មុន​រើស​ជំនាញ​សិក្សា ឬ​ការងារ​ធ្វើ​ចាំបាច់​ណាស់​ត្រូវ​ចេះ​វាយ​តម្លៃ​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹម​ត្រូវ​បំផុត

  • 2019-06-06 22:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្គាល់​ខ្លួនឯង​បាន​ច្បាស់ ជា​កត្តា​សំខាន់​មួយ​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវ​មាន​។ ព្រោះ​វា​អាច​ឲ្យ​មនុស្ស​ស្គាល់​ពី​ទី​តាំង​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ ស្ថានភាព​ដែល​ខ្លួន​កំពុង​ជួប​ប្រទះ និង​គោលដៅ​ដែល​ត្រូវ​ទៅ​។ ការ​ស្គាល់​ខ្លួនឯង អាច​ជួយ​ឲ្យ​មនុស្ស​អភិវឌ្ឍ​ខ្លួន​ដោយ​មាន​ប្រសិទ្ធភាព និង​ត្រូវ​តាម​អ្វី​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​។

រូបភាពតំណាង

ដើម្បី​ស្គាល់​ខ្លួនឯង​បាន មនុស្ស​ម្នាក់ៗ ត្រូវ​ចេះ​វាយ​តម្លៃ​ខ្លួនឯង​។ ដើម្បី​វាយ​តម្លៃ​ខ្លួនឯង​ ឲ្យ​បាន​ត្រឹមត្រូវ​ភាគ​ច្រើន​បំផុត មុន​នឹង​ជ្រើស​មុខ​វិជ្ជា​សិក្សា ឬ​រក​ការងារ​ធ្វើ​នោះ គេ​ត្រូវ​មើល​ទៅ​លើ​ចំណុច​បួន​យ៉ាង​សំខាន់ៗ ដែល​នឹង​រៀបរាប់​ខាង​ក្រោម​។ ចំណុច​ទាំង​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី www.thebalancecareers.com ។

តម្លៃ

អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី ដែល​អ្នក​គិត​វា​ជា​សំខាន់​ក្នុង​ជីវិត​អ្នក​។ អ្នក​ឲ្យ​តម្លៃ​លើ​ចំណូល ឬ​ការងារ​សង្គម ឬ​ការ​អប់រំ វា​អាស្រ័យ​លើ​និស្ស័យ​របស់​អ្នក​។ បើ​អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​មុខវិជ្ជា​ណា ការងារ​ណា អ្នក​នឹង​ប្ដូរផ្ដាច់​ជា​មួយ​មុខវិជ្ជា​នោះ ការងារ​នោះ​។

តម្លៃ​មាន​ពីរ​យ៉ាង គឺ​តម្លៃ​ពិត​ខាង​ក្នុង និង​តម្លៃ​សន្មត​ខាង​ក្រៅ​។ តើ​មាន​ន័យ​ដូច​ម្ដេច​?

តម្លៃ​ពិត​ខាង​ក្នុង គឺ​បាន​ន័យ​ថា​គុណសម្បត្តិ ដែល​មាន​នៅ​ក្នុង​ការងារ​ស្រាប់ និង​បាន​ជួយ​រួម​ចំណែក​ក្នុង​សង្គម​។ រីឯ​តម្លៃ​សន្មត​ខាង​ក្រៅ គឺ​សំដៅ​ដល់​មុខ​មាត់​ការងារ និង​ប្រាក់​ចំណូល​ដែល​ទទួល​បាន​។

និយាយ​ពី​គុណ​តម្លៃ​ក្នុង​ករណី​នេះ​អ្នក​គួរ​គិត​ដល់​សំណួរ​ចំនួន​៤​៖

១- តើ​ប្រាក់​ខែ​ច្រើន​ពិត​ជា​សំខាន់​សម្រាប់​អ្នក​?

២- តើ​ការ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ក្នុង​សង្គម​វា​សំខាន់​សម្រាប់​ការ​រៀន និង​ការងារ​អ្នក​ដែរ​ទេ​?

៣- តើ​អ្នក​ឲ្យ​តម្លៃ​លើ​ការ​រួម​ចំណែក​កិច្ចការ​សង្គម ក្នុង​ការ​រៀន និង​ការងារ​ដែរ​ទេ​?

៤- តើ​កិត្យានុភាព​នៃ​ការងារ​វា​សំខាន់​សម្រាប់​អ្នក​ឬ​ទេ​?

ចំណាប់​អារម្មណ៍

ចំណាប់​អារម្មណ៍​តែង​តែ​ពញ្ញាក់​ចិត្ត​មនុស្ស​ឲ្យ​ចង់​ដឹង​ចង់​ស្គាល់​អ្វី​មួយ​។ បើ​និយាយ​ពី​ការងារ​សារព័ត៌មាន​វិញ អ្នក​ខ្លះ​ចាប់​អារម្មណ៍​រឿង​នយោបាយ អ្នក​ខ្លះ​រឿង​សេដ្ឋកិច្ច អ្នក​ខ្លះ​កីឡា ឬ​សិល្បៈ​ជាដើម​។ ការ​រៀន​ដូច​គ្នា សិស្ស​ខ្លះ​ចាប់​អារម្មណ៍​លើ​កសិកម្ម ខ្លះ​ទៀត​ទាក់​ចិត្ត​លើ​ប្រព្រឹត្តិកម្ម​គីមី​។ល។ សួរ​ថា​តើ​អ្នក​ចាប់​អារម្មណ៍​លើ​អ្វី​? អ្នក​ត្រូវ​ឆ្លើយ​សំណួរ​នេះ​ឲ្យ​ចេញ​។ ព្រោះ​ចំណាប់​អារម្មណ៍​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ចង់​ចេះ ចង់​ដឹង ចង់​ធ្វើ និង​តាម​ដាន​បំផុត​នូវ​អ្វី​ដែល​ខ្លួនឯង​បាន​ចាប់​អារម្មណ៍​លើ​។

បុគ្គលិកលក្ខណៈ

អ្នក​រៀន និង​អ្នក​រក​ការងារ​ធ្វើ​ក៏​ត្រូវ​ដឹង​ពី​បុគ្គលិកលក្ខណៈ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ដែរ​។ បុគ្គលិក លក្ខណៈ​នៃ​មនុស្ស​ម្នាក់ៗ គឺ​សំដៅ​ដល់​៖

  • របៀប​នៃ​ការ​ទទួល​កម្លាំង​ចិត្ត​នៃ​មនុស្ស​នោះ (តាម​រយៈ​អ្នក​ដទៃ និង​ក្នុង​ខ្លួន​ផ្ទាល់)

  • ការ​ដឹង និង​ការ​ទទួល​ដំណឹង

  • ការ​ទទួល​អារម្មណ៍ និង​ការ​គិត​ពិចារណា

  • ការ​វិនិច្ឆ័យ និង​សម្រេច​ចិត្ត

  • ទស្សនវិស័យ និង​ការ​កំណត់​គោលដៅ​។

នេះ​ជា​ការ​លើក​ឡើង​នៃ​ទ្រឹស្ដី​របស់​លោក Carl Jung អ្នក​ជំនាញ​ផ្នែក​បុគ្គលិកលក្ខណៈ​។

សមត្ថភាព ឬ​សម្បទា

ពូកែ​ខាង​អ្វី​? អ្នក​ត្រូវ​រក​ឲ្យ​ឃើញ​។ បើ​និយាយ​ពី​ការ​រៀន​នៅ​ថ្នាក់​មធ្យមសិក្សា​ក្នុង​ចំណោម​មុខ​វិជ្ជា​ទាំង​ជាង​១០​មុខ អ្នក​អាច​ធ្វើ​បាន​ល្អ​ជាង​គេ​លើ គណិតសាស្ត្រ ភាសាខ្មែរ សីលធម៌​-​ពលរដ្ឋ រូប គីមី...​។ បើ​និយាយ​ពី​ការងារ អ្នក​អាច​ស្ទាត់ និង​ធ្វើ​បាន​ល្អ​លើ​ការ​សរសេរ និយាយ​រៀប​រាប់ (អភិប្រាយ) ថតរូប សរសេរ​កូដ​...​។

នៅ​ពេល​អ្នក​ធ្វើ​ការ​បាន​ល្អ អ្នក​នឹង​សប្បាយ​ចិត្ត ហើយ​ចូល​ចិត្ត​ធ្វើ​វា​ជា​រឿយៗ រហូត​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ប្រសើរ​។ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ឲ្យ​អ្នក​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការងារ និង​ការ​សិក្សា និង​មិន​ងាយ​បាក់​ទឹក​ចិត្ត​ផង​ដែរ​។

អត្ថបទ៖ ឈិន ធារ៉ាត់

អត្ថបទថ្មី