Jack Ma ខ្មែរ ចែករំលែក ៥ចំណុច ធ្វើឲ្យហាងមួយ មានគេស្គាល់ច្រើន
- 2019-06-10 07:19:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma ខ្មែរ ចែករំលែក ៥ចំណុច ធ្វើឲ្យហាងមួយ មានគេស្គាល់ច្រើន
ចន្លោះមិនឃើញ
មានទម្រង់មុខជ្រុងស្រួច រាងកាយស្គមស្រដៀងស្ថាបនិកក្រុមហ៊ុន Alibaba បុរសម្នាក់នេះ ត្រូវបានមិត្តភ័ក្ដិជិតស្និទ្ធ ដាក់រហស្សនាមឱ្យថា Jack Ma ខ្មែរ។ តាមពិត Jack Ma ខ្មែររូបនេះ មានឈ្មោះពិតថា សាន់ អារុណរាសី។
បុរសជំនាញខាងធ្វើវិបសាយ និង Build កុំព្យូទ័ររូបនេះ បានឲ្យដឹងថា ក្រោយជាប់ឈ្មោះជា Jack Ma ខ្មែរ លោកចាប់ផ្ដើមមានអ្នកស្គាល់ច្រើន ហើយប្រជាប្រិយភាពរបស់លោកហាក់ហក់ឡើងក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ខណៈហាង One Gears របស់លោក ក៏មានអ្នកស្គាល់ច្រើនគួរឱ្យកត់សម្គាល់។ តាមរយៈ Sabay លោក អារុណរាសី បានចែករំលែកតិចនិច ៥ចំណុច ធ្វើឱ្យហាងមួយ អាចមានអ្នកស្គាល់ច្រើន ដែលមានដូចខាងក្រោម៖
**១. មិនលក់តែផលិតផល តែដំណោះស្រាយ**
លោកចង់បានន័យថា បើកហាងមួយមិនមែនលក់តែផលិតផលនោះទេ ប៉ុន្តែគួរបន្ថែមដំណោះស្រាយ។ ពេលអតិថិជន មានបញ្ហាអ្វីមួយ ឬចម្ងល់ មិនត្រូវគេចវេះទេ គឺត្រូវដោះស្រាយ និងបកស្រាយចម្ងល់តាមតែអាចធ្វើបាន។
២. ផ្សព្វផ្សាយតាមរយៈ YouTuber
លោកទទួលស្គាល់ហ្វេសប៊ុកមានសារសំខាន់ ហើយក្នុងមួយខែៗ លោកចំណាយមិនក្រោម៣០០ដុល្លារទេ លើការផ្សព្វផ្សាយ ប៉ុន្តែហាក់មិនទទួលបានផ្លែផ្កាច្រើនឡើយ។ ក្រោយគិតរួចហើយ លោកបានសម្រេចចិត្ត ងាកមកគាំទ្រ YouTuber វិញ។ ជាលទ្ធផល លោកទទួលបានផ្លែផ្កាគួរឱ្យគត់សម្គាល់។
៣. បង្កើត Channel YouTube
ដោយមើលឃើញសន្ទុះនៃការធ្វើ YouTube បុរសវ័យ ៣០ឆ្នាំក៏បានបង្កើត Channel YouTube ផ្ទាល់ខ្លួនមួយឈ្មោះថា JackMa Sey ដែលផ្ដោតសំខាន់លើ ការអប់រំលើវិស័យបច្ចេកវិទ្យា ដូចជា ធ្វើតេស្តកុំព្យូទ័រ យកទៅប្រៀបធៀបគ្នា ដើម្បីឱ្យអ្នកទស្សនាស្វែងយល់ និងសិក្សាបន្ថែមខ្លួនឯង និងចំណេះដឹងផ្សេងៗជាច្រើនទៀត។ លោក ក៏ធ្វើ Vlog ប្លែកៗខ្លះៗ ដើម្បីកម្សាន្តអារម្មណ៍អ្នកទស្សនា។ លោកសប្បាយចិត្តនឹងចែករំលែក បើទោះមកដល់ពេលនេះ Channel របស់លោកមិនទាន់មានអ្នក Subscribe ច្រើនក្ដី។
៤. បង្កើតបណ្ដាញទំនាក់ទំនង
លោក អារុណរាសី បានសង្កត់ធ្ងន់ថា បណ្ដាញពិតជាសំខាន់ខ្លាំងណាស់ ហើយលោកតែងតែចូលរួមសកម្មភាពសហគមន៍ជាច្រើន ដើម្បីចែករំលែក និងស្រូបចំណេះដឹង ឱ្យគ្នាទៅវិញទៅមុខ បង្កើតទំនាក់ទំនងល្អ។ ចំណុចនេះលោកថា ទទួលបានបទពិសោធន៍ និងចំណេះដឹងល្អច្រើនពីរៀមច្បង។
៥. ភាពស្មោះត្រង់
ចុងក្រោយ គឺភាពស្មោះត្រង់។ បុរសកូនមួយបញ្ជាក់ថា បើលក់ផលិតផល ត្រូវប្រាប់អតិថិជនត្រង់ៗថា យកមកពីណា គុណភាពយ៉ាងម៉េច ហើយតម្លៃស័ក្ដិសម ដែលអតិថិជនអាចទទួលយកបាន ឬមួយថ្លៃជាងតម្លៃដើមខ្លាំងពេក និងមិនបោកប្រាស់។ ស្មោះត្រង់មិនសំដៅតែលើអតិថិជនទេ ខណៈមិត្តភ័ត្តិក៏ដូចគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក ហើយការជួយនេះ យើងអាចនឹងទទួលើបានមកនៅថ្ងៃណាមួយ។
ទោះបីជាយ៉ាងណា បើទោះលោកមិនទាន់កាក់កបខ្លាំងណាស់ណាក្ដី ប៉ុន្មានចំណុចនេះ អាចជាគន្លឹះចាប់ផ្ដើមខ្លះៗ សម្រាប់អ្នកចង់រកស៊ី ហើយការបើកហាងដំបូងទៀតសោត គឺមិនងាយស្រួល ដូចការគិតទុកនោះឡើយ ប៉ុន្តែបើមានចិត្តស្រឡាញ់ ខំប្រឹង នោះនឹងអាចទួលបានផ្លែផ្កាល្អ។
ប្រវត្តិមុនបើកហាង
អតីតនិស្សិតអាហារូបករណ៍ IT នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បង្ហើបថា ដំបូងឡើយលោក គឺជា Freelancer សរសេរកូដវិបសាយមួយរូប។ ក្រោយធ្វើបាន៥ឆ្នាំ លោកបានឈប់ហើយក៏ទៅ Freelancer និងសិក្សារៀនសូត្របន្ថែមនៅ Smallworld (Co-working Space)។ នៅទីនេះលោកមានក្រុមទទួលធ្វើវិបសាយតូចមួយ ប៉ុន្តែត្រូវបរាជ័យ។
បន្ទាប់មកលោកក៏ផ្លាស់ទៅ 5D Lab (Co-working Space) ដោយមិនត្រូវចំណាយលើកន្លែងធ្វើការឡើយ។ ធ្វើបានមួយឆ្នាំ កន្លែងនេះក៏ត្រូវបិទទ្វារ។ បើទោះបីកន្លែងនេះលែងដំណើរការ លោកបានទទួលគម្រោងមួយៗដែរ ដោយទទួលបានកម្រៃចន្លោះពី ២០០ ទៅ ៣០០ ដុល្លារ ដើម្បីផ្គត់ផ្គង់ក្រពះ ដែលនេះលោកថា ជាពេលពិបាកបំផុតសម្រាប់លោក ហើយចុងក្រោយ លោកបានវិលទៅធ្វើជា Freelancer នៅ Smallworld ជាកន្លែងចាស់វិញ។
ចូលដល់ឆ្នាំ ២០១៥ - ២០១៦ ជីវភាពរបស់លោក បានងើបឡើង។ ឱកាសហុចឱ្យលោកបានសម្រេចចិត្ត ឈប់ធ្វើការងារឱ្យគេ រួចមកចាប់ដៃជាមួយភរិយា បើកហាងរកស៊ីតែម្ដង ដោយមានការផ្គត់ផ្គង់ខ្លះៗពីក្រុមគ្រួសារ។
មកទល់ពេលនេះ ហាងរបស់លោក មានអាយុជាងមួយឆ្នាំហើយ បើគិតតាំងពីខែមេសា ឆ្នាំ២០១៨ មក ដោយមួយថ្ងៃលោកអាច Build កុំព្យូទ័របានមួយគ្រឿង និងលក់ផលិតផ្សេងៗទៀត៕