ចាន់​ ប៊ុនហឿន​ ធ្វើ​ការ​ធ្ងន់ល្ងាច​នេះ​ប៉ះ​ ឆោកឈៃ​ នៅ​សង្វៀន​បាយ័ន​

  • 2019-04-05 03:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​កំពុង​ល្បីឈ្មោះ​ ចាន់​ ប៊ុនហឿន​ នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់ល្ងាច​នេះ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ល្អ​ជង្គង់​ ឆោកឈៃ​ ។​

ចាន់ ប៊ុនហឿន​

កីឡាករ​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ស្ពឺ​ខាង​លើ​នេះ​ ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​តាំង​ពី​ប្រកួត​ខ្សែក្រវាត់​ជា​មួយ​ ឡៅ​ ចិត្រា​ រួចមក។​ ប៊ុនហឿន​ ជា​អ្នក​ប្រដាល់​កម្រ​ចាញ់​របស់​កម្ពុជា​ជា​ពិសេស​ជំនួប​មិត្តភាព​អន្តរជាតិ​នា​ពេល​កន្លង​មក។​

កូន​សិស្ស​លោក​ ឯម​ វុត្ថា​ ខាង​រូប​នេះ​គឺ​មាន​ស្នៀត​ល្អ​ច្រើន​ ដូច​ជា​ ពូកែ​ទាត់​ជើង​ក្រោម​ មាន​បច្ចេកទេស​វ៉ៃ​កែង​ល្អ​ ស្រប​ពេល​ចាប់​វ៉ៃ​ជង្គង់​ក៏​ប្រើ​បាន​ល្អ​ទៀត​ផង។​ ផ្លែ​មួយ​ៗ​របស់​ ប៊ុនហឿន​ គឺ​ធ្ងន់​ សូម្បី​ ឡៅ​ ចិត្រា​ ក៏​បញ្ជាក់​បែប​នេះ​ដែរ។​

ចាន់ ប៊ុនហឿន​

ការ​ប៉ះ​ជា​មួយ​កីឡាករ​ ឆោកឈៃ​ លើក​នេះ​ក៏​មិន​ស្រួល​ដែរ​សម្រាប់​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​ ព្រោះ​​អ្នក​ណា​មិន​ល្បី​ថៃ​រូប​នេះ​ពូកែ​ដើរ​បុក​ មាន​កម្លាំង​ខ្លាំង​ ស្នៀត​ពិសេស​មួយ​ទៀត​នោះ​ គឺ​ចាប់​កាច់​វ៉ៃ​ជង្គង់​លើ​ដៃគូ។​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ អ្នក​លេង​គុន​ថៃ​រូប​នេះ​ ធ្លាប់​ប៉ះ​អស់​ហើយ​អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​កម្ពុជា​ ផល​ សោភ័ណ្ឌ​ ឡៅ​ ចន្រ្ទា​ មាជ​ សុខរ៉ា​ មឿន​ សុខហ៊ុច​ ចាន់​ ប៊ុនលាភ​ ជា​ដើម។​

ឆោកឈៃ ខៀវ

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ល្ងាច​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៧​យប់​តទៅ។​ ធន់​ ចាន់តាក​ ប៉ះ​ Janwath Keathkhamthorn​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​ Kg​ ខណៈ​ ចាន់​ ប៊ុនហឿន​ ប៉ះ​ Chhork Chhai​ ៦៣,៥​ Kg​ ដូច​គ្នា​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី