នាយ​គ្រឿន ថា ទោះ​ខឹង​យ៉ាង​ណា ឪពុក​ម្ដាយ​សូម​កុំ​ដល់​ថ្នាក់​បណ្ដាសា​កូន

  • 2019-04-06 04:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“គ្រូ​ទាយ ម្ដាយ​ថា" គឺ​ជា​ពាក្យ​តំណាល​ត​ៗ​គ្នា បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ពាក្យ​ទំនាយ​របស់​ឪពុក​ម្ដាយ ដែល​អាច​ជាក់​ច្បាស់​ដូច​ពាក្យ​របស់​គ្រូទាយ។ ដូច្នេះ​ហើយ បើ​ចៀស​បាន នាយ​គ្រឿន​ថា ឪពុក​ម្ដាយ​ទោះ​ខឹង​យ៉ាង​ណា កុំ​ដល់​ថ្នាក់​ដាក់​បណ្ដាសា​លើ​កូន។

តារា​កំប្លែង​ប្រជាប្រិយ បាន​លើក​ឡើង​ថា ការ​ដាក់​ទំនាយ ឬ​បណ្ដាសា​លើ​កូន​ពី​ឪពុក​ម្ដាយ គឺ​អាច​ឲ្យ​កូន​​ជួប​តែ​រឿង​ស៊យ​ពិត​មែន ធ្វើ​អ្វី​ៗ​មិន​សូវ​បាន​សម្រេច ដែល​ទាំង​នេះ​លោក​ឃើញ និង​បាន​លឺ​ត​ពី​ចាស់​មក។ លោក​បន្ត​ថា ការ​ជេរ​ដាក់​បណ្ដាសា​របស់​ឪពុក​ម្ដាយ ទោះ​ដោយ​ចេតនា ឬ​អចេតនា​ក៏​ដោយ វា​អាច​ឲ្យ​កូន​ជួប​តែ​ស៊យ​មួយ​ជីវិត។

"ហើយ​អា​រឿង ស៊យ​អី​ហ្នឹង គឺ​វា​មាន​គ្រប់​ទី​កន្លែង គ្រប់​សម័យ​ណា​ក៏​ឃើញ​ដែរ អីចឹង​ហើយ ទោះ​ខឹង​យ៉ាង​នា គេ​មិន​ឲ្យ​ដាក់​បណ្ដាសា​កូន ព្រោះ​អា​ការ​ដាក់​បណ្ដា​សា​កូន​ហ្នឹង វា​មិន​ល្អ​ អីចឹង​ណា​បង!”។ នាយ គ្រឿន បន្ថែម។ ផ្អែក​លើ​ការ​មើល​ឃើញ​ជាក់ស្ដែង លើ​ចំណុច​ខាង​លើ ទើប​តារា​កំប្លែង និង​ជា​អ្នក​និពន្ធ ព្រម​ទាំង​ដឹកនាំ​រឿង​ផង​រូប​នេះ បាន​សរសេរ​ឡើង​នូវ​ខ្សែ​រឿង "ជួប​ស៊យ" តាំង​ពី​ឆ្នាំ ២០១៦ មក។

ត្បិត​ថា​ភាពយន្ត​នេះ ជា​រឿង​កំប្លែង​សើច​សប្បាយ ប៉ុន្តែ​មួយ​ផ្នែក គឺ​នាយ​ចង់​ឆ្លុះ​បង្ហាញ​មួយ​ចំណុច អំពី​រឿង​ដែល​កើត​មាន​ពិត​នៅ​ក្នុង​សង្គម និង​មាន​គ្រប់​សម័យ​កាល នោះ គឺ​មនុស្ស​ស៊យ ចង្រៃ។

ដូច្នេះ​ហើយ ​នាយ​លើក​ឡើង​ថា ទោះ​ជា​ពាក្យ​ទំនាយ​របស់​អ្នក​មាន​គុណ ជាក់​ច្បាស់ ឬ​មិន​ច្បាស់​យ៉ាង​ណា គួរ​កុំ​ដាក់​វា​ទៅ​លើ​កូន​ៗ ព្រោះ​វា​អាច​ឲ្យ​កូន​ៗ​ជួប​តែ​រឿង​មិន​សម​ប្រកប​ក្នុង​ឆាក​ជីវិត។ រឿង "ជួប​ស៊យ​វគ្គ១" កាល​ពី​ឆ្នាំ ២០១៦ គឺ​ជា​ស្នាដៃ​ដឹក​នាំ​រឿង​ដំបូង​បំផុត​របស់ តារា​កំប្លែង​មក​ពី​ខេត្ត​ស្វាយ​រៀង ប៉ុន្តែ​ក៏​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន។

ដោយ​សារ​តែ​បែប​នេះ ទើប នាយ​គ្រឿន បាន​បន្ត​មក​សរសេរ​ជា​សេណារីយ៉ូ​កុន និង​ថត​រហូត​ចប់​រួច​រាល់​ទៀត នូវ​ខ្សែ​ភាពយន្ត "ជួប​ស៊យ​២"។ ភាពយន្ត​ទី​៥ របស់​នាយ​គ្រឿន​នេះ ទើប​បាន​បើក​សម្ពោធ​ល្ងាច​មិញ​នៅ​ផ្សារ​ទំនើប​អ៊ីអន២ និង​ត្រៀម​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី ១១ មេសា ត​ទៅ​នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ៗ​នៅ​រាជធានី។ រឿង​នេះ​ចូល​រួម​សម្ដែង​ដោយ នាយ គ្រឿន ផ្ទាល់ កញ្ញា គៀត សុវណ្ណា​ឡាង លោក វុធ ថុង ទេព រិនដារ៉ូ និង ប៉ែន សុផានី ជា​ដើម។

ផ្អែក​លើ​កម្រិត​ជោគជ័យ​លើ​រឿង "ជួប​ស៊យ​វគ្គ១" អ្នក​ដឹកនាំ​រឿង គ្រឿន មាន​ការ​រំពឹង​ទុក​ថា រឿង "ជួប​ស៊យ២" អាច​នឹង​មាន​ការ​គាំទ្រ​ច្រើន​ជាង​វគ្គ​ទី​១​ទៅ​ទៀត៕

អត្ថបទ៖ ទារិកា