មិន​មែន​ឈុត​សម្ដែង ក្រុម​ថត​ភាពយន្ត​មួយ​ក្រុម ប្រយុទ្ធ​ជាមួយ​ចោរ​ស៊ី​សាច់​ហុត​ឈាម​​យប់​មិញ របួស​ធ្ងន់​រៀង​ខ្លួន

  • 2019-06-12 04:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​មួយ​បាន​លេច​ឡើង​នៅ​ថ្ងៃ​នេះ ថា​មាន​ក្រុម​ថត​ភាពយន្ត​មួយ​ក្រុម បាន​ជួប​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​ជន​សង្ស័យ​ជា​ចោរ​មួយ​ក្រុម នៅ​តំបន់​ជ្រោយ​ចង្វា ក្រោយ​ពី​ក្រុម​ការងារ​ថត​កុន​របស់​ផលិតកម្ម Gold Film បាន​ទៅ​អង្គុយ​លេង​យក​ខ្យល់​អាកាស បន្ទាប់​ពី​បញ្ចប់​ការ​ថត​ភាពយន្ត​ចប់។

លោក ម៉ាប់ ប៊ុនលី(រូប​ដោះអាវ) និង​ក្រុម​ការងារ​ដែល​រង​របួស

ហេតុការណ៍​ប្រទូសរ៉ាយ​យ៉ាង​កម្រ​រវាង​ក្រុម​ផលិត​ភាពយន្ត និង​ក្រុម​ជន​ពាល​ខាង​លើ​នេះ បាន​កើត​ឡើង​កាល​ពីម៉ោង ២​ឆ្លង​ចូល​ថ្ងៃ​ទី ១២ មិថុនា ២០១៩។ លោក ម៉ាប់ ប៊ុនឡី អ្នក​ដឹកនាំ​ក្រុម​ថត​ភាពយន្ត​របស់​ផលិតកម្ម​ខាង​លើ ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើត​ហេតុ លោក​និង​ក្រុម​ការងារ​ថត​ភាពយន្ត​របស់​លោក បន្ទាប់​ពី​បញ្ចប់​ការ​ថត​ឈុត​ខ្លះ​នៃ​រឿង​របស់​ខ្លួន បាន​ទៅ​អង្គុយ​លេង​តាម​ទម្លាប់​តាម​បណ្ដោយ​មាត់​ទន្លេ។

កំពុង​អង្គុយ​ភ្លេច​ខ្លួន ស្រាប់​តែ​មាន​ក្រុម​ជន​សង្ស័យ​មួយ​ក្រុម មិន​ដឹង​ចំនួន​ពិត​ប្រាកដ បាន​ចូល​មក​វាយ​ប្រហារ​ក្រុម​ពួក​លោក​ដែល​អត់​ដឹង​ខ្លួន ទាំង​មិន​ដឹង​មូលហេតុ។ "និយាយ​ទៅ គឺ​ចោរ ចោរ​ប្លន់ វា​កាប់​ពួក​យើង...ហើយ​វា​លេង​ខ្ញុំ​មុន​គេ​តែ​ម្ដង...អង្គុយ​សុខ​ៗ ស្រាប់​វា​លេង​ខ្ញុំ​ផូង ខ្ញុំ​ដួល​ព្រូស ហើយ​ក៏​ប្រឹង​ងើប​មក​វាយ​តប​ពួក​វា​វិញ"។ លោក ប៊ុនលី អធិប្បាយ។

អ្នក​ដឹកនាំ​រឿង​ខាង​លើ ប្រាប់​បន្ត​ថា បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​យ៉ាង​កម្រោល ក្រុម​ពួក​លោក ក៏​បាន​វាយ​បក​ទៅ​វិញ​យ៉ាង​អង់អាច រហូត​ធ្វើ​ឲ្យ​ពួក​ជន​អន្ធពាល​រត់​បែក​ខ្ញែក​គ្នា​អស់។ ក្នុង​ហេតុការណ៍​គួរ​ឲ្យ​តក់​ស្លុត​នេះ មិន​មាន​អ្នក​រង​គ្រោះ​ដល់​ជីវិត​ទេ ប៉ុន្តែ​ក្រុម​ផលិត​ភាពយន្ត​បាន​រង​របួស​៣នាក់​យ៉ាង​ដំណំ​លើ​ក្បាល ក្នុង​នោះ ក៏​មាន​លោក ម៉ាប់ ប៊ុនលី ដែរ។ ដោយ​ឡែក ក្រុម​ជន​សង្ស័យ ក៏​ទំនង​មាន​របួស​យ៉ាង​ដំណំ​ដូច​គ្នា។

រូបភាព៖ ផ្ដល់​ដោយ​លោក ប៊ុនលី

ភ្ជាប់​ជាមួយ​រូប​ភាព បែក​រយះ​ក្បាល​ប្រមាណ​១​ចង្អុល​ដៃ លោក ប៊ុនលី ស្នើ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង​សម្រាប់​ការ​ចេញ​ដើរ​នៅ​ពេល​យប់ ចៀសវាង​គ្រោះ​ថ្នាក់​ដូច​ពួក​លោក៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី