ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​ក្រុម​អង់គ្លេស​ទាំង​៤ ​ឡើង​ផ្ដាច់ព្រ័ត្រ ​ពាន​ធំ​ទាំង​២​នៅ​អឺរ៉ុប

  • 2019-05-10 01:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ Arsenal ​និង Chelsea ​បាន​កក់​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​ដៃ​គូ​រៀង​ខ្លួន​កាល​ពី​យប់មិញ​នេះ​។

Arsenal ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ Valencia ​ក្នុង​លទ្ធផល ៤-២ ​សម្រាប់​ជើង​ទី​២​ទៀត ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ពួកគេ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ​រួច​ទៅ​ហើយ។ សរុប​ទាំង​ពីរ​ជើង​មក Arsenal ​ជា​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​យក​ឈ្នះ​ក្រុម Valencia ​ក្នុង​លទ្ធផល ៧-៣។

សម្រាប់​ក្រុម​ Chelsea ​វិញ ហាក់​តឹងតែង​បន្តិច​ដោយ​ពួកគេ​ត្រូវ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ​ទើប​អាច​ឡើង​វគ្គ​បន្ដ​បាន។ ​កាល​ពី​ជើង​ទី​១ ​ក្រុម Chelsea ​បាន​ស្មើ Eintracht ​១​ទល់​នឹង១ ​ខណៈ​ដែល​ជើង​ទី​២​យប់មិញ​នេះ​ពួកគេ​ក៏​នៅ​តែ​ស្មើ​គ្នា ១-១ ​ទៀត។ លទ្ធផល​នេះ តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ហើយ។ ​ជា​លទ្ធផល ​ក្រុម Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម Eintracht ​ដោយ​បាល់ ៤-៣។

បើ​យោង​​តាម​អ្វី​ដែល​ពួកគេ​ធ្វើ​បាន ​អង់គ្លេស​នៅ​ឆ្នាំ​នេះ​ជា King ​នៅ​អឺរ៉ុប​ហើយ។ ដោយ​ពាន UEFA Champions League ​គឺ​ក្រុម Liverpool ​ប៉ះ​ក្រុម Spurs ​ខណៈ ដែល​ពាន Europa League ​វិញ គឺ​ក្រុម Chelsea ​ប៉ះ Arsenal៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ