គួរឲ្យសរសើរ តារា​ល្បីៗ​រួមគ្នា​ផ្សាយ​លក់​សៀវភៅ "ពេលវេលា"

  • 2019-05-02 08:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយស្នាដៃថ្មីជិតចេញផ្សាយឆាប់ៗនេះសម្រាប់ប្រិយមិត្តអ្នកនិយាយអានសៀវភៅ ប្រភព​ពី "តម្រា" បាន​ឲ្យ​ដឹង​ថា សៀវភៅ​បំផុស​គំនិត បង្កប់​ខ្លឹមសារ​ល្អ សម្រាប់​ការ​ប្រើប្រាស់​ពេលវេលា​ក្នុង​ជីវិត​ពិត ​ដែល​មាន​ចំណងជើង "ពេលវេលា"​ ទទួល​បាន​ការ​ចូលរួម​ផ្សព្វផ្សាយ​លក់​ដោយ​តារា​ល្បីៗ​ខែក្រោយ​នេះ ក្នុង​គោលបំណង លើក​កម្ពស់​ការ​អាន និង​ផ្ដល់​ប្រយោជន៍​បង្កើន​គុណភាព​ជីវិត។

លោក ជីព ចិត្ត សមាជិក​គណៈកម្មការ​កំណែ និង​ជ្រើសរើស​របស់ "​តម្រា"​បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា សៀវភៅ​នេះ (ពេលវេលា) ជា​ប្រភេទ​សៀវភៅ​បំផុស​គំនិត ដែល​មាន​មាតិកា​ធំៗ​ដូចជា ប្រើ​ពេលវេលា​ឲ្យ​មាន​សុពលភាព ​ ប្រើ​ពេល​វេលា​ដូច​មហាសេដ្ឋី មនុស្ស​ប្រភេទ​ណា​គួរ​ចំណាយ​ពេល​ជាមួយ ពេល​វេលា​១០ឆ្នំា​មួយ​ជុំៗ គួរ​បាន​សម្រេច​ផល​អ្វីខ្លះ។ល។ ​លោក​ថា​​បើ​មិន​មាន​អ្វី​កែប្រែ​សៀវភៅ​ប្រមាណ​១៥០ទំព័រ​នេះ​នឹង​ចេញ​លក់​​ខែ​ឧសភា ក្នុង​តម្លៃ ​៦ដុល្លារ ឬ ២៥ ០០០រៀល។

“នេះ​ជា​សៀវភៅ​ដែល​សរសេរ​ដោយ អ្នកស្រី ម៉ីសន សុធារី ​ ដែល​មាន​ទស្សនៈ និង​ការ​បំភ្លឺ​ដ៏​ល្អ​ជាពិសេស​សម្រាប់​យុវវ័យ។ ហើយ​យើង​បាន​ការចូលរួម​ជួយ​លក់​ពី​តារា​ល្បីៗ​ច្រើន​ណាស់​ ដូចជា វីយ៉ារ៉ូ ​រតនៈ វិសិដ្ឋ ​ហង្ស ម៉ារិនី ​សាឡាត់​ ស្រីឡាង ​ទេពកញ្ញានិងពុធស្រីខួច។ល។”

ឆ្លើយតប​នឹង​ប្រធានបទ​ខាងលើ អ្នកនិពន្ធ​បាន​ប្រាប់Sabayតាម​ទូរសព្ទ​ថា​ការស្វែងរក​ការចូលរួម​ពី​បុគ្គល​ល្បីៗ​ក្នុង​វិស័យ​សិល្បៈ​គឺ​ជា​វិធីសាស្ត្រ​ល្អ​មួយ​ប្រសិន​បើ​តារា​ទាំង​នោះ​គាត់​មាន​ជំនឿ​ដូច​យើង ហើយ​ជឿ​ថា​ការ​អាន​ជា​រឿង​ល្អ។ ”បង​ជជែក​ជាមួយ​តារា​ច្រើន​នាក់​ដែរ​អូន...បង​ព្យាយាម​ពន្យល់ ហើយ​សុំ​ឲ្យ​គាត់​ជួយ ណាមួយ​បង​ក៏​ដឹង​ថា ការងារ​សិល្បៈ​រវល់​វីវក់​ណាស់ គឺ​រវល់​ច្រើន​មែន​ទែន​បើ​តាម​បង​ដឹង...ហើយ​ការ​បែងចែក​ពេល​រវល់​របស់​ពួក​គាត់ គឺ​មិន​មែន​ដោយ​សារ​រឿង​លុយ​កាក់​ទេ ព្រោះ​លុយ​លក់​សៀវភៅ​គឺ​បាន​តិច​មែន​ទែន...តែ​គាត់​ជួយ​ ចង់​ឲ្យ​បង​ប្អូន​កាន់​សៀវភៅ​អាន​កាន់​តែ​ច្រើន”។

អ្នកនិពន្ធ​រូប​នេះ​ធ្លាប់​បាន​ទទួល​ជោគជ័យ​រួច​មក​ហើយ​ក្នុង​ការ​ធ្វើ​ការ​ផ្សព្វផ្សាយ​ជាមួយ​តារា​ល្បីៗ នា​ពេល​បច្ចុប្បន្ន​ដូចជា​ ឌីជេណាណា ​និង ​ហង្ស ម៉ារិនី។ អ្នកស្រី​បន្ត​ដូច្នេះ​ថា​ទោះ​បី​យ៉ាង​ណា ខ្លួន​មិន​ដែល​ហាមឃាត់​​តារា​ទាំង​នោះ​ក្នុង​ការ​ជួយ​លក់​អ្នកនិពន្ធ​ផ្សេង​ទេ ដោយ​ពន្យល់​ថា អ្នក​និពន្ធ​ទាំង​អស់​មាន​ចំណុច​រួម​គ្នា​មួយ គឺ​ចងក្រង​គំនិត និង​ទស្សនៈ​ល្អ បញ្ចូល​ជា​សៀវភៅ ហើយ​ចង់​ឲ្យ​មហាជន​អាន​ដើម្បី​ជា​ប្រយោជន៍ និងជួយបង្កើនចំណេះដឹងក្នុងការងាកមកចាប់យកការអានសៀវភៅ។

“គ្នា​ជួយ​លក់​យើង​ព្រោះ​គេ​ចង់​ជួយ​រួមចំណែក​លើក​តម្កើង​ការ​អាន និង​តែង​និពន្ធ​មិន​ថា​អ្នកនិពន្ធ​ណា​ទេ គ្រប់គ្នា​កំពុង​ជួយ​វិស័យ​នេះ! តាម​គម្រោង​ "តម្រា" នឹង​ចេញ​សៀវភៅ​ទីពីរ​របស់​ខ្លួន​ឈ្មោះ​ថា ​“ពេលវេលា” បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​សៀវភៅ​ទី​មួយ​រឿង “អាគមបរព្រៃ”។ ចំពោះ​ផែនការ​​ដាក់​សម្ពោធ​គម្រោង "តម្រា" នេះ​ជា​ផ្លូវការ លោក​ ជីព ចិត្ត បញ្ជាក់​ថា ពេល​សៀវភៅ​ទី​បី​ចេញ​ផ្សាយ មាន​ចំណង​ជើង​ថា “បឹងអតីត” ដែល​ជា​ប្រលោមលោក​មនោសញ្ចេតនា​ដ៏​អស្ចារ្យ​មួយបន្ថែមទៀតសម្រាប់អ្នកអានបន្ទាប់ទៀតផងដែរ៕

មានវីដេអូ៖ ទស្សនាតាមរយៈតំណនេះ!

អត្ថបទ៖ សិរីរត្នន៍