ខ្លាំង​នៅ​តែ​ខ្លាំង​ក្រុម​ស្រី​ស្អាត OMG ជាប់​លេខ​១ ឯ​៤ក្រុម​ទៀត​ជាប់​លេខ២ និង​៣ យប់មិញ

  • 2019-06-08 02:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត K-POP World Festival នៅ​មជ្ឍមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រក​ឃើញ​ម្ចាស់​ជយលាភី​លេខ​១ ឆ្ពោះ​ទៅ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ Changwon នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ម្ចាស់​ជយលាភី​លេខ​១ K-POP World Festival ឆ្នាំ ២០១៩ នេះ​បាន​ទៅ​លើ​ក្រុម​រាំ​ស្រី​ល្បី​ឈ្មោះ OMG Girls's Dance។ ក្រុម​ស្រី​ស្អាត ដែល​រាំ​ពត់​ពេន​កាច់​រាង​បាន​ល្អ​នោះ ទី​បំផុត​បាន​យក​ឈ្នះ​១១ ក្រុម​ផ្សេង​ទៀត​ក្រោម​សំឡេង​ស្រែក​ហ៊ោ​យ៉ាង​កង​រំពង​នៅ​ក្នុង​សាល​របស់ CKCC។

ដោយ​ឡែក ៤ក្រុម​ទៀត បាន​ទទួល​ចំណាត់​លេខ​២​ស្ទួន និង​លេខ​៣​ស្ទួន។ ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​លើ កញ្ញា Visoththyda Ung ដែល​កញ្ញា បាន​បញ្ចេញ​ទេពកោសល្យ​យ៉ាង​កម្រ​តែ​ម្នាក់​ឯង ច្រៀង​ផង និង​លេង​ព្យ៉ាណូ​ផង។ ដោយ​ឡែក ចំណាត់​ថ្នាក់​លេខ​២​ផ្សេង​ទៀត​បាន​ទៅ​លើ​ក្រុម Ninjar Top(NT)។ NT បាន​យក​ឈ្នះ​ក្រុម​ផ្សេង​ទៀត ដោយ​ប្រើ​ទេពកោសល្យ​រាំ​គួរ​ឲ្យ​ទាក់​ទាញ​ក្នុង​បទ "Hala Hala”។

កញ្ញា Visoththyda Ung ចំណាត់​ថ្នាក់​លេខ​២
ក្រុម​ NT ចំណាត់​ថ្នាក់​លេខ​២

វិល​មក​ចំណាត់​លេខ​៣​នៅ​ក្នុង​កម្មវិធី​វិញ ដែល​មាន​២​ក្រុម​ដែរ បាន​ទៅ​លើ​ក្រុម MJM និង​ក្រុម Elaztix-B។ ទាំង​ពីរ​ក្រុម ឈ្នះ​ក្នុង​វិញ្ញាសា​ក្បាច់​រាំ​ដូច​គ្នា ដោយ MJM ឈ្នះ​ដោយ​ការ​រាំ​បទ "Kill this Love” របស់ Black Pink។ ដោយ​ឡែក Elaztix-B បញ្ចេញ​ទេពកោសល្យ​រាំ​បទ "Boy with luv របស់​ក្រុម BTS។

ជាមួយ​នឹង​ជយលាភី​ខាង​លើ​ក្រុម​ចំណាត់​ថ្នាក់​លេខ១ ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​ចំនួន ១០០០​ដុល្លារ និង​បន្ត​ដំណើរ​ទៅ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ប្រទេស​កូរ៉េ​ទៀត​នៅ​ចុង​ឆ្នាំ ២០១៩។ ដោយ​ឡែក​លេខ​២ ទទួល​បាន​ទឹក​ប្រាក់ ៥០០​ដុល្លារ​អាមេរិក និង​ចំណាត់​ថ្នាក់​លេខ​៣​ទទួល​បាន​ទឹក​ប្រាក់ ៣០០​ដុល្លារ​អាមេរិក។

ក្រុម MJM ចំណាត់​ថ្នាក់​លេខ​៣
ក្រុម Elaztix-B ចំណាត់​ថ្នាក់​លេខ​៣

ព្រឹត្តិការណ៍​ខាង​លើ បាន​ធ្វើ​ឲ្យ​កក្រើក​នៅ​មជ្ឈមណ្ឌល CKCC ក្រោម​សំឡេង​ស្រែក​ហ៊ោ​យ៉ាង​កង​រំពង​គ្រប់​ការ​សម្ដែង​របស់​បេក្ខជន​ទាំង​អស់។ ព្រឹត្តិការណ៍​នេះ ​ស្ថានីយ​ទូរទស្សន៍ KBS(Korean Broadcast System) របស់​កូរ៉េ ក៏​បាន​ចុះ​មក​ថត​ផ្ទាល់​ដើម្បី​ផ្សព្វផ្សាយ​ទៅ ១២០​ប្រទេស​នៅ​លើ​ពិភព​លោក​ផង​ដែរ។ លោក Kim Il hoon អ្នក​ផលិតកម្ម​វិធី​នៃ​​ស្ថានីយ​ទូរទស្សន៍ KBS និង​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​បង្កើត K-POP World Festival បាន​ឲ្យ​ដឹង​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ទៅ​នឹង​សមត្ថភាព​របស់​បេក្ខជន​ទាំង​អស់​ក្នុង​កម្មវិធី។

ដូច្នេះ​ហើយ លោក​សង្ឃឹម​ថា ពួក​គេ ពិសេស​ក្រុម​ជយលាភី​នឹង​បន្ត​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ទី​ក្រុង Changwon ចុង​ឆ្នាំ​នេះ។

កម្មវិធី K-POP World Festival នៅ​កម្ពុជា ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ ស្ថាន​ទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សហការ​ជាមួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ការ​សម្រប​សម្រួល​របស់​មជ្ឈមណ្ឌល CKCC។ ឯកឧត្តម ជេត ជាលី សាកល​វិទ្យា​ធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឲ្យ​ដឹង​លោក​រីករាយ​មែន​ទែន​សម្រាប់​ព្រឹត្តិការណ៍​នេះ និង​សូម​ថ្លែង​អំណរ​គុណ​ដល់​ស្ថានទូត​ក៉ូរេ ដែល​បាន​បង្កើត​នេះ​ឡើយ ដោយ​យុវវ័យ​ខ្មែរ​បាន​បញ្ចេញ​សមត្ថភាព ក៏​ដូច​ជា​ទេពកោសល្យ​របស់​ពួក​គេ។ ពិសេស​ឯកឧត្ដម អរគុណ​ដែល ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា សម្រេច​ជ្រើស​រើស​សាកល​វិទ្យាភូមិន្ទ​ជា​ដៃគូ។ ដូច្នេះ​ហើយ ឯកឧត្ដម​សូម​ស្វាគមន៍​សម្រាប់​ព្រឹត្តិការណ៍​បន្ត​បន្ទាប់​ទៀត។

ឯក​ឧត្ដម ណាក់ យ៉ុង ឯក​អគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឯកឧត្ដម ក៏​សប្បាយ​ចិត្ត​រីករាយ​ដូច​គ្នា ពិសេស​បាន​ឃើញ​ថា​ពី​ទេពកោសល្យ​របស់​យុវវ័យ​កម្ពុជា តាម​រយៈ​ព្រឹត្តិការណ៍។ លោក​ថា ប្អូន​យុវវ័យ​កម្ពុជា ពិត​ជា​មាន​ទេពកោសល្យ​ខ្ពស់ គួរ​ឲ្យ​សរសើរ។ ដូច្នេះ​ហើយ​ឯង​សូម​អរគុណ​ចំពោះ​ការ​ស្រឡាញ់​ចិត្ត​សិល្បៈ និង​វប្បធម៌​កូរ៉េ។ ឆ្លើយ​តប​ទៅ​នឹង​កាយវិការ​នេះ ឯកឧត្ដម បាន​ស្នើ​ឲ្យ​ទូរទស្សន៍ KBS ដែល​បាន​ចុះ​មក​ថត​ផ្ទាល់ សូម​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ដ៏​ល្អ​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក​ផង៕

អត្ថបទ៖ ទារិកា