ភស្តុតាងមាំៗ សង្ស័យ ឆន សុវណ្ណារាជ ខូចចិត្តខ្លាំងខណៈ សុគន្ធកញ្ញា ការជាមួយប្អូនថៅកែហង្សមាស
- 2019-05-17 00:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភស្តុតាងមាំៗ សង្ស័យ ឆន សុវណ្ណារាជ ខូចចិត្តខ្លាំងខណៈ សុគន្ធកញ្ញា ការជាមួយប្អូនថៅកែហង្សមាស
ចន្លោះមិនឃើញ
លោក ឆន សុវណ្ណារាជ ដែលបានរងចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហ៍ជាមួយ ឱក សុគន្ធកញ្ញា នោះ នៅថ្ងៃម្សិលមិញ វេលាដែល ភាគីខាងស្រី បានចូលរោងក្រាបផ្ទឹមជាមួយលោក អ៊ឹង សុខលី ជាប្អូនប្រុសថៅកែហង្សមាស ម្ចាស់បទ "ទីក្រុងគ្មានមេឃ" បានលេចចេញសារជាច្រើន ដែលគេសង្ស័យថា លោកកំពុងមានវិបត្តិផ្លូវចិត្តគួរឲ្យអាសូរ។
"គ្មានអ្វីស្ថិតនៅរហូតទេ...។ មនុស្សខ្លះចូលមកក្នុងជីវិតយើងដើម្បីគ្រាន់តែប្រាប់យើងថា អ្វីត្រូវ អ្វីខុស អ្វីរីករាយ អ្វីជាការឈឺចាប់...។ មនុស្សខ្លះបង្ហាញវត្តមាននៅក្នុងជីវិតយើងមួយរយៈ រួចក៏បាត់ទៅវិញ គេគ្រាន់តែមកដើម្បីប្រាប់យើងថា យើងត្រូវរៀនស្រលាញ់ខ្លួនឯងបែបណា គេគ្រាន់ឲ្យយើងមានអារម្មណ៍កក់ក្ដៅមួយរយៈ រួចក៏បន្តឯកាដដែលដូចមុនទៀត។ មនុស្សខ្លះទៀត គ្រាន់តែស្គាល់យើងមួយរយៈក៏ធម្មតា យើងសំខាន់តែមួយរយៈសម្រាប់គេ ពេលគេត្រូវការ ក្រោយមកក៏ទុកយើងចោលម្នាក់ឯងដដែល។ គ្មាននរណាអាចកំដរយើងរហូតទេ... រៀនកំដរខ្លួនឯងខ្លះទៅ"។
ខាងលើនេះ គឺជាសារពេញនិយមមួយនៅលើហ្វេសប៊ុកជាយូរមកហើយ ប៉ុន្តែត្រូវបានគេឃើញ បង្ហោះសារជាថ្មីនៅម្សិលមិញ ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹករបស់លោក សុវណ្ណារាជ ផងនៅលើទំព័រ Sovannareach។ ចំណុចចាប់អារម្មណ៍ សារមួយនេះមានអ្នកចែកចាយបន្តប្រមាណ ៥ពាន់នាក់ឯណោះ។ ដោយឡែក អ្នកសរសេរសារ ក៏ក្បែរ១ពាន់នាក់ដែរ។
ក្រៅពីនេះ ក៏នៅមានចេញសារជាច្រើនទៀត មានទាំងបទចម្រៀងរបស់លោក ឆន សុវណ្ណារាជ ផង សុទ្ធជាបទស៊ីទៅនឹងសាច់រឿងអ្នកខូចចិត្ត។ តម្រុយទាំងនេះ មាននៅលើទំព័រហ្វេសប៊ុក Chhorn Sovannareach HD ដែលគេដឹងថា ជាទំព័រហ្វេសប៊ុកផ្លូវការមួយរបស់អ្នកគាំទ្រតារាចម្រៀងខាងលើ។
“ស្នាមញញឹមក្លែងក្លាយ" “បើដឹងថាមានថ្ងៃនេះ បងមិនចង់ស្គាល់អូនឡើយ" “ពេលញញឹមក៏ទឹកភ្នែកហូរ" "វេលាទឹកភ្នែក និងបទ "យើងបែកគ្នាហើយមែនទេ?” ជាដើម ដែលសុទ្ធសារសព្ទពីស្នេហាខូចចិត្តរបស់បុរសម្នាក់ ហើយម្នាក់នោះ គេសង្ស័យថាជាលោក ឆន សុវណ្ណារាជ។ ជាមួយគ្នាអ្នកគាំទ្រលោកជាច្រើនបានចូលទៅសរសេរសារលើកទឹកចិត្ត ឲ្យលោកកាត់ចិត្ត និងបន្តជូនពរមនុស្សដែលខ្លួនស្រឡាញ់មានសុភមង្គល និងអនាគតល្អដែរ។
គួរចាប់អារម្មណ៍មួយទៀត ទំព័រ Troll មួយ ក៏បានធ្វើវីដេអូ Troll ដោយទាញពីរឿងខូចចិត្តរបស់តារាចម្រៀងរូបនេះផងដែរ ដោយគេដាក់ចំណងជើងថា "ការគេសោះ មកល្បី ឆន សុវណ្ណារាជ ទៅវិញ"។ យ៉ាងណា គេមិនទាន់ឃើញលោក ឆន សុវណ្ណារាជ បានចេញមកអះអាងជាថ្មីឡើយ ជុំវិញព័ត៌មានវិវត្តថ្មីម្សិលមិញ ក្រៅតែពីការអះអាងកន្លងមកថា ទំនាក់ទំនងលោក និង សុគន្ធកញ្ញា កន្លងមកនោះ ត្រឹមជាមិត្តរួមអាជីព រួមផលិតកម្ម និងត្រឹមជាបងប្អូនប៉ុណ្ណោះ៕
ទស្សនាវីដេអូ Troll លោក ឆន សុវណ្ណារាជ ដែលបង្ហោះដោយទំព័រអ្នកគាំទ្ររបស់លោកទាំងអស់គ្នា!