ស្ងើច​ក្មេង​ប្រុស​ម្នាក់​ដៃ​ម្ខាង​កាន់​លុយ​ ម្ខាង​​កាន់​​​មាន់​សុំ​ពេទ្យ​​សង្គ្រោះ​កូនមាន់​ដែល​កង់​ខ្លួន​កិន

  • 2019-04-07 05:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​អាយុ ៦ ឆ្នាំ​ម្នាក់​មក​ពី Sairang ប្រទេស​ឥណ្ឌា​​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​​ជា​ច្រើន​នាក់​​​ចាប់ចិត្ត នៅ​ពេល​កុមារ​តូច​ព្យាយាម​ជួយ​សង្គ្រោះ​កូន​មាន់​ដែល​រត់​ចូល​កង់​របស់​គេ​ដោយ​ចៃដន្យ។

Derek Lalchhanhima អាយុ​៦​ឆ្នាំ​ត្រូវ​បាន​គេ​ថត​​នៅ​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ ដៃ​កាន់​កូន​មាន់​ដែល​ផុត​ជីវិត​ទៅ​ហើយ និង ដៃ​ម្ខាង​ទៀត​កាន់​ក្រដាស​ប្រាប់ ១០ រូពី (ប្រហែល ៥០០ រៀល)។ នេះ​បើ​តាម AsiaOne រាយការណ៍។

យោងតាម​សារព័ត៌មាន The News Mill ឪពុក​របស់​ក្មេង​ប្រុស​នេះ គឺ​លោក Dhiraj Chhetri បាន​និយាយ​ថា​កូនប្រុស​របស់​គាត់​បាន​សុំ​ឱ្យ​ជូន​គេ​ទៅ​មន្ទីរពេទ្យ។ ប៉ុន្តែ​គាត់​បាន​ប្រាប់​ឲ្យ​កូន​ប្រុស​គាត់​ទៅ​ដោយ​ខ្លួន​ឯង។

ដោយ​មិន​បង្អង់​យូរ កុមារ​តូច​បាន​កាន់​កូន​មាន់​អ្នក​ជិតខាង​ដែល​ងាប់​ទៅ​ហើយ ជាមួយ​នឹង​លុយ​ ១០ រូពី​ទៅ​មន្ទីរពេទ្យ​​ដែល​នៅ​ក្បែរ។

ក្រោយ​មក​ក្មេង​ប្រុស​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ​យំ​​ខ្សឹកខ្សួល ហើយ​បាន​និយាយ​ថា ពេទ្យ​មិន​អាច​ជួយ​កូន​មាន់​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បាន​ត្រឹម​ថត​រូប​គាត់។

បន្ទាប់​មក​ឪពុក​របស់ Derek​បាន​ពន្យល់​ប្រាប់​កូន​ថា កូន​មាន់​បាន​ស្លាប់​ហើយ រីឯ​មន្ទីរ​ពេទ្យ​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ស្តារ​ជីវិត​វា​ឡើង​វិញ​ដែរ។

ឪពុក​របស់ Derek បាន​កត់​សម្គាល់​ថា​ លោក​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​​ការ​អាណិត​បែប​នេះ​មាន​នៅ​ក្នុង​ខ្លួន​កូនប្រុស​របស់​​លោក៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខ លាងហ៊ត