វិធីទាំង​ ៨​ យ៉ាងត្រូវដឹងពេលបើកឡានកាត់ផ្លូវលិចទឹក

  • 2019-05-23 10:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដូវវស្សាឈានចូលមកដល់​ ភ្លៀងធ្លាក់ស្ទើរពាសពេញផ្ទៃប្រទេស នាំ​ឲ្យ​អ្នកប្រើប្រាស់ផ្លូវភាគច្រើន​ងាក​មក​ប្រើប្រាស់រថយន្ត​សម្រាប់​ទៅកន្លែងនានា ទោះ​បីជា​ខ្លួន​មាន​ កង់ ឬ​ម៉ូតូក៏ដោយ ដើម្បី​ការពារ​ពី​ការទទឹក​ពេល​មាន​ភ្លៀង​ធ្លាក់។

ការប្រើប្រាស់រថយន្ត ពិត​ជា​មាន​គុណ​សម្បត្តិ​ច្រើន​មែនក្នុង​រដូវ​វស្សា​នេះ ក៏​ប៉ុន្តែ វា​ក៏​មាន​គុណវិបត្តិ​ផងដែរ ព្រោះ​បើ​ពេល​ភ្លៀង​ធ្លាក់ខ្លាំង លូហូរមិន​ទាន់​នោះ អាច​ឲ្យ​មាន​ការលេច​ផ្លូវ​ខ្លាំង ហើយពេល​រថយន្តបើកបរកាត់ អាច​បណ្ដាល​ឲ្យ​រថយន្តរលត់ មិន​អាច​ទៅណា​បាន ហើយ​ក៏​អស់​ថ្លៃ​ជួស​ជុល​ច្រើន​ផង​ដែរ។

យ៉ាង​ណាមិញ វា​ក៏​មាន​វីធី​ការពារ​ ដែល​អ្នក​បើកបរ​រថយន្តកាត់​ផ្លូវ​លិចទឹក​ អាច​អនុវត្ត​បាន​ដើម្បី​បន្ថយ​ហានិភ័យនៃ​ការ​រលត់​រថយន្ត នៅ​ក្នុង​ទឹក​ជំនន់​តាម​ដង​ផ្លូវនោះ​ផង​ដែរ។​ Sabay​ សូម​នាំជូន​នូវវិធី ៨ យ៉ាង​ដែល​អ្នក​បើកបរ​គួរ​ធ្វើ​នៅ​ពេល​ជិះ​តាម​ផ្លូវ​ដែល​លិច​ទឹកម្ដងៗ៖

១. ព្យាយាម​រក​ផ្លូវ​វាង

វិធី​ល្អ​បំផុត​គឺ​ រក​ផ្លូវ​ផ្សេង ដែល​មិន​លិច​ទឹក។ អ្នក​អាច​ប្រហែល​បើកបរឆ្ងាយជាង​ធម្មតា ២ ទៅ ៣ គីឡូម៉ែត្រ ហើយ​ចំណាយ​ពេល​យូរ​ជាងមុនប្រហែលកន្លះ​ម៉ោង តែ​វា​នឹង​បញ្ចៀស​ហានិភ័យ​ក្នុង​ការ​រលត់​រថយន្ត​របស់​អ្នក មិន​ឲ្យ​អ្នក​ត្រូវ​ជាប់​នៅ​ក្នុង​ទឹក មិន​ខាតពេល​ហៅ​ឡាន​ស្ទូច ហើយ​មិន​ចំណាយ​លុយ​រាប់​រយ​ដុុល្លារ​ក្នុង​ការជួស​ជុល​ទៀត​ផង។

២. ត្រូវដឹង​ពីជម្រៅទឹក

បើ​អស់​ផ្លូវវាង​ហើយ តែ​អ្នក​ត្រូវ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត អ្នក​ត្រូវ​ដឹង​ពី​កម្ពស់​ទឹក​ដែល​លិច​នោះ។ វិធី​ល្អ គឺ​អ្នក​អាច​សង្កេត​មើល​រថយន្ត​នៅ​ខាង​មុខ​បាន​ថា​តើ​កម្ពស់​ទឹក​នោះ​ជ្រៅ​កម្រិត​ណា តើ​វា​អាច​ចូល​ក្នុង​រថយន្ត​ទេ​ពេល​បើកបរ ហើយ​លិច​បំពង់​ស៊ីម៉ាំង​រថយន្ត​ ឬ​អត់។ បើ​អ្នក​ជិះ​រថយន្ត​ប្រភេទ តួ​ខ្ពស់ SUV អ្នក​ប្រហែល​ជាមិន​សូវ​បារម្ភពី​រឿង​នេះ​ទេ តែ​បើ​អ្នក​បើក​បរ​រថយន្ត​ទាប​ប្រភេទ​ Sedan វីញ​ កម្ពស់​ទឹក​លើ​ផ្លូវ​មិន​អាច​លើស​ពី ៣០ សង់ទីម៉ែត្រ​ឡើយ ព្រោះ​វាអាច​ឲ្យ​ទឹក​ចូល​ក្នុង​រថយន្ត និង​ម៉ាស៊ីន​បាន បណ្ដាល​ឲ្យ​រលត់​នៅ​ក្នុង​ទឹក​ជា​យថាហេតុ។

៣. ឲ្យ​រថយន្ត​ផ្សេងទៅ​មុន

នេះ​ជា​រឿង​មួយ​ដែល​ចាំបាច់​ផង​ដែរ​ ព្រោះ​ថា​បើ​ជិះ​ទន្ទឹម​គ្នា​ ទឹក​អាច​សាច​ចូល​មក​ក្នុង​រថយន្ត​របស់យើង​បាន ឬ​ក៏​វា​អាច​ចូល​ក្នុង​ម៉ាស៊ីន​ពេល​រលក​ទឹក កើន​ឡើង​តាម​ល្បឿន​រថយន្ត​ ដែល​បើក​ក្បែរយើង។ បើ​សិន​ជា​រថយន្ត​គេ​ ជា​រថយន្ត​ធំ​ទៀត វា​រឺត​តែ​បង្ក​បញ្ហា​ធំ​ជាង​មុន​ ពេល​អ្នក​បើក​បរ​នៅ​ក្បែរ​វា។

៤. ព្យាយាម​បើក​កណ្ដាល​ទ្រូង​ផ្លូវ

នៅ​លើ​ដង​ផ្លូវ ផ្នែក​ខា​ង​ចិញ្ចើម​ទាំង​សង​ខាង ភាគច្រើន​ជា​កន្លែង​ដែល​ទឹក​ដក់​ជ្រៅ និង​ជាមាត់​លូ​ក៏​ថា​បាន។​ ដូច្នេះ​ អ្នក​បើកបរ​ទាំង​ឡាយ​គួរ​ព្យាយាម​បើក​បរ​មក​កណ្ដាល​ទ្រូង​ផ្លូវ ដែលវា​លិច​ទឹក​មិន​សូវ​ជ្រៅ ឬ​ក៏​មិន​លិច​ផងក៏​ថា​បាន។

៥. កុំ​បើក​លឿន​ពេក

ការ​បើក​បរ​ក្នុង​ទឹក ល្បឿន​លឿន​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សាច​ទឹក​​ដល់​អ្នក​ដំណើរ​ដទៃ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យកម្ពស់​ទឹក​ខាង​មុខ​កើន​ឡើង​អាច​ជ្រាប​ចូល​ក្នុង​ម៉ាស៊ីន​រថយន្ត និង​ធ្វើ​ឲ្យ​ក្រឡា​កង់​រថយន្ត​មិន​ខាំ ស៊ី​គ្នា​នឹង​ផ្លូវ​ទៀត​ផង។ បើ​សិន​ជា​អ្នក​ជ្រុល​បើក​លឿន ហើយ​មាន​អារម្មណ៍​ថា​ក្រឡា​កង់​រថយន្ត​​មិន​ជាប់​លើ​ផ្លូវ វិធី​ល្អ​នោះ​គឺកុំ​ជាន់​ហ្រ្វាំង ​ត្រូវ​ដក​ជើង​ចេញ​ពី​ហ៊្គែរ ហើយ​កាន់​ចង្កូត​ឲ្យ​ត្រង់​ សឹម​កង់ខាំជាមួយ​ថ្នល់ហើយ ចាំ​ប្រើហ្វ្រាំង​វិញ។

៦. កុំឈប់

ថ្វីត្បិត​តែ​អ្នក​ត្រូវ​បើក​យឺតៗ​មែន តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ឈប់​នៅ​ក្នុង​ទឹក​ជ្រៅ​នោះ​​ទេ។ ការ​ឈប់​នៅ​ក្នុង​ទឹក​ជ្រៅ​​ អាច​ធ្វើ​ឲ្យទឹក​ចូល​ក្នុង​បំពង់​ស៊ីម៉ាំងបាន ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីនរលត់​ខូច និង​អស់​ថ្លៃ​ជួស​ជុល​ច្រើន។ វិធី​ល្អ​បំផុត​ គឺ​ជើង​របស់​អ្នក​គួរ​នៅ​ជាប់ហ៊្គែរ ហើយ​ជាន់​តិច​ៗ​ជានិច្ច​ដើម្បី​ឲ្យ​ម៉ាស៊ីនបញ្ចេញ​ផ្សែង​តាម​បំពង់​ស៊ីម៉ាំង​ រារាំង​ទឹក​មិនឲ្យ​ចូល​ម៉ាស៊ីន។

៧. សម្ងួត​ហ្រ្វាំង​របស់​អ្នក

ពេល​អ្នក​បើក​មក​ដល់​ផ្លូវ​ដែល​ស្ងួត​ហើយ​ អ្នក​អាច​ធ្វើ​ការ​សម្ងួត​ហ្វ្រាំង​រថយន្ត​អ្នក​បាន ដោយ​ជិះ​ហើយ​ជាន់​វា ២ ទៅ ៣​ ដង​ឲ្យ​ជាប់​ ដើម្បី​ប្រាកដ​ថា ហ្វ្រាំង​រថយន្ត​អ្នក​ដំណើរ​ការ​ធម្មតា​វិញ។

៨. ប្រការ​មិន​គួរ​ធ្វើ​ពេល​រថយន្ត​រលត់​ក្នុង​ទឹក

បើ​សិន​ជា​រថយន្ត​អ្នក​រលត់​នៅ​ក្នុង​ទឹក​នោះ អ្នក​មិន​ត្រូវ​បើក​ទ្វារ​ចេញ​ឡើយ ហើយ​ក៏​មិន​គួរ​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​ឡើង​វិញ​ដែរ។ បើ​សិន​ជា​អ្នក​បើក​ទ្វារ វា​អាច​ឲ្យ​ទឹក​ខាង​ក្រៅ​ហូរ​ចូល​មក​ក្នុង​រថយន្ត​ពេញ​ទំហឹង ហើយ​ការប្រឹង​បញ្ឆេះរថយន្ត ក៏​អា​ច​ធ្វើ​ឲ្យ​រថយន្ត​ទាំង​មូល​ខូច​ប្រព័ន្ធ​ភ្លើង និង​ម៉ាស៊ីន​ឈ្លក់​ទឹក​ផង​ដែរ ដែល​ពួក​វាសុទ្ធ​តែ​ជា​ការ​ចំណាយ​ដ៏ច្រើន​ទាំង​អស់។​ វិធី​ដែល​ល្អគឺ​តេ​ហៅ​រក​ជំនួយ ឬ​ចាំ​ដល់​ទឹក​ស្រក​ខ្លាំង​សឹម​ចេញ​ក្រៅ​រថយន្ត​ និង​រក​ជំនួយ។

ចុចអានអត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា