សេដ្ឋី​បច្ចេកវិទ្យា ៥ រូប ជិះ​តែ​រថយន្ត​ធុន​ទាប មិន​ឡើង​ស៊េរី​ដូច​គេ​ដូច​ឯង

  • 2019-05-01 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គល​ជោគជ័យ​មួយ​ចំនួន​ ហាក់​មាន​ការ​សន្សំសំចៃ​ខ្ពស់ ដោយ​បន្ត​ជិះ​រថយន្ត​តម្លៃ​ថោក​ត្រឹម ១ មុឺន​ទៅ ២ មុឺន​ដុល្លារ។

១. Warren Buffett

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Berkshire Hathaway ទម្លាប់ពុំ​ដែល​ចំណាយ​លុយ​លើស ៣,១៧ ដុល្លារ​ឡើយ​លើ​អាហារ​ពេល​ព្រឹក។ ទាំង​ការ​រស់​នៅ​ក៏​មិន​ខុស​គ្នា ផ្ទះ​ដែល​លោក​ទិញ​កាល​ពី​ឆ្នាំ ១៩៥៨ មាន​តម្លៃ ៣១ ៥០០ ដុល្លារ ទុក​ស្នាក់អាស្រ័យ​មក​ទល់​ពេល​បច្ចុប្បន្ន។

នៅ​ឆ្នាំ ២០១៤ របាយការណ៍​មួយ​ធ្លាប់​បាន​ចុះ​ផ្សាយ សេដ្ឋី​វ័យ ៨៧ ឆ្នាំ រូប​នេះ បាន​ទិញ​រថយន្ត Cadillac XTS ថ្លៃ​ប្រហែល ៤៥ ០០០ ដុល្លារ ប្តូរ​ពី​ស៊េរី​ចាស់ Cadillac DTS ឆ្នាំ ២០០៦ ក្រោយ​កូន​ស្រី​ទទូច​ថា​មាន​ការ​ខ្មាសអៀន។

២. Mark Zuckerberg

ស្ថាបនិក​ក៏​ដូច​ជា​នាយក​ប្រតិបត្តិ Facebook លោក Zuckerberg បាន​បង្កើត​បណ្តាញ​សង្គម​ធំ​ជាង​គេ​បំផុត​ក្នុង​លោក ប៉ុន្តែ​ទៅ​មើល​រថយន្ត​ដែល​ជិះ​ថ្លៃ​ត្រឹម ៣០ ០០០ ដុល្លារ​ម៉ាក Acura TSX។

ក៏​មាន​រថយន្ត​ថ្លៃ​ប្រហែល​គ្នា​ផ្សេង​ទៀត Volkswagen GTI។ ការ​សម្រេច​ទិញ​រថយន្ត​ធូរ​ថ្លៃ​បែប​នេះ​ លោក​លើក​​ហេតុផល​ដូច្នោះ​ថា៖ "ដោយ​សារ​កត្តា​សុវត្ថិភាព, ងាយស្រួល និង​មិន​ចង់​សម្ញែង​ខ្លាំង​ពេក"។

៣. Alice Walton

ជា​កូន​ស្រី​ស្ថាបនិក​ក្រុមហ៊ុន Wal-Mart លោក Sam Walton បច្ចុប្បន្ន​ស្រ្តី​វ័យ ៦៨ ឆ្នាំ​រូប​នេះ ក៏​កាន់​មុខ​តំណែង​ធំ​នៅ​ក្រុមហ៊ុន​អាមេរិក​នោះ​ផង​ដែរ។ រថយន្ត​ដែល​អ្នក​ស្រី​ជិះ​មាន​តម្លៃ ៤០ ០០០ ដុល្លារ​ម៉ាក Ford F-150 King Ranch សេរ៊ី​ឆ្នាំ ២០០៦។​

៤. Ingvar Kamprad

ស្ថាបនិក​ក្រុមហ៊ុន Ikea លោក Ingvar Kamprad ជា​មនុស្ស​ទម្លាប់​​មិន​សូវ​ចាយ​លុយ​ខ្ជះខ្ជាយ​លើ​របស់​ដែល​មិន​ចាំ​បាច់។ កាល​លោក​ទិញ​រថយន្ត Volvo 240 GL ឆ្នាំ ១៩៩៣ ថ្លៃ ២២ ០០០ ដុល្លារ ប៉ុន្តែបច្ចុប្បន្ន​​រថយន្ត​សេរ៊ី​ទាប​នោះ លក់​បាន​តែ​ជាង​ប៉ុន្មាន​ពាន់​ដុល្លារ​ប៉ុណ្ណោះ។

៥. Steve Ballmer

អតីត​នាយក​ប្រតិបត្តិ Microsoft និង​បច្ចុប្បន្ន​ម្ចាស់​ក្រុមហ៊ុន Los Angeles Clippers មួយ​ជីវិត​ លោក​ជិះ​តែ​រថយន្ត Ford ​ព្រោះ​ឪពុក​ជា​នាយក​នៃ​ក្រុមហ៊ុន Ford Motor Company។ រថយន្ត​ដែល​លោក​ជិះ គឺ​ទិញ​នៅ​ឆ្នាំ ២០០៩ ម៉ាក Ford Fusion Hybrid មាន​តម្លៃ​តែ ២៨ ០០០ ដុល្លារ​ប៉ុណ្ណោះ៕

អត្ថបទ៖ កៅ រក្សា