ តាមដាន និងពិចារណាលើសាច់រឿងខ្លីរបស់អ្នកនិពន្ធរូបនេះ ដែលអ្នកស្រីបានសរសេរជាវគ្គសន្ទនារបស់តួអង្គ២នាក់ គឺ សុក និង សៅ ទាំងអស់គ្នា!
រឿង សុំឆ្ងល់លេង
សុក ៖ សៅ! ឯងដុតលុយធ្វើអី? ក្រែងឯងកំពុងតែក្រ.. មិនមែនទេ?
សៅ ៖ លុយក្រដាសដុតសែនដូនតាតើហ្អ!
សុក ៖ លុយក្រដាស ក៏យកលុយទៅទិញ! ទិញបានហើយដុតចោល មិនអស់លុយទេ?
សៅ ៖ ដុតផ្ញើដូនតា អោយមានចាយនៅស្រុកលើ! ហើយដើម្បីសុំពរពីលោកអោយយើងឆាប់មានវិញ!
សុក ៖ អ្ហា៎ក! នៅស្រុកលើ ចាយលុយក្រដាស ដែរហ្អ? ម៉េចបានឯងដឹង?
សៅ ៖ ឮគេថាអញ្ចឹង!
សុក ៖ ដែលគេថាហ្នឹង! តើគេដឹងដំណឹងពីឋានលើមកវិញតាមណា?
សៅ ៖ អត់ដឹងទេវើយ!
សុក ៖ ហើយចុះនៅឋានលើ គេចាយតែលុយក្រដាស ដែលមនុស្ស ឋានក្រោមបោះពុម្ពទេ មែនទេ?
សៅ ៖ ហ្នឹងក៏ខ្ញុំអត់ដឹងដែរ! ធ្វើតែតាមគេថា!
សុក ៖ ហើយចុះដូនតាវិញ? បើព្រលឹងលោកសក្ដិសិទ្ធិមែនម៉េច ក៏មិនជប់លុយចាយខ្លួនឯងទៅ? ម៉េចចាំ បាច់អោយកូនចៅដុតផ្ញើអោយធ្វើអី?
សៅ ៖ ហ្នឹងក៏ខ្ញុំកាន់តែលែងដឹងទៀត!
សុក ៖ បើព្រលឹងដូនតាជប់លុយអោយខ្លួនឯងចាយមិនបានផង តើដូនតាមានសិល្បមន្ត អីនឹងជប់ទ្រព្យ ជប់លាភ អោយកូនចៅនៅ ឯឋានកណ្ដាលបានទៅ? គ្រាន់តែឆ្ងល់លេងទេ! ឯងកុំអន់ចិត្តអីណា៎!
សៅ ៖ អឺ! គ្នាអត់ដឹងដែរ! ចាំគ្នាសួរញាតិបន្តទៀតសិន! បើគ្នាដឹង ចាំប្រាប់ឯងវិញ៕