អ្នក​គាំទ្រ​ Liverpool យ៉ាង​តិច​ ៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​មុន​ថ្ងៃ​ប្រកួត​ប៉ះ​នឹង​ Barca

  • 2019-05-01 11:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ក្លឹប​អង់គ្លេស​ Liverpool ចំនួន ៦​នាក់ ត្រូវ​បាន​ប៉ូលិស​ទីក្រុង​បាសេឡូណា ចាប់​ខ្លួន​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ ពោល​គឺ​មួយ​ថ្ងៃ​មុន​ការ​ប្រកួត​ជើង​ទី១ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UEFA Champions League រវាង​ក្លឹប​ Barcelona និង​ក្លឹប​ Liverpool។

មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ​គឺ​ដោយសារ​តែ ការ​បង្ក​ភាព​ចលាចល ​ពី​សំណាក់​ជនជាតិ​អង់គ្លេស​ដែល​គេ​កំណត់​អត្តសញ្ញាណ​បាន​ជា​អ្នក​គាំទ្រ​ Liverpool កំឡុង​ពេល​ដែល​អ្នក​គាំទ្រ​រាប់​រយ​នាក់​ជួបជុំ​គ្នា​នៅ​សួន​ដ៏​ល្បី​ក្នុង​ទីក្រុង​បាសេឡូណា​គឺ Placa Reial។

ពួក​គេ​ទាំង​នោះ​បាន​ច្រាន​អ្នក​ដែល​នៅ​ទីក្រុង​បាសេឡូណា​ទម្លាក់​ចូល​ក្នុង​អាង​បាញ់ទឹក ដែល​សកម្មភាព​នេះ​ត្រូវ​បាន​គេ​ថត​វីដេអូ​ ហើយ​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម។ មិន​តែ​ប៉ុណ្ណោះ​ ពួក​គេ​ក៏​បាន​បង្ក​របួស​ស្នាម​ទៅ​លើ​បុគ្គលិក​សណ្ឋាគារ​នៅ​តំបន់​នោះ​រហូត​ដល់​ទៅ​បែក​ច្រមុះ​ទៀត​ផង​ នេះ​បើ​តាម​កាសែត​ Mundo Deportivo។

ទិដ្ឋភាព​អ្នកគាំទ្រ​ Liverpool រាំ​ច្រៀង​នៅ​ Placa Reial

បើ​តាម​កាសែត​ Sport របស់​អេស្ប៉ាញ​ ពួក​អ្នក​គាំទ្រ​ទាំង​នេះ ក៏​បាន​គប់​ស្រាបៀ​ចំនួន​ជិត​ ៣,០០០​កំប៉ុង​ទៅ​កាន់​ក្រុម​ប៉ូលិស​ទៀត​ផង​។

យ៉ាង​ណា​មិញ អ្នក​គាំទ្រ​ Liverpool បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ថា​ ក្រុម​ប៉ូលិស​ប្រតិកម្ម​ជ្រុល​ហួសហេតុ​ពេក ដោយ​ពួក​គេ​គ្រាន់​តែ​ច្រៀង​ សប្បាយ និង​ផឹកស៊ី នៅ​ទីនោះ​ ប៉ុន្តែ​ពួក​ប៉ូលិស​បាន​មក​រុញ និង​វាយ​ពួកគេ​ដោយ​គ្មាន​មូលហេតុ៕

វីដេអូ​ដែល​អ្នកគាំទ្រ​ Liverpool រុញ​ទម្លាក់​​អ្នក​ទីក្រុង​បាសេឡូណា​ចូល​ក្នុង​អាង​ទឹក៖

អាន​បន្ត៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី