NOCC​ អំពាវនាវ​មហាជន​ទាំង​ជាតិ​ អន្តរជាតិ ​ចូលរួម​រត់​ប្រណាំង​ដើម្បី​សាមគ្គីភាព​ ប្រមូល​ថវិកា​ជួយ​សង្គម​

  • 2019-05-22 03:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ អំពាវនាវ​ដល់​មហាជន​ ដែល​ស្រឡាញ់​ចូល​ចិត្ត​ការ​រត់​លេង​កម្សាន្ត​ សូម​កុំ​ភ្លេច​ទៅ​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី៩​ មុខ​ព្រះបរមរាជវាំង​ចាប់​ពី​ពេល​នេះ​តទៅ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​(រូបភាព NOCC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី៩​នេះ ​គឺ​ធ្វើ​ឡើង​មុខ​ព្រះបរមរាជវាំង​ នា​ថ្ងៃ​ទី១៦ ​មិថុនា​ ក្នុង​គោលបំណង​ដើម្បី​អបអរ​ពិធី​បុណ្យ​ចំរើន​ព្រះជន្មសម្ដេច​ម៉ែ​។ ថវិកា​ដែល​ប្រមូល​បាន​ពី​កម្មវិធី​មួយ​នេះ​ នឹង​យក​ទៅ​ធ្វើ​កិច្ចការ​មនុស្សធម៌​ ដូច​ជា​ផ្ដល់ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​ដើម។​

រូបភាព NOCC

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្រៅ​តែ​ពី​ការ​រត់​ប្រណាំង​ដើម្បី​មនុស្សធម៌​ហើយ​នោះ​ ការ​រត់​ប្រណាំង​នេះ​គឺ​ដើម្បី​សាមគ្គីភាព​ មិត្តភាព​ សុខភាព​ និង​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ឆ្នាំ​២០២៣​ផង​ដែរ​ ដូច្នេះ​សូម​មហាជន​ចូលរួម​ឲ្យ​បាន​ច្រើន។​

រូបភាព NOCC

សម្រាប់​បង​ប្អូន​ដែល​ចង់​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​លើក​ទី៩​នៅ​រាជធានី​ភ្នំពេញ​នេះ​ អាច​ទៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដែល​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​ នៅ​ទីស្នាក់ការ​ Cambodia Events Organizer​ ឬ​តាម​ Online​ ក៏​បាន​ដែរ។​ មុន​២សប្ដាហ៍​នៃ​ការ​ប្រកួត​ មហាជន​អាច​ទៅ​ចុះ​ឈ្មោះ​នៅ​មុខ​ព្រះបរមរាជវាំង​ផ្ទាល់ក៏បាន។​ ចំពោះ​វិញ្ញាសា​នៃ​កម្មវិធី​នេះ​គឺ​មាន​៣​ប្រភេទ​ ទី១​ ចម្ងាយ​៣គីឡូម៉ែត្រ​ ទី២​ ចម្ងាយ​១០​គីឡូម៉ែត្រ​ និង​ទី៣​ ចម្ងាយ​ទី២១​គីឡូម៉ែត្រ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម