Klopp​ ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ Bayern ចង់​បាន​រូប​ខ្លួន

  • 2019-04-08 12:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​បដិសេធ​ពី​ការ​ផ្លាស់​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​អាល្លឺម៉ង់​វិញ ដោយ​ដឹកនាំ​ក្លឹប​យក្ស Bayern Munich ខណៈ​ខ្លួន​ពេញ​ចិត្ត​នឹង​បង្វឹក​ក្លឹប​ហង្ស​ក្រហម​នៅ​លីគ​កំពូល​អង់គ្លេស។

ការ​បដិសេធ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​លើកឡើង​របស់​វីរបុរស​បាល់ទាត់​ និង​អតីត​ប្រធាន​ក្លឹប​ Bayern Munich លោក Franz Beckenbauer ដែល​ថា​ អតីត​គ្រូ​បង្វឹក​ក្លឹប​ Borussia Dortmund រូប​នេះ​សក្ដិសម​នឹង​ដឹកនាំ​ក្លឹប​ Bayern Munich។

Klopp បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Welt ថា៖ " ខ្ញុំ​មាន​កុងត្រា​ជាមួយ​ Liverpool ដល់​ឆ្នាំ២០២២ ហើយ​គ្មាន​នរណា​នៅ​ទីនេះ​គិត​ថា​ចង់​ចែក​ផ្លូវ​ជាមួយ​គ្នា​ទេ។ Franz គាត់​គ្រាន់​តែ​និយាយ​ចោល ហើយ​គាត់​អត់​ទាំង​ខ្វល់​ពី​រឿង​នេះ​ផង​ " ។

កាល​ពី​ខែ​មីនា​កន្លង​ទៅ Klopp បាន​ដឹកនាំ​កូន​ក្រុម​របស់​លោក​ យក​ឈ្នះ​ក្លឹប​ Bayern Munich ក្នុង​លទ្ធផល​ ៣-១ នៅ​ទឹកដី​អាល្លឺម៉ង់​ ហើយ​ឡើង​ទៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ​ UEFA Champions League ។

ក្រៅ​ពី​នេះ លោក​ Jurgen Klopp ក៏​បាន​និយាយ​ថា​ លោក​នៅ​តែ​គាំទ្រ​ក្លឹប​ Borussia Dortmund ដោយ​លោក​ និង​ជំនួយការ​របស់​លោក អាសា​តាម​ដាន​ប្រកួត​របស់​ក្លឹប​មួយ​នេះ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី