សេដ្ឋី​បច្ចេកវិទ្យា ១០ រូប ​ដែល​រៀន​មិន​ចប់ថ្នាក់​​មហាវិទ្យាល័យ

  • 2019-05-17 06:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​កត្តា​នៃ​ជីវភាព​គ្រួសារ​និង​ឥទ្ធិពល​ពី​ខាង​ក្រៅ បាន​ជំរុញ​ចិត្ត​ឲ្យ​ស្ថាបនិក​ក្រុមហ៊ុន​កំពូល ១០ រូប សម្រេច​បោះបង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ រួច​មក​ជ្រក​ក្រោម​ទ្រនំ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទាំង​ប្រថុយប្រថាន។ មក​ទល់​បច្ចុប្បន្ន​សហគ្រិន​ទាំង​នោះ សុទ្ធ​សឹង​កំពុង​ទទួល​ភាព​ជោគជ័យ​ខ្លាំង រហូត​ជាប់​ឈ្មោះ​ជា​សេដ្ឋី​មាន​ទ្រព្យសម្បត្តិ​មហាសាល។

១.លោក Michael Dell

Michael បាន​បោះបង់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​នៃ​រដ្ឋ Texas ក្នុង​ទីក្រុង Austin អំឡុង​វ័យ ១៩ ឆ្នាំ។ ក្រោយ​មក​រក​ឃើញ​ក្រុមហ៊ុន Dell Technologies និង​បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៣,៨ ពាន់​លាន​ដុល្លារ។

២.លោក Steve Jobs

ស្ថាបនិក​ Apple រូប​នេះ ដើរ​ចេញ​ពី​សកលវិទ្យាល័យ Reed College ក្នុង​វ័យ ១៩ ឆ្នាំ មូលហេតុ​មក​ពី​ជួប​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។

៣.លោក Hykuab Assange

មុន​ប្រលូក​ខ្លួន​ក្នុង​វិស័យ Hacker លោក Julian បាន​សិក្សា​ផ្នែក​គណិតវិទ្យា​នៅ​សកលវិទ្យាល័យ Melbourne ប៉ុន្តែ​នៅ​វ័យ ១៩ ឆ្នាំ ក៏​សម្រេច​បោះបង់​ការ​សិក្សា ហើយ​មក​ចាប់​បង្កើត​គេហទំព័រ WikiLeaks។

៤.លោក Bill Gates

ចូល​សិក្សា​នៅ​សកលវិទ្យាល័យ Harvard អស់​រយៈ​ពេល ២ ឆ្នាំ មុន​មក​ដំណើរការ​ក្រុមហ៊ុន Microsoft។ កាសែត Harvard Crimson បាន​ឲ្យ​នាម​បុរស​រូប​នេះ​ថា​ជា៖ "បុគ្គល​ដែល​ជោគជ័យ​បំផុត​ក្រោយ​បោះបង់​ការ​សិក្សា​នៅ Harvard”។

៥.លោក Evan Williams

ជា​កូន​កសិករ​មាន​ដើម​កំណើត​ក្នុង​ទីក្រុង Clarks រដ្ឋ Nebraska សហរដ្ឋអាមេរិក ហើយ​បាន​ចូល​សិក្សា​នៅ​សកលវិទ្យាល័យ​ Nebraska បាន​ ៣ ឆមាស​មុន​បោះបង់​ការ​សិក្សា។ ក្រោយ​មក​ដើរ​តួ​ជា​អ្នក​សរសេរ​កម្មវិធី​ឯករាជ្យ បម្រើ​ការ​ឲ្យ Intel និង Hewlett-Packard មុន​ប្រលូក​ខ្លួន​ក្នុង​ក្រុមហ៊ុន Google ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ក៏​បោះបង់​ការងារ​នៅ​ក្រុមហ៊ុន​យក្ស​មួយ​នោះ ហើយ​មក​ស្រវា​បង្កើត Twitter ក្លាយ​ជា​សេដ្ឋី​ទល់​បច្ចុប្បន្ន។

៦.លោក Mark Zuckerberg

ជា​អតីត​និស្សិត​បោះបង់​ការ​សិក្សា​ពី​សកលវិទ្យាល័យ Harvard មក​ចាប់​បង្កើត Facebook ក្នុង​ឆ្នាំ ២០០៤ ខណៈ​សព្វថ្ងៃ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧៥ ពាន់​លាន​ដុល្លារ។

៧.លោក Larry Ellison

Larry ធ្លាប់​ត្រូវ​បាន​ឪពុក​ម្តាយ​ចិញ្ចឹម​បង្ខំ​ឲ្យ​ចាប់​យក​ជំនាញ​វេជ្ជបណ្ឌិត ប៉ុន្តែ​ដោយ​ចិត្ត​ស្រលាញ់​បុរស​កម្សត់​រូប​នេះ​បាន​សិក្សា​លើ​ផ្នែក Software ហើយ​កំពុង​ដំណើរការ​ក្រុមហ៊ុន Oracle ជា​សេដ្ឋី​មាន​ទ្រព្យសម្បត្តិ​ ៥៤,៩ ពាន់​លាន​ដុល្លារ។

៨.លោក Jan Koum

នៅ​វ័យ ២១ ឆ្នាំ លោក Jan បាន​បោះបង់​ការ​សិក្សា ហើយ​ចូល​មក​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន Yahoo មុន​ទៅ​បង្កើត​សេវាកម្ម​ផ្ញើ​សា​រហ័ស WhatsApp រហូត​ត្រូវ Facebook ទិញ​យក​ក្នុង​តម្លៃ ១៩ ពាន់​លាន​ដុល្លារ។

៩.លោក Travus Jakabucj

ជា CEO និង​នាយក​ប្រតិបត្តិ​នៃ Uber លោក​ធ្លាប់​បាន​សិក្សា​ផ្នែក​វិស្វកម្ម​កុំព្យូទ័រ​នៅ UCLA ប៉ុន្តែ​បាន​បោះបង់​ថ្នាក់​មហាវិទ្យាល័យ​មុន​រយៈ​ពេល ១ ខែ នៃ​ថ្ងៃ​បញ្ចប់​ការ​សិក្សា ហើយ​ចូល​មក​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន Scour។

១០.លោក John Mackey:

ចាប់​យក​ផ្នែក​សាសនា​និង​ទស្សនវិទ្យា​នៅ​សកលវិទ្យាល័យ​នៃ​រដ្ឋ Texas ប៉ុន្តែ​មុន​បោះបង់​ការ​សិក្សា​លោក​បាន​ខ្ចី​ប្រាក់ ៤៥ ០០០ ដុល្លារ ទៅ​ចាប់​ផ្តើម​ហាង​លក់​អាហារ​ SaferWay នៅ​ទីក្រុង Austin មុន​ពង្រីក​អាជីវកម្ម​ចូល​ក្រុមហ៊ុន Whole Foods៕

ប្រភព៖ CNBC   ប្រែសម្រួល៖ កៅ រក្សា