​យុវជន De Jong ​លេង​ល្អ​មែន​យប់មិញ ​ជាប់ Man of The Match ​

  • 2019-04-11 03:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន De Jong ​បាន​បង្ហាញ​សមត្ថភាព​ល្អ​មែនទែន ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Juventus ​នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១ ​នៅ​ទឹក​ដី​ហុល្លង់។

ត្បិត​មិន​អាច​រក​គ្រាប់​បាល់​បាន​មែន ​ប៉ុន្តែ​កីឡាករ​វ័យ​២១​ឆ្នាំ ៣៣៣​ថ្ងៃ​នេះ ​បាន​ញាក់​បាល់​ជោគជ័យ​១០០​% ​ប៉ះ​បាល់​បាន​១១៧​ដង ​បញ្ជូន​ជោគជ័យ​បាន​៩០​% ​និង​ដណ្ដើម​បាល់​បាន​ជោគជ័យ​៧៥​%។ ​ស្ថិតិ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ​ហើយ បាន​ធ្វើ​ឱ្យ De Jong ​ជាប់​ឈ្មោះ​ជា Man of The Match ​បើ​ទោះ​ជា​រូបគេ​មិន​អាច​រក​គ្រាប់​បាល់​បាន​ក៏​ដោយ។

កីឡាករ​ដែល​នឹង​ទៅ​លេង​នៅ​ក្លឹប Barcelona ​រដូវ​កាល​ក្រោយ ​ធ្លាប់​បាន​និយាយ​ថា​រូបគេ​ចង់​លេង​ទល់ Ronaldo ​ក្នុង​ទីលាន ​ហើយ​យប់មិញ​នេះ​គឺ​បំណង​ប្រាថ្នា​របស់​ខ្លួន​បាន​សម្រេច​ហើយ។ ដោយ​ឡែក​លទ្ធផល​វិញ ​ក៏​មិន​អាក្រក់​ដែរ ពោល​គឺ Ajax ​លេង​គ្រប​ទៅ​លើ Juventus ​ដោយ​ព្យាយាម​ស៊ុត​ច្រើន ​បង្កើត​ឱកាស ប៉ុន្តែ​សំណាង​មិន​ទាន់​មក​ដល់ ​រក​បាន​ត្រឹម​១​គ្រាប់​ស្មើ​គ្នា​ប៉ុណ្ណោះ។ ​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​កាត់​សេចក្ដី​យក​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​សប្ដាហ៍​ក្រោយ ​ទឹក​ដី​អ៊ីតាលី​ម្ដង៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ មុន្នីរម្យ