លោក ឆាយ សុផល៖ និស្សិត​គួរ​មក​ទស្សនា ​មជ្ឈមណ្ឌល​រូប​ថត​កម្ពុជា ឲ្យ​បាន​ម្ដង​ក្នុង​ជីវិត​ជា​អ្នក​សិក្សា

  • 2019-04-04 07:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​ចង់​ឲ្យ​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​រយៈ​ពេល ៤ ទៅ ៥ឆ្នាំ នៅ​សាកលវិទ្យាល័យ ​គួរ​មក​មជ្ឈមណ្ឌល​នេះ​ឲ្យ​បាន​ម្ដង​ក្នុង​១ជីវិត​ជា​និស្សិត"។ នេះជា​ការ​លើក​ឡើង​របស់​ លោក ឆាយ សុផល ស្ថាបនិក​ និង​ជា​នាយក​មជ្ឈមណ្ឌល​រូប​ថត​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​ នៃ​ "មជ្ឈមណ្ឌល​រូប​ថត​កម្ពុជា" កាល​ពី​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​មេសា ឆ្នាំ ២០១៩។

ទន្ទឹម​គ្នា​នេះ​ផង​ដែរ “មជ្ឈមណ្ឌល​រូបថត​កម្ពុជា" នឹង​ក្លាយ​ទៅ​ជា​កន្លែង​ផ្ដល់​ឱកាស​ការងារ​ដល់​និស្សិត​ផង និង​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​ផង។ "និស្សិត​ទាំង​នោះ​អាច​នឹង​ក្លាយ​ជា​មគ្គុទ្ទេសក៍​ធ្វើ​ការ​បង្ហាញ​ដល់​ភ្ញៀវ​នៅ​ពេល​ចូល​ទស្សនា​មជ្ឈមណ្ឌល​រូបថត ប៉ុន្តែ​និស្សិត​ទាំង​នេះ ត្រូវ​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ផង​ដែរ"។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក ឆាយ​ សុផល។

លោក ឆាយ សុផល ស្ថាបនិក​ និង​ជា​នាយក​មជ្ឈមណ្ឌល​រូប​ថត​កម្ពុជា
លោក ឆាយ សុផល ធ្វើ​បទ​បង្ហាញ​ប្រាប់​ភ្ញៀវ​ដែល​បាន​ចូលរួម​ពិធីសម្ពោធ​បើក​ផ្លូវ​ការ​មជ្ឈមណ្ឌល​របស់​ខ្លួន

លោក​ ឆាយ សុផល ដែល​ជា​អ្នក​កាសែត​ជើង​ចាស់ បាន​លើក​ឡើង​ទៀថា "ក្រៅ​ពី​និស្សិត និង​មហាជន​ទូទៅ ​ភ្ញៀវ​បរទេស ដែល​បាន​មក​កម្សាន្ត​នៅ​ក្រុង​ភ្នំពេញ​ ដោយ​បាន​ទៅ​ទស្សនា​នៅ​គុក​ទួល​ស្លែង បឹង​ជើង​ឯក និង​រាជវាំង គួរ​តែ​មក​ទី​នេះ​ ដើម្បី​ស្វែង​យល់ ព្រោះ​ថា​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ច្រើន​ប្រទេស​គេ​ធ្វើ​របៀប​ហ្នឹង! ហើយ​នេះ​គឺជា​គោល​គំនិត​របស់​ខ្ញុំ​យូរ​ហើយ​ដែរ"។

ជា​សាស្រ្តាចារ្យ​ផង និង ជា​អ្នក​សរសេរ​សៀវភៅ​ផង លោក​ ឆាយ សុផល ក៏​បាន​លើក​ឡើង​ដែរ​ថា “នេះ​ជា​មជ្ឈមណ្ឌល​រូប​ថត​ និង​វីដេអូ​ឃ្លីប​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មូល​ហេតុ​ដែល​ហ៊ាន​អះអាង​បែប​នេះ ដោយ​សារ​កន្លង​មក​មាន​មជ្ឈមណ្ឌល​​ផ្សេង​ៗ​ដែរ ប៉ុន្តែ​ធ្វើ​ដាច់​ដោយ​ឡែកៗ ខ្លះ​ផ្ដោត​លើ​សិល្បៈ ខ្លះ​ផ្ដោត​លើ​សម័យ​កាល​ខ្មែរ​ក្រហម និង​ខ្លះ​ផ្ដោត​លើ​កសិកម្ម​សុទ្ធ។ ប៉ុន្តែ​មជ្ឈមណ្ឌល​រូប​ថត​កម្ពុជា​នេះ មាន​ភាព​ចម្រុះ​ដែល​បង្ហាញ​រឿង​រ៉ាវ​តាំង​ពី​សម័យ​កាល​ មុន​ឆ្នាំ​១៩៧០ មានន័យ​ថា រាប់​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម រហូត​មកដល់​បច្ចុប្បន្ន

ទាក់ទង​នឹង​បញ្ហា​នេះ លោក ជា ច័ន្ទបូរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ដែរ​ថា កាល​ពី​អតីតកាល បើ​យើង​ចង់​ដឹង​អំពី​ប្រវត្តិ​សាស្ត្រ​ គេ​ពឹង​ផ្អែក​ទៅ​លើ​កំណាយ សិលាចារឹក លើ​ប្រាសាទ និង​ស្លឹករឹត​ជាដើម។ ប៉ុន្តែ​នៅ​ពេល​មក​ដល់​សម័យ​បច្ចេកវិទ្យា​ គេ​កត់​សម្គាល់​ទៅ​លើ​រូប​ថត ដើម្បី​បង្ហាញ​ដល់​​សាធារណជន និង ជា​តម្រុយ​សម្រាប់​អ្នក​ស្រាវជ្រាវ ផងដែរ។

លោក ជា ច័ន្ទបូរិបូរណ៍ បាន​ឲ្យ​ដឹង​ទៀត​ថា មជ្ឈមណ្ឌល​រូបថត​កម្ពុជា នឹង​ក្លាយ​ទៅជា​កន្លែង​សិក្សា​ថ្មី​មួយ​ទៀត ហើយ​​លោក​បាន​អំពាវនាវ​ឲ្យ​យុវវ័យ​ ជា​ពិសេស​និស្សិត​គួរ​ចំណាយ​ពេល​មក​ទស្សនា​ ស្វែង​យល់​អំពី​ដំណើរ​ការ ​នៃ​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា។

មជ្ឈមណ្ឌល​រូប​ថត​កម្ពុជា គឺជា​កន្លែង​ដំបូង​គេ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា ដែល​បាន​ដាក់​តាំង​រូប​ភាព និង​រូប​វីដេអូឃ្លីប ចាស់-ថ្មី ស្ដីពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ នយោបាយ និង​បញ្ហា​សង្គម នៃ​ប្រទេស​កម្ពុជា ដោយ​សង្ខេប​ ដែល​កើត​មាន​តាំង​ពី​មុន​ឆ្នាំ ១៩៧០ មក​ដល់​បច្ចុប្បន្ន។ មជ្ឈមណ្ឌល​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ​ជា ២៣ម៉ឺន​ដុល្លារ ដែល​បាន​បង្កើត​ឡើង​ ​នៅ​ក្នុង​បុរី​សែនសុខ អគារ​លេខ ២០G ផ្លូវ​មហា G ភូមិ​វិមាន​ទ្រង់​ សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២គីឡូម៉ែត្រ ខាង​ជើង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា