ស្រី​ស្អាត ជីជី ចេញ​មក​រកស៊ី​លក់​លៀស​ហាល ត្រូវ​គេ​ដៀល​ថា “ធ្លាក់​ខ្លួន”

  • 2019-04-03 05:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៅកែ​ហាង Spicy Shoup ស្រស់​ស្អាត ជីជី បាន​ចេញ​មុខ​លក់​លៀស​ហាល​យ៉ាង​ចំហ​នា​មួយ​រយៈ​ចុង​ក្រោយ​នេះ រហូត​ដល់​មាន​ពាក្យ​និន្ទា​ថា នាង​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​លៀស​ បើ​សូម្បី​តែ​ខ្លួន​ឯង​ជា​តារា​មួយ​រូប​ក្ដី។

តាម​ការ​បង្ហើប​របស់​កញ្ញា ជីជី ពាក្យ​និន្ទា​នេះ​នាង​ទទួល​បាន​ពី​ក្នុង​ចង្កោម​អ្នក​សិល្បៈ​របស់​នាង ក្រោយ​ពី​គេ​បាន​ឃើញ​នាង​ចេញ​មក​ផ្សព្វផ្សាយ​លក់​លៀស​ហាល​រាល់​ថ្ងៃ​នៅ​លើ​បណ្ដាញ​សង្គម។ យ៉ាង​ណា​ក៏​ដោយ ស្រី​ស្អាត មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ឡើយ​ថា ម្ចាស់​ប្រយោគ​និន្ទា​នាង​នោះ ជា​នរណា​ឡើយ។ ជីជី ថា មនុស្ស​ក្នុង​សិល្បៈ​ជាមួយ​គ្នា​នោះ បាន​និយាយ​ពី​នាង​ថា "ម៉េច​វា​ធ្លាក់​ខ្លួន​លក់​លៀស​ចឹង ធ្វើ​តារា​ទៅ​លក់​លៀស!”។

ទទួល​បាន​ប្រយោគ​នេះ ជីជី បាន​តប​វិញ ចំពោះ​​អ្នក​សិល្បៈ​មួយ​ចំនួន​នោះ ដែល​បាន​យក​នាង​ធ្វើ​ជា​ប្រធាន​បទ ស្រប​ពេល​ដែល​កំពុង​តែ​រវល់​រឿង​រក​ស៊ី។ "ចុះ​បើ​ខ្ញុំ​លក់​លៀស តើ​វា​ទើស​អ្នក​ត្រង់​ណា? ខ្ញុំ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​មាន គ្រប់​មុខ​របរ​សុចរិត​គឺ​សុទ្ធ​តែ​មាន​តម្លៃ? មុខ​របរ​ខ្ញុំ ញើស​ឈាម​ខ្ញុំ កម្លាំង​ខ្ញុំ ហើយ​ខ្ញុំ​លក់​លៀស​គឺ​មិនមែន​លក់​ខ្លួន​ដូច​អ្នក យល់​នៅ?”

ក្រោយ​ពី​ការ​ឆ្លើយ​តប​នេះ មិត្ត​រួម​អាជីព​ផ្សេង​ទៀត ដូច​ជា​លោក ហេង នរកក្កដា និង​ នៅ សុនិតា ដែល​គាំទ្រ​នាង បាន​ចូល​មក​លើក​ទឹក​ចិត្ត ត្បិត​ថា អ្វី​ដែល​នាង​បាន និង​កំពុង​ធ្វើ គឺ​ជា​របរ​ត្រឹមត្រូវ និង​សុចរិត។

រូបភាព៖ ហ្វេសប៊ុក ជីជី

ជីជី ត្រូវ​បាន​គេ​ឃើញ​ចេញ​មក​លក់​លៀស ប្រមាណ​ជា ២ខែ​មក​ហើយ ដោយ​លៀស​ហាល​របស់​នាង មាន​តម្លៃ ៥០០០​រៀល​ក្នុង​១​កំប៉ុង។ ក្រៅ​ពី​របរ​នេះ និង​អាជីព​សិល្បៈ ដោយ​ធ្វើ​ជា​ពិធីការិនី​នៅ​ទូរទស្សន៍​ស៊ីធីអិន ជីជី ក៏​ជា​ម្ចាស់​អាជីវកម្ម Spicy Shoup ដែរ ដែល​បាន​បើក​ដំណើរ​រយៈ ពេល​យូរ​មក​ហើយ។ ដោយ​ឡែក​អាជីវកម្ម​លក់​លៀស គឺ​នាង​លក់​នៅ​មុខ​ហាង​ស៊ុប​របស់​នាង​តែ​ម្ដង ដែល​មាន​ទីតាំង​នៅ​ម្ដុំ​ដេអិន៕

អត្ថបទ៖ ទារិកា