សង្វៀន​ស្វាយធំ​ពឹងលើការលក់សំបុត្រម្នាក់៥ពាន់រៀលទាំងវេទនា

  • 2019-05-29 01:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ជា រិទ្ធ​ ​​​​គ្រូ​បង្វឹក​ប្រដាល់​​​​​ប្រចាំ​ក្លឹប​អាណា​ចក្រ​ប្រយុទ្ធ​បាន​បង្ហើប​​អំពី​បញ្ហា​ប្រឈម​​មួយ​ចំនួន​​ជុំ​វិញ​ការ​ប្រកួត​​​​ប្រដាល់​ប្រចាំ​សប្ដាហ៍​នៅ​សង្វៀន​​ប្រដាល់​គុន​ខ្មែរ​​ក្នុង​ទឹក​ដី​​ខេត្ត​សៀមរាប​​ ខណៈ​ការ​ចំណាយ​មួយ​ចំនួន​​ពឹង​ផ្អែក​លើ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ត្រឹម​តែ​៥​ពាន់​រៀល​ប៉ុណ្ណោះ។​ ​

​គ្រូ​បង្វឹក​​​ប្រដាល់​ដែល​​​​បញ្ចប់​អនុបណ្ឌិត​​​​​ផ្នែក​​ភាសា​អង់គ្លេស​​​ ជា រិទ្ធ រៀប​រាប់​ថា ៖«​សង្វៀន​​យើង​​បាន​​រៀប​ចំ​ប្រមាណ​ជា​២​ខែ​មក​ហើយ​ ហើយ​​​​យើង​អត់​មាន​​អ្នក​ជួយ​ឧបត្ថម្ភ​ជា​ដុំ​កំភួន​អ្វី​នោះ​ទេ​។ យើង​មាន​តែ​អ្នក​ស្រលាញ់​​​កីឡា​ប្រដាល់​ និង​ ​​បាន​ចូល​​រួម​ជា​មួយ​គ្នា​ត្រឹម​បួន​នាក់​ប៉ុណ្ណឹង​​ដើម្បី​បង្កើត​សង្វៀន​​នេះ។ ​ការ​លំបាក​របស់​យើង​​គឺ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កីឡាករ​ និង​អាជ្ញា​កណ្ដាល-​​ចៅ​ក្រម​​​ក៏​នៅ​​មាន​កម្រិត​តិច​តួច​តាម​​លទ្ធភាព។​ បើ​ត្រូវ​នាំ​កីឡាករ​​​​មក​ពី​ថៃ​ទៀត​គឺ​លំបាក​ និង ​អស់​ច្រើន​ព្រោះ​ពួក​គេ​ត្រូវ​​ស្នាក់​នៅ ឬ ធ្វើ​ដំណើរ​ជា​ដើម។ ​ពួក​យើង​​​ជា​អ្នក​ចូល​រួម​​រៀប​ចំ​​នេះ​​សុទ្ធ​តែ​​​ថវិកា​ម្នាក់​បន្តិចៗ​ ប៉ុណ្ណោះ ​ហើយ​​ខ្ញុំ​​​មិន​ដឹង​ថា​ប្រឹង​​រហូត​បាន​ប៉ុណ្ណា​ទេ»។

លោក ជា រិទ្ធ និង គង់ សំបូរ

គ្រូ​បង្វឹក​​ គង់​ សំបូរ ​និង​ ឫទ្ធ សាស្ត្រាវុធ ​បន្ត​ថា​ ​អ្នក​​ចូល​រួម​​​លុយ​កាក់​ចាត់​ចែង​​ជា​មួយ​គ្នា​​​ដូច​ជា​មាន​មី​ង​ម្នាក់​ ​​​ប្អូន​​អ្នក​រត់​ឡាន​ម្នាក់ ​និង​ ​អ្នក​​ធ្វើ​ការ​នៅ​មន្ទីរ​​នៃ​ខេត្ត​សៀមរាប​ម្នាក់។ ចំណែក​​ទីកន្លែង​ប្រកួត​គឺ​​​ទទួល​​បាន​ការ​ឧបត្ថម្ភ​​ដោយ​មិន​បាច់​បង់​លុយ​នោះ​ទេ។ ​ពី​ដំបូង​ឡើយ​​​ការ​ចូល​លុយ​គ្នា​នេះ​ គឺ​ដើម្បី​ទិញ​ខ្សែ​រេញ​ ​ទិញ​សម្ភារៈ​ និង ការ​រៀប​ចំ​​នានា។ ​ដ្បិត​ការ​គាំទ្រ​ពី​​ទស្សនិកជន​​មិន​សូវ​ច្រើន​ ប៉ុន្តែ​មាន​ការ​កើន​ឡើង​​​​មួយ​​ចំនួន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ​

កាល​ខែ​​មុន​​ សង្វៀន​ដែល​ស្ថិត​នៅ​ស្វាយធំ​​បាន​​រៀប​ចំ​ការ​ប្រកួត​​រាល់​ថ្ងៃ​ព្រហស្បតិ៍​​​ប្រចាំ​សប្ដាហ៍​​​ ប៉ុន្តែ​​ឥឡូវ​នេះ​មាន​ការ​​ផ្លាស់​ប្ដូរ​ មក​​​ប្រកួត​ត្រឹម​២​ដង​ក្នុង​​ខែ​វិញ​ ដោយ​សារ​អាកាសធាតុ​មិន​សូវ​ល្អ​​ដូច​ពី​មុន​ពោល​ចូល​​ខែ​​វស្សា។​ ​ពេល​ខ្លះ​​​ប្រកួត​ចំ​ថ្ងៃ​​ភ្លៀង​ ​គឺ​​​អត់​សូវ​មាន​អ្នក​មក​ទស្សនា​​នោះ​ទេ។ ​​ការ​ប្រកួត​នេះ​ គឺ ​ចំណូល​មួយ​ផ្នែក​បាន​មក​ពី​ការ​លក់​សំបុត្រ​ ម្នាក់​​ចំនួន​៥០០០ ​រៀល។ ​ដូច្នេះ​បើ​សិន​អត់​មាន​អ្នក​ចូល​រួម​ច្បាស់​​ជា​​ត្រូវ​ចំណាយ​រឹត​តែ​ធំ​ឡើងៗ។

កូន​សិស្ស​របស់​​លោក​គ្រូ​ ទឹម ម៉ៃទី ​​​បាន​គូស​បញ្ជាក់​ទៀត​ថា​ ​ការ​រៀប​​​ចំ​សង្វៀន​​ប្រដាល់​ក្នុង​ខេត្ត​សៀមរាប​​ដោយ​គ្មាន​អ្នក​ឧបត្ថម្ភ​ធំ​នេះ​ដោយ​សារ​ ​ចង់​​ពង្រឹង​សមត្ថភាព​កីឡាករ​នៅ​ក្នុង​ខេត្ត​ និង​ ​ពង្រឹង​សមត្ថភាព​ដល់​ពន្លក​កីឡាករ​ជំនាន់​ក្រោយ​ដើម្បី​​ឲ្យ​សុំា​ទៅ​នឹង​​ការ​ប្រកួត​ ​ព្រោះ​អ្នក​ខ្លះ​ហ្វឹកហាត់​មិន​ងាយ​បាន​ឡើង​ប្រកួត​នៅ​​សង្វៀន​តាម​ប៉ុស្តិ៍​​ទូរទស្សន៍​ល្បីៗ​ឡើយ។ ជា​ធម្មតា​ការ​រៀប​ចំ​​នេះ​តែង​តែ​មាន​ចន្លោះ​ពី​​​ ៥ ទៅ​ ៦ គូ។​ ក្នុង​នោះ​​ការ​ប្រកួត​​គូ​បើក​ឆាក​​ ​គឺ​​ដាក់​ក្មេងៗ​ដែល​​ជា​កីឡាករ​ថ្នាល​ជំនាន់​ក្រោយ​នៅ​​ទឹក​ដី​ខេត្ត​សៀមរាប​តែ​ម្ដង។

ខេត្ត​សៀម​រាប​​ជា​ខេត្ត​ដែល​មាន​​ចម្លាក់​ក្បាច់​គុន​​នៅ​តាម​ជញ្ជាំង​ប្រសាទ​ ​ប៉ុន្តែ​ការ​រៀប​ចំ​​ព្រឹត្តិការណ៍​ប្រកួត​ក្បាច់​គុន​ខ្មែរ​លើ​សង្វៀន​ជា​ប្រចាំ​​ ហាក់​ស្ងប់ស្ងាត់​មួយ​​រយៈ​ចុង​ក្រោយ។ សង្វៀន​​ប្រដាល់​នៅ​សៀមរាប​ធ្លាប់​មាន​ប្រដាក់​ញឹក​ញាប់​កាល​ជំនាន់​សព​លោក​ ម៉ា សេរី អតីត​ប្រធាន​ផ្នែក​កីឡាករ​ស្ថានីយ​ទូរទស្សន៍ ស៊ីធីអិន​ និង​ MyTV ប៉ុន្តែ​​បាន​ផ្អាក​រហូត​ដល់​សព្វ​ថ្ងៃ៕​

រូបភាព​ប្រកួត​នៅ​សង្វៀន​ស្វាយធំ

អត្ថបទ៖ ស៊ីធី