យុវជន៦រូបទទួលបានជយលាភី តែងអត្ថបទពីបញ្ហាសំរាម
- 2014-11-17 17:53:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជន៦រូបទទួលបានជយលាភី តែងអត្ថបទពីបញ្ហាសំរាម
ចន្លោះមិនឃើញ
យុវជន ៦ នាក់ ទទួលបានជយលាភី ផ្នែកតែងអត្ថបទឆ្នាំ២០១៤ ស្តីពីបញ្ហាសំរាម និងការទុកដាក់ថង់ប្លាស្ទិច ក្នុងប្រទេសកម្ពុជា ដែលកម្មវិធីនេះរៀបចំឡើង ដោយវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ។ ជើងឯកលេខ១ ទទួលបានមេដាយមាស លេខ២ ទទួលបានមេដាយប្រាក់ លេខ៣ មេដាយសំរិទ្ធិ និងជ័យលាភីលេខ៤ ដល់លេខ៦ ទទួលបានរង្វាន់លួងចិត្ត ព្រមទាំងអនុញ្ញាតឲ្យសិក្សានៅវិទ្យាស្ថាន ដោយមិនគិតថ្លៃលើមុខជំនាញមួយចំនួន។
យុវជន នូ ចាន់ណាន ជយលាភីលេខ១ មកពីវិទ្យាល័យខេត្តពោធិ៍សាត់ បានមានអារម្មណ៍រីករាយជាខ្លាំង ក្រោយពីទទួលបានមេដាយមាសផ្នែកតែងអត្ថបទ ស្តីពីបញ្ហាសំរាម និងថង់ប្លាស្ទិច។ យុវជនរូបនេះបានរៀបរាប់ថា ការសរសេរគឺជាចំណូលចិត្តរបស់លោក។ ម្យ៉ាងប្រធានបទសំរាម និងថង់ផ្លាស្ទិច គឺជាប្រធានបទដ៏ល្អមួយ ដោយសារបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរមួយចំនួននៅមិនទាន់មានការយល់ដឹងស៊ីជម្រៅ ពីការបោះចោលសំរាម និងផលប៉ះពាល់ នៃសារធាតុទាំងនោះចំពោះសុខភាពនៅឡើយ។
"អ្នកខ្លះគាត់បោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ និងយល់តែពីអត្ថប្រយោជន៍ ពេលប្រើថង់ប្លាស្ទិច តែប៉ុណ្ណោះ ប៉ុន្តែមិនបានគិតពីផលប៉ះពាល់ដល់សុខភាពនោះទេ។ ដូច្នេះខ្ញុំគិតថា ប្រធានបទខាងលើពិតជាមានសារៈសំខាន់ណាស់ សម្រាប់ខ្ញុំ ក្នុងនាមយុវជនម្នាក់ ដើម្បីឲ្យទីក្រុងរបស់យើងក្លាយជាទីក្រុងដ៏ស្រស់ស្អាត”។ យុវជន នូ ចាន់ណាន បន្ថែម។
“ខ្ញុំមានអារម្មណ៍ត្រេកអរជាខ្លាំងដែលទទួលបានជយលាភីលេខ២ ផ្នែកតែងអត្ថបទលើបញ្ហាសំរាម ព្រោះទាំងអស់នេះគឺកើតចេញពីការស្រលាញ់ ចូលចិត្ត។ ម្យ៉ាងវានឹងជួយជំរុញឲ្យមានការផ្សព្វផ្សាយពីគំនិត និងដំណោះស្រាយរបស់យើងលើបញ្ហាសង្គម ក៏ដូចជួយជំរុញដល់អ្នកដែលបានអានអត្ថបទមកចួលរួមជាមួយយើងផងដែរ”។ ទាំងនេះគឺជារៀបរាប់របស់យុវជន ឌុច ឡាលីន ជ័យលាភីលេខ២ មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ និងកំពុងត្រៀមសិក្សានៅឆ្នាំទី១ នៅសាកលវិទ្យាល័យ លើមុខវិជ្ជាសិក្សាអន្តរជាតិ។
បើតាម យុវជន ឌុច ឡាលីន យ៉ាងហោចណាស់មានមនុស្សពីរទៅបីនាក់បានអានអត្ថបទ ដែលលោកសរសេរ ជាជាងសរសេរអត្ថបទហើយទុកអានដោយខ្លួនឯង។ ក្នុងករណីនេះមានន័យថា នៅពេលដែលយើងមានការប្រគួតប្រជែងលើអត្ថបទមួយ ចង់មិនចង់ អត្ថបទយើងនឹងត្រូវបានផ្សព្វផ្សាយ ហើយមនុស្សដំបូងបង្អស់គឺគណៈកម្មាការនឹងបានអានអត្ថបទរបស់យើង ហើយករណី ដែលអត្ថបទយើងអាចឈ្នះ ពេលនោះហើយលទ្ធភាព នៃការផ្សព្វផ្សាយអត្ថបទ របស់យើងនឹងកាន់តែទូលំទូលាយជាងនេះទៅទៀត។
យុវជន ឌុច ឡាលីន បានបន្ថែមថា មិនមែនជាកំហុសឆ្គងនោះទេ ដែលសំរាមនៅរាជធានីភ្នំពេញកើនឡើង ព្រោះថា ប្រជាជនក្នុងរាជធានីមានការកើនឡើង។ ម្យ៉ាងសណ្តាប់ធ្លាប់ នៅក្នុងទីក្រុងមានលក្ខណៈស្មុកស្មាញ ដែលធ្វើឲ្យការទុកដាក់សំរាមមានរបៀបរៀបរយ។ ប៉ុន្តែទោះយ៉ាងណាប្រជាជនត្រូវយល់ដឹងពីបញ្ហាបរិស្ថាន និងចូលរួមទាំងអស់គ្នា ដើម្បីទីក្រុងស្អាត។
លោកបណ្ឌិត ហេង សុខប៊ីល តំណាងវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញបានប្រាប់ Sabay ថា នេះគឺជាលើកទី២ ហើយដែលវិទ្យាស្ថានបានរៀបចំកម្មវិធីប្រកួតប្រជែងអត្ថបទ លើបញ្ហាសំរាម និងថង់ផ្លាស្ទិចនេះ។ លោកថា វិទ្យាស្ថានបានធ្វើការផ្សព្វផ្សាយពីការប្រកួតប្រជែងនេះនៅតាមវិទ្យាល័យជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងទុកពេលរយៈពេលចំនួនពីរខែ ដើម្បីតាក់តែងអត្ថបទ ដោយបេក្ខជនអាចផ្ញើអត្ថបទ មកវិទ្យាស្ថានផ្ទាល់ ឬ E-mail ក៏បាន។ បន្ទាប់មកវិទ្យាស្ថានបង្កើតគណៈកម្មាធិការមួយ ដែលមានសមាសសភាពមកពីផ្នែកពាក់ព័ន្ធ ដើម្បីធ្វើការវាយតម្លៃ និងផ្តល់ពិន្ទុដល់អត្ថបទទាំងនោះ។
លោកបណ្ឌិត ហេង សុខប៊ីល បានបន្ថែម ការបង្កើតកម្មវិធី ដែលមានភ្ជាប់រង្វាន់លើកទឹកចិត្តដល់យុវជននេះ ជាដំបូងវិទ្យាស្ថានមានបំណងឲ្យយុវជនយល់ នឹងធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គម។ លោក ថាឥរិយាបថរបស់ពលរដ្ឋមួយចំនួន ចំពោះការទុកដាក់សំរាមនៅមិនទាន់មានភាពល្អនៅឡើយ ប៉ុន្តែអ្នកទាំងនោះកំពុងមានការភ្ញាក់រលឹក ខណៈសកម្មភាពជាច្រើនពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា៕
អត្ថបទ៖មៃ សុខលីម