សាំង​ធម្មតា​ និងសាំង​ស៊ុបពែរ​​ មាន​ចំណុច​ពិសេស​​ និង​គុណសម្បត្តិ​ ខុស​គ្នា​បែបណា?

  • 2019-05-01 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​យានយន្ត​ភាគ​ច្រើន​ដែល​ចាក់​ប្រេង​ឥន្ធនៈ ប្រាកដ​ជា​ដឹង​ហើយ​ថា ប្រភេទ​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​ប្រេង​ស្រុក​ខ្មែរ​ភាគ​ច្រើន​មាន ៣ ប្រភេទ គឺ ម៉ាស៊ូត (Diesel) សាំង​ធម្មតា (Regular Unleaded Fuel) និង​សាំង​ស៊ុបពែរ (Super/Premium Unleaded Fuel)។ ក្នុង​នោះ សាំង​ធម្មតា​ និង​សាំង​ស៊ុបពែរ មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​គេ ព្រោះ​ឲ្យ​តែ​យានយន្ត​ដែល​មាន​ម៉ាស៊ីន​សាំង សុទ្ធ​តែ​អាច​ចាក់​សាំង​ប្រភេទ​ទាំង​ពីរ​នេះ។ ប៉ុន្តែ​សាំង​ស៊ុបពែរ​ មាន​តម្លៃ​ថ្លៃ​ជាង​សាំង​ធម្មតា​លើ​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន។

ភាព​ខុស​គ្នា​រវាង​ សាំង​ធម្មតា​ និង​សាំង​ស៊ុបពែរ គឺ​កម្រិត​អ៊ុកតាន Research Octane Number (RON) ដែល​មាន​នៅ​ក្នុង​សាំង​ទាំង​ពីរ​ប្រភេទ។ សាំង​ធម្មតា​មាន​កម្រិត​អ៊ុកតាន ៩៥ រី​ឯ​សាំង​ស៊ុបពែរ​អាចមាន​កម្រិត​អ៊ុកតានដល់​ទៅ ៩៨។ ការ​ចម្រាញ់​ប្រេង ដែល​មាន​កម្រិត​អ៊ុកតាន​ខ្ពស់​បែប​នេះ ត្រូវ​ការ​ចំណាយ​លុយ​ច្រើន​ជាង​ធម្មតា ជា​ហេតុ​ធ្វើ​តម្លៃ​ក៏​រាង​ថ្លៃ​ទៅ​តាម​ហ្នឹង​ដែរ។ ប្រការ​មួយ​ផ្សេង​ទៀត សាំង​ស៊ុបពែរ​មាន​លាយ​សារធាតុ​ដែល​ជួយ​លាង​សម្អាត​ម៉ាស៊ីន ធ្វើ​ឲ្យ​ម៉ាស៊ីន​ស្អាត និង​មាន​ដំណើរ​ការ​ល្អ​ ជាង​ពេល​ប្រើ​សាំង​ធម្មតា។

គុណសម្បត្តិ​សាំង​ស៊ុបពែរ បើ​ប្រៀប​ទៅ​នឹង​ការ​ប្រើ​ប្រាស់​សាំង​ធម្មតា៖

  • ធ្វើ​ឲ្យ​ម៉ាស៊ីន​ស្ទុះ​ និង​ស៊ី​សាំង​តិច​ជាង​ការ​ប្រើ​សាំង​ធម្មតា

  • ធ្វើ​ឲ្យ​ម៉ាស៊ីន​ស្ងាត់ និង​ងាយ​បង្កើន​ល្បឿន

  • ជួយ​កាត់​បន្ថយ​កម្រិត​ឈ្លក់​សាំង​របស់​យាន​យន្ត

  • ជួយ​លាង​ម៉ាស៊ីន​យានយន្ត​ពេល​ប្រើប្រាស់

ការ​ប្រើប្រាស់​សាំង​ស៊ុបពែរ​ចំពោះ​យានយន្ត​ថ្មី ជួយ​ឲ្យ​ម៉ាស៊ីន​រត់​បាន​ល្អ និង​អាច​ប្រើប្រាស់​អស់​អានុភាព (កម្លាំង​សេះ) របស់​វា។ ចំណែក​ឯ ម៉ាស៊ីន​យានយន្ត​ចាស់​វិញ បើ​អ្នក​ទម្លាប់​ចាក់​សាំង​ធម្មតា ​អាច​មាន​អារម្មណ៍​ប្លែក​ នៅ​ពេល​ដែល​អ្នក​បក​មក​ប្រើ​សាំង​ស៊ុបពែរ​វិញ ពិសេស​នៅ​ពេល​ដែល​អ្នក​ចាក់​បំពេញ​សាំង​ស៊ុបពែរ​សុទ្ធ​ឲ្យ​ពេញ​ធុង​សាំង​តែ​ម្ដង។

ដូចនេះ អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត រវាង​សាំង​ធម្មតា​ និង​សាំង​ស៊ុបពែរ​បាន ដោយ​សាំង​ស៊ុបពែរ ផ្ដល់​កម្លាំង​និង​ប្រយោជន៍​ច្រើន​ជាង ប៉ុន្តែ​តម្លៃ​ក៏​ថ្លៃ​ជាង​សាំង​ធម្មតា​ដែរ។ បើ​ចំពោះ​យានយន្ត​ដែល​ចាក់​តែ​សាំង​ធម្មតា យល់​ល្អ​អាច​ចាក់​បំពេញ​សាំង​ស៊ុបពែរ​ សុទ្ធ​ក្នុង​កន្លះ​ខែ​ម្ដង ដើម្បី​ឲ្យ​យានយន្ត​ស្ទុះ និង​វា​បាន​ជួយ​លាង​សម្អាត​ម៉ាស៊ីន​ផង​ដែរ។

លោក ហាក់ ហួត ដែល​ជា​ម្ចាស់​ហ្ការ៉ាស់​លក់​គ្រឿង​បន្លាស់​រថយន្ត​យីហោ ហាក់ ហួត ពន្យល់​ថា សាំង​ធម្មតា​​តម្លៃ​រាង​ធូរ​ថ្លៃ​ ពុំ​មាន​កម្លាំង​ចំហេះ​ខ្លាំង​ ច្រើន​តែ​ប្រើ​ជាមួយ​ឡាន និង​ម៉ូតូ​ថ្មី ឬ​ប្រភេទ​យានយន្ត​បំពាក់​​ម៉ាស៊ីន​មិន​ត្រូវ​ការ​ចំហេះ​ឥន្ទនៈ​ខ្លាំង។

ដោយ​ឡែក​សម្រាប់​សាំង ស៊ុបពែរ​វិញ ជា​ប្រភេទ​សាំង​មាន​​​តម្លៃ​ថ្លៃ​ជាង​សាំង​ធម្មតា។ វា​មាន​​​ចំហេះ​ខ្លាំងហើយ​ស៊ី​គ្នា​នឹង​ម៉ាស៊ីន​ឡាន​និង​ម៉ូតូ​ប្រភេទ​ស្ព័រ​​ ឬ​​ប្រើ​យូរ​ឆ្នាំ មិន​សូវ​ស្ទុះ តែ​​​សាំង​ប្រភេទ​នេះ​​អាច​ធ្វើ​ឱ្យ​ម៉ាស៊ីន​ឆាប់​ឡើង​កម្តៅ​ជាង​ការ​ប្រើ​សាំង​ធម្មតា។

លោក​ថា បើ​អ្នកបើកបរ​ត្រូវ​ជិះ​ផ្លូវ​ឆ្ងាយ​ហើយ​ចាក់​សាំង​ស៊ុបពែរ​ អាច​ធ្វើ​ម៉ាស៊ីន​យានយន្ត​ឆាប់​ក្តៅ ទាមទារ​ត្រូវ​ឧស្សាហ៍​ឈប់​តាម​ផ្លូវ ដើម្បី​ឱ្យ​ម៉ាស៊ីន​យានយន្ត​ថយ​កម្ដៅ៕

អត្ថបទ៖ ផាត សុវត្ថិ