វិធី​ខាប​យក​ចិត្ត Crush ដោយ​មិន​ចាំ​បាច់​ញ៉ែ

  • 2019-05-18 07:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឃើញ​គេ​និយាយ ឬ​រៀង​ដូចជា​ស្និទ្ធស្នាល ជា​មួយ​អ្នក​ផ្សេង បែប​មាន​អារម្មណ៍​ថា អន់​ចិត្ត​តិចៗ​ដែរ​ហើយ​មើល​ទៅ អ្នក​ដែល​លួច​ស្រលាញ់​គេ​។ មិន​អី​ទេ​ចាត់​ទុក​ថា​វា​ជា​ឱកាស​របស់​យើង​ទៅ​វិញ​ទៅ ព្រោះ​គេ​ក៏​កំពុង​រក​មនុស្ស​ម្នាក់​ដែល​យល់​ពី​ទឹក​ចិត្ត​គេ​ដែរ​។ គ្នា​យើង​ខ្លះ​ប្រហែល​ជា​មិន​សូវ​ជា​សង្ហា​ដោយ​ប្រការ​ផ្សេងៗ យើង​មិន​ចាំបាច់​និយាយ​ទេ ខ្លះ​ទៀត​ជីវភាព​មិន​សូវ​ធូរធារ​ព្រោះ​ហេតុ​ផល​ផ្ទាល់​ខ្លួន​។ រឿង​ហ្នឹង​មិន​ជា​សំខាន់​ទេ​ពេល​ដែល​យើង​លួច​ស្រលាញ់​គេ​ម្នាក់ ព្រោះ​អ្វីៗ​ទាំង​នោះ អាច​នឹង​ប្រែប្រួល​បន្ទាប់​មក​ទៀត​។ យើង​នៅ​តែ​មាន​ឱកាស​យក​ឈ្នះ​ចិត្ត Crush ប្រសិន​បើ​យើង​មាន​ចំណុច​ខ្លះ​ដូច​រៀប​រាប់​ខាង​ក្រោម​៖

រូបភាព​តំណាង

ការ​ស្លៀកពាក់ និង​សម្ភារៈ​ប្រើប្រាស់

មិន​ចាំបាច់​ឆើតឆាយ​ពេក​ទេ ល្មមៗ​បាន​ហើយ តាម​លទ្ធភាព ប៉ុន្តែ​កុំ​គគ្រិច​ពេក​។ តុបតែង​ខ្លួន​ឲ្យ​សម​នឹង​រូបរាង សាមញ្ញ​ងាយ​មើល ងាយ​យល់​។ សម្ភារៈ​ទូរស័ព្ទ នាឡិកា មិន​ចាំបាច់​សេរី​ខ្ពស់​ពេក​ទេ អ្វី​ដែល​សំខាន់​គឺ​សមត្ថភាព​ប្រើប្រាស់​វា ហើយ​ប្រើ​វា​ដោយ​មាន​ប្រយោជន៍​ច្រើន​។

អត្តចរិត​ពិត និង​ចេះ​សម្ដែង

មិន​បាច់​ត្រង់​ភ្លឹង​ពេក​ទេ ប៉ុន្តែ​កុំ​កុហក រឿង​ខ្លះ​ដឹង តែ​ធ្វើ​មិន​ដឹង​ខ្លះ​ទៅ។ ប្រុសៗ​គ្នា​យើង​ខ្លះ​ប្រហែល​មាន​ចរិត​មារយាទ​មិន​ល្អ​មួយ​ចំនួន ដូច​ជា​ផឹក​ស្រា​ច្រើន ជក់​បារី ឆាប់​ខឹង​ឆេវឆាវ រអ៊ូរទាំ គំរោះគំរើយ ទាំង​អស់​ហ្នឹង​សុទ្ធ​តែ​ស្រីៗ​អត់​ចូល​ចិត្ត ចាប់​ផ្ដើម​កែ​ចេញ កែ​មិន​ទាន់​ទេ លាក់​វា​ខ្លះ​ទៅ ចាំ​ជម្រះ​ចោល​ខ្លះៗ​ពេល​ក្រោយ។

ចរិត​នឹង​ធឹង មិន​ជ្រួលច្របល់ ធម្មតា​ៗ ស្រួល​ក៏​មិន​ថា លំបាក​ក៏​មិន​និយាយ ជា​ជម្រើស​ល្អ​។

ចំណេះដឹង និង​តែង​មាន​ដំណោះស្រាយ​ល្អ

ប្រុសៗ​យើង​ធំ​គឺ​ចំណេះដឹង និង​សមត្ថភាព​ហ្នឹង​ហើយ​។ មាន​ចំណេះដឹង​មាន​លុយ​ចាយ មាន​សមត្ថភាព​មាន​គេ​ពឹង​ពាក់ មាន​គុណធម៌​មាន​អ្នក​គោរព​ស្រលាញ់​ច្រើន​។ បើ​មិន​ទាន់​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​ឲ្យ Crush យើង​ដឹង​ទេ យើង​ត្រូវ​រក​វិធី​ធ្វើ​ម៉េច​ទាក់ទាញ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​ឲ្យ​មក​រក​យើង​សិន​។ ប៉ុន្តែ​ចៀសវាង​អួត​ខ្លួន​ក្រែងលោ​គេ​ជ្រេញ​។ ខ្ញុំ​ជឿ​ថា​ពេល​ណា​មួយ Crush នឹង​មក​រក​យើង​ផ្ដល់​យោបល់។ ពេល​ហ្នឹង​ជា​ឱកាស​យើង​ហើយ​គ្នា​យើង​ត្រូវ​អនុវត្ត​វិធី​ពីរ​យ៉ាង​៖

ទី​មួយ ស្ដាប់​នាង​តម្អូញ​រឿង​ក្នុង​ចិត្ត ត្រូវ​តែ​ស្ដាប់​ទោះ​យ៉ាង​ណា​ក៏​ដោយ ហើយ​ព្យាយាម​គិត​រក​ដំណោះស្រាយ​ឲ្យ​រហ័ស​បំផុត​និង​ល្អ​បំផុត​។ ជា​មួយ​គ្នា​នោះ​យើង​ត្រូវ​សម្ដែង​ការ​គាំទ្រ (​ឈរ​នៅ​ខាង​នាង​) ដល់​នាង។

ទីពីរ លើក​ទឹក​ចិត្ត​ឲ្យ Crush មាន​ភាព​កក់ក្ដៅ ហើយ​ផ្ដល់​នូវ​យោបល់​ល្អៗ ដើម្បី​ស្រាយ​បញ្ហា​។

យល់​ចិត្ត និង​ជួយ​យក​អាសា

មិន​ចាំបាច់​ធ្វើ​ដូច​ដឹង​ណាស់ ឬ​ក៏​ចង់​ជួយ​ណាស់​ទេ ទោះ​បី​ជា​ការ​ពិត ក៏​វា​ដូច​ជា​ក្លែងក្លាយ​ដែរ​។ ពេល​ខ្លះ​ដឹង​ថា​គេ​មាន​រឿង​ក្នុង​ចិត្ត តែ​ធ្វើ​ដូច​ជា​មិន​ដឹង​ខ្លះ​ទៅ ហើយ​រឿង​ខ្លះ​ពេល​ចាំបាច់​សឹម​ជួយ ហើយ​ជួយ​ឲ្យ​អស់​ពី​ចិត្ត​។ ព្រោះថា ការ​ធ្វើ​បែប​នេះ​គឺ​ផ្ដល់​នូវ​សេរីភាព​ដល់ Crush ហើយ​ក៏​ជួយ​មិន​ឲ្យ​គេ​ពិបាក​ចិត្ត​ព្រោះ​យើង​ដែរ​។ ក្នុង​ចំណុច​នេះ​ខ្ញុំ​សូម​ហាម​រឿង​មួយ គឺ​ប្រកែក​យក​ឈ្នះ យក​ល្អ​និយាយ​ហេតុផល ឬ​កុំ​និយាយ​តែ​ម្ដង​។

ពេល​មាន​ឱកាស កុំ​ភ្លេច​នាំ​គ្នា​អង្គុយ​និយាយ​រឿង​ក្នុង​ចិត្ត​ខ្លះ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​។ ជា​មួយ​គ្នា​នេះ គ្នា​យើង​ប្រុសៗ​គួរ​តែ​និយាយ​ពី​បំណង​ប្រាថ្នា​អនាគត​ខ្លះៗ​ក៏​ល្អ​ដែរ​។ ហើយ​រក្សា​អ្វី​មួយ ដែល​គេ​ហៅ​ថា Friend zone មួយ​រយៈ​សិន​ទៅ​។ រង់​ចាំ​កាលៈទេសៈ​មក​ដល់​សឹម​សារភាព​ក៏​មិន​យឺត​ពេល​ដែរ​។ ចាំ​ថា​ទោះ​បី​យើង​ជា​ជម្រើស​ចុង​ក្រោយ​របស់ Crush ក៏​យើង​ជា​ជម្រើស​ល្អ​បំផុត​របស់​នាង​ដែរ​។

អត្ថបទ៖ ឈិន ធារ៉ាត់