ពាន​«ជើង​ឯក​វិទ្យាល័យ​»​អាច​ផ្តល់ឱកាសយុវជនល្អៗឆ្ពោះទៅក្លឹបអាជីព​

  • 2019-05-24 04:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រ​កួត​ពាន់​រង្វាន់​ «ជើង​ឯក​វិទ្យាល័យ» លើក​ទី​១​ ឆ្នាំ​២០១៩ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា​ ខាងមុខ​នេះ​ ដោយ​មាន​​៩​ក្រុម​ចូល​រួម​មក​ពី​គ្រឹះស្ថាន​ចំណេះ​ដឹង​ទូទៅ​របស់​រដ្ឋ​ និង​ឯក​ជន។

សន្និសីទ​កាសែត​

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិល​មិញ​ ថ្ងៃ​ទី​​២៣​ ខែ​ឧសភា​ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ជើង​ឯក​កម្រិត​វិទ្យាល័យ​នេះ​​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​មាន​កិច្ចប្រតិបត្តិការ​រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ​​និង​សមាគម​ក្លឹប​បាល់ទាត់​ បឹងកេត។ គោល​បំណង​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​មាន​សកម្មភាព​រស់​រវើក​ និង​រីកចម្រើន​។ ជា​ពិសេស​សំដៅ​​ដល់​ការ​បណ្ដុះ​ស្មារតី​ឲ្យ​​ស្រឡាញ់​កីឡា​ សុខភាព ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​ សម្រិត​សម្រាំង​ធនធាន​កីឡាករ​បន្ត​វេន​ ព្រម​ទាំង​រឹត​ចំណង​មិត្ត​ភាព​ សាមគ្គី​ភាព​រវាង​សិស្សានុសិស្ស​​ពី​វិទ្យាល័យ​មួយ​​ទៅ​វិទ្យាល័យ​មួយ។

លោក បែ មករា

លោក​ បែ មករា​ អ្នក​ចាត់​ការ​ទូទៅ​បឹងកេត​ បាន​និយាយ​ថា ៖«គោល​បំណង​របស់​ក្លឹប​ដែល​ចូលរួម​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​យើង​ចង់​បាន​កីឡាករ​ថ្មី​ៗ​ល្អ​ៗ​បន្ថែម​ទៀត​ ដូច្នេះ​ទើប​គ្រប់​ការ​ប្រកួត​យើង​មាន​ក្រុម​បច្ចេកទេស​​​តាម​ដាន​កីឡាករ​ដែល​ល្អ​ពិត​ប្រាកដ។ សាលា​ខ្លះ​អាច​មាន​កីឡាករ​ល្អ​មួយ​ឬ​ពីរ​ ហើយ​សាលា​ខ្លះ​ទៀត​អាច​មាន​ច្រើន​នាក់​ អីចឹង​បើ​យើង​ឃើញ​ថា ល្អ​ យើង​នឹង​ជ្រើស​រើស​ចូល​ហាត់​ជា​មួយ​​ថ្នាល​យុវជន​បឹងកេត»។

ជើង​ឯក​វិទ្យាល័យ​ដែល​មាន​ក្រុម​ចូល​រួម​៩​នេះ​ត្រូវ​ប្រកួត​តាម​ប្រព័ន្ធ​លីគ​ពីរ​ជុំ (Two round league) ដែល​ក្រុម​នីមួយ​ៗ​ត្រូវ​ប៉ះ​គ្នា​ពីរ​ដង។ បន្ទាប់​ពី​ការ​ប្រកួត​ចប់​ទាំង​ពីរ ក្រុម​ដែល​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ នឹង​ក្លាយ​ជា​ជើង​ឯក​តែ​ម្តង។

ក្រុម​វិទ្យាល័យ​ដែល​ចូលរួម​ប្រ​កួត​មាន​

  • វិទ្យាល័យ​ ច្បារអំពៅ
  • វិទ្យាល័យ​ ចាក់​អង្រែ
  • វិទ្យាល័យ​ បឹងត្របែក
  • វិទ្យាល័យ ជាស៊ីម សាមគ្គី
  • វិទ្យាល័យ ​ព្រះ​ស៊ីសុវត្ថិ
  • សាលា ​វេស្ទឡាញន៍
  • វិទ្យាល័យ ឬស្សីកែវ
  • វិទ្យាល័យ ហ៊ុនសែន ភ្នំពេញ​ថ្មី
  • វិទ្យាល័យ ឥន្ទ្រទេវី​

ប្រាក់​រង្វាន់

  • លេខ១៖ ទទួល​បាន ៦០លានរៀល និង​ មេដាយ​ ៣០គ្រឿង
  • លេខ២៖ ទទួល​បាន ៤០លានរៀល និង មេដាយ​ ៣០គ្រឿង
  • លេខ៣៖ ទទួល​បាន ២០លាន​រៀល និង មេដាយ​ ៣០គ្រឿង
  • រួម​ទាំង​មាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​មួយ​ចំនួន​ទៀត​ផ្ដល់​ជូន​​ កីឡាករ​ឆ្នើម អ្នក​ចាំ​ទី​ល្អ​ប្រចាំ​រដូវ​កាល​ទី​១​ផង៕

​​​​ព័ត៌មាន​ពិស្តារ​អំពី​ការ​ប្រកួត​នេះ​ សូម​ចុច High School League

អត្ថបទ៖ យ៉ន សូវៀត

អត្ថបទថ្មី