មក​ទល់​ពេល​នេះ មាន​តែ​ ៤​ក្រុម​ទេ​ដែល​កក់​កៅអី​ UCL រដូវ​កាល​ក្រោយ

  • 2019-04-08 10:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​គេហទំព័រ​ផ្លូវការ​របស់​ UEFA បាន​បញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃ​ទី០៨​ ខែ​មេសា​ មាន​តែ​ក្លឹប​ចំនួន​ ៤​ប៉ុណ្ណោះ​ក្នុង​ទ្វីប​អឺរ៉ុប​ដែល​ធានា​បាន​កៅអី​វគ្គ​ជម្រុះ​ពូល​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​។ ក្លឹប​ទាំង​ ៤​នោះ​មាន​ដូច​ជា​ ក្លឹប​នៃ​លីគ​កំពូល​អេស្ប៉ាញ Barcelona ក្លឹប​អង់គ្លេស​ Liverpool ក្លឹប​យក្ស​បារាំង​ Paris Saint-Germain និង​ក្លឹប​យក្ស​អ៊ីតាលី​ Juventus។

ក្លឹប​ Barcelona នៅ​ពេល​នេះ​ដែរ​ កំពុង​តែ​ឈរ​កំពូល​តារាង​នៃ La Liga និង​នៅ​សល់​ ៧​ប្រកួត​ទៀត​ ហើយ​មាន​ ៧៣​ពិន្ទុ ដែល​ឃ្លាត​ ១៣​ពិន្ទុ​ពី​ក្រុម​លេខ ៣​ Real Madrid និង​ឃ្លាត​ ២៣​ពិន្ទុ​ពី​ក្រុម​លេខ​ ៤​ Getafe។ ហេតុ​នេះ​ហើយ​ ប្រសិន​បើ​ក្លឹប​កាតាឡាន់​មួយ​នេះ​ភ្លាត់​ចាញ់​ប្រកួត​ដែល​នៅ​សល់​ ហើយ​Real Madridឬ Getafe ឈ្នះ​គ្រប់​ប្រកួត​ក៏​ដោយ ក៏​ Barcelona​នៅ​តែ​ឈរ​លើ​ចំណាត់ថ្នាក់​លេខ​ ៣​ដែរ។

ក្លឹប​ Liverpool វិញ​ នៅ​ពេល​នេះ​លេង​បាន ៣៣​ប្រកួត​ហើយ​ក្នុង​ Premier League។ ក្លឹប​មួយ​នេះ​កំពុង​តែ​ឈរ​លើ​កំពូល​តារាង​ ដោយ​មាន ៨២​ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្រុម​លេខ​ ៣​ Tottenham Hotspur មាន​ ៦៤​ពិន្ទុ និង​ក្រុម​លេខ​ ៤​ Arsenal មាន​ ៦៣​ពិន្ទុ ដែល​ក្រុម​ទាំង​ពីរ​នេះ​លេង​បាន ៣២​ប្រកួត។ ប៉ុន្តែ​ស្រដៀង​គ្នា​នឹង​ Barcelona ដែរ​ យ៉ាង​ហោច​ណាស់​ក៏​ Liverpool នៅ​ឈរ​លេខ​ ៣​ដែរ​ បើ​សិន​ជា​ពួក​គេ​ចាញ់​ ៥​ប្រកួត​ដែល​នៅ​សល់។

ងាក​មក​មើល​នៅ​អ៊ីតាលី​វិញ Juventus ដាច់​ផឹង​ពី​ Top 4 តាំង​ពី​មុន​បញ្ចប់​ខែ​មីនា ហើយ​ក្លឹប​សេះបង្កង់​នេះ​ ឈរ​លើ​កំពូល​តារាង​ ដោយ​មាន ៨១​ពិន្ទុ​ ខណៈ​ក្រុម​លេខ ២ Napoli មាន ៦៤​ពិន្ទុ ហើយ​ Inter Milan នៅ​លេខ ៣​ មាន​ ៥៧​ពិន្ទុ។ ដូច្នេះ​ហើយ​ Juventus ហោច​ណាស់​ក៏​ធ្លាក់​មក​លេខ​ ២​ដែរ ប្រសិន​បើ​ ៧​ប្រកួត​ទៀត​ ពួក​គេ​បរាជ័យ។

ចំពោះ​ Paris Saint-Germain វិញ​ ក្លឹប​មួយ​នេះ ប៊ិះ​នឹង​លើក​ពាន​ទៅ​ហើយ​ បើ​សិន​ជា​ឈ្នះ​ Strasbourg កាល​ពី​យប់​ថ្ងៃ​អាទិត្យ។ ក្លឹប​យក្ស​បារាំង​នេះ​ លេង​បាន​ ៣០​ប្រកួត​ទេ​ តែ​មាន​ ៨១​ពិន្ទុ​ទៅ​ហើយ ខណៈ​ក្រុម​លេខ​ ២ Lille លេង​បាន ៣១​ប្រកួត​ ហើយ​មាន​តែ​ ៦១​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ UEFA   អត្ថបទ៖ សេរី មង្គល