ជនបរទេសធ្លាប់ល្បីពេញ FB ព្រោះច្រៀងភាសាខ្មែរ មានប្រវត្តិផ្នែកតន្រ្តីច្រើនស្មានមិនដល់

  • 2019-04-05 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​អូ​ស្រ្តា​លី​ម្នាក់​នេះ ​ធ្លាប់​ល្បី​ឈ្មោះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ FB ​ម្ដង​រួច​ហើយ ​ដោយសារ​តែ​ច្រៀង​ភាសា​ខ្មែរ​បាន​ពីរោះ និង​ច្បាស់​ល្អ។ ចម្រៀង​ដែល​ធ្វើ​ឲ្យ​ល្បី​ដំបូង​លើ​ប្រព័ន្ធ​ Online ​ ​គឺ​បទ ​"​បង​ស្រណោះ​សំ​ដី​" ដែល​មាន​អ្នក​ចូល​មើល​រាប់​ពាន់​ដង និង​ Share ​សន្ធឹក​សន្ធាប់​ផង​ដែរ។

ចុចអាន៖ ជនបរទស៣រូបនេះហើយ ធ្វើឲ្យកក្រើកពេញបណ្តាញសង្គម ពេលច្រៀងជាភាសាខ្មែរ

លោក​មាន​ឈ្មោះ​ថា Euan Gray ​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា តាំង​​ពី​ឆ្នាំ​២០១២ និង​បាន​រៀប​ការ​ជាមួយ​នារី​ខ្មែរ នៅ​ខេត្ត​បាត់​ដំបង ​​។ ​និយាយ​ទៅ ​លោក​ជា​មនុស្ស​ម្នាក់​ចូល​ចិត្ត​តន្ត្រី​ ហើយ​កាល​ពី​រស់​នៅ​អូ​ស្រ្តា​លី ​លោក​ថែម​ទាំង​មាន​ក្រុម​តន្ត្រី​ផ្ទាល់​ខ្លួន​មាន​ឈ្មោះ​ថា "​The Rooftops”​។ គិត​មក​ទល់​ពេល​នេះ លោក​បាន​ប្រឡូក​ក្នុង​ផ្នែក​តន្ត្រី​​មិន​តិច​ជាង​២០​ឆ្នាំ​ឡើយ។

នៅ​កម្ពុជា Euan Gray បាន​ចេញ​សម្ដែង​តន្ត្រី​ជា​ញឹក​ញាប់ ព្រម​ទាំង​បាន​បើក​ Studio មួយ​មាន​ឈ្មោះ​ថា "SongKites Studio” ផង​ដែរ។ ​​​ក្រៅ​ពី​ចេះ​ច្រៀង ​លោក​អាច​លេង​ឧបករណ៍​ Saxophone ​លេង​ហ្គី​តា ​បូក​រួម​ទាំង​ស្គរ ព្យា​ណូ ខ្លុយ ខ្លះ​​ថែម​ទៀត។ ​​ទាំង​នេះ​ហើយ ​បាន​ធ្វើ​ឲ្យ​​បុរស​ច្រមុះ​ស្រួច​រួប​នេះ ​ចាប់​ឱកាស​​ជា Judge ​ក្នុង​កម្មវិធី​តន្ត្រី​​ដំបូង​គេ​នៅ​កម្ពុជា គឺ Battle of the Band Cambodia។

​Euan Gray បាន​បញ្ចេញ​អារម្មណ៍​ផ្ទាល់​ជា​គណៈ​មេ​ប្រយោគ​ក្នុង​កម្មវិធី​នេះ ​ដែល​ធ្វើ​ឲ្យ​លោក​កាន់​តែ​អភិវឌ្ឍន៍​បាន​ច្រើន​លើ​ភាសា​ខ្មែរ និង Style ​ខ្មែរ​ផង​ដែរ។ ​លើស​ពី​នេះ ​លោក​អាច​យល់​ដឹង​ពី​ភាព​ខ្លាំង​និង​ខ្សោយ ​នៅ​ក្នុង​ឧស្សាហកម្ម​តន្ត្រី គន្លឹះ​រីក​ចម្រើន​ផ្នែក​តន្ត្រី​ថែម​ទៀត។ កម្មវិធី Battle Of the Band Cambodia ​បាន​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ក្រុម​ចម្រៀង ការ​លើក​ទឹក​ចិត្ត​ រួម​ទាំង​គំនិត​ច្នៃ​ប្រឌិត ​ការ​តាំង​ចិត្ត​ខ្ពស់ ដើម្បី​ឲ្យ​យុវជន​មាន​ឱកាស​បង្ហាញ​ជំនាញ​ផ្សេង​ៗ​គ្នា​ ក្នុង​ការ​សម្ដែង​ជា​ក្រុម។

លោក ជឿ​ជាក់​ថា​បាន​រៀន​សូត្រ​ច្រើន​ពី​កម្ម​វិធី​នេះ ។ ​ម្យ៉ាង​ទៀត​​លោក យល់​ថា ​តន្ត្រី​កើត​ឡើង​ពី​ភាព​​ច្នៃ​ប្រឌិត កម្សាន្ត និង​ចំណង់​ចំណូល​ចិត្ត​លាយ​បញ្ចូល​គ្នា។ ​ភាព​ជោគ​ជ័យ​ផ្នែក​នេះ ​ពេល​ខ្លះ​ត្រូវ​ធ្វើ​ឲ្យ​ស្រប​ជាមួយ​​នឹង​ទេព​កោសល្យ និង​ត្រូវ​រក្សា​តម្លៃ​ខ្លួន​ឯង​ឲ្យ​ខ្ពស់​ជា​និច្ច​។

​ក្នុង​នាម​ជា​​អ្នក​ធ្លាប់​ប្រឡូក​ផ្នែក​តន្ត្រី​យូរ​ឆ្នាំ Euan Gray ចង់​ឲ្យ​ក្រុម​​តន្ត្រី​ដែល​ចូល​ចិត្ត​លេង​បែប​ខ្លាំង​ៗ​រហូត​នោះ ងាក​មក​រក​អ្វី​ថ្មី​ប្លែក បើ​មិន​ដូច្នេះ​ទេ ​អ្នក​គាំ​ទ្រ​នឹង​ឈប់​មើល​ការ​សម្ដែង​របស់​អ្នក​ទៀត​ហើយ។ ​អ្នក​ត្រូវ​ចេះ​រក​អ្វី​ប្លែក មិន​ច្រំ​ដែល បើ​ធ្លាប់​តែ​លេង​បែប​ខ្លាំង​ៗ គួរ​ប្ដូរ​ជា​ទន់​ភ្លន់ បែប​ស្វាហាប់​វិញ។ ជា​ក្រុម​ អ្នក​ត្រូវ​រៀន​បង្ហាញ​ភាព​អស្ចារ្យ​ជាមួយ​គ្នា លាយ​មនោសញ្ចេតនា​ជាមួយ​គ្នា​ផ្ទាល់​តែ​ម្ដង នោះ​អ្នក​ទស្សនា​នឹង​មាន​អារម្មណ៍​ដូច​គ្នា​។ ​ក្រុម​តន្ត្រី គួរ​ធ្វើ​ខ្លួន​ឲ្យ​ធូរ​ស្រាល​ និង​បង្កើត​ទំនាក់​ទំនង​ជាមួយ​មនោសញ្ចេតនា ហើយ​ព្យាយាម​បញ្ចេញ ​ពេល​លេង​តន្ត្រី​របស់​អ្នក៕​

រូបថត៖ ផ្តល់ឲ្យ

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី