មើលប្រវត្តិស្នេហ៍ Honda និងប្រពន្ធ កើតចេញពីម៉ោងកីឡាពេលរៀនវិទ្យាល័យ
- 2019-06-13 03:17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលប្រវត្តិស្នេហ៍ Honda និងប្រពន្ធ កើតចេញពីម៉ោងកីឡាពេលរៀនវិទ្យាល័យ
ចន្លោះមិនឃើញ
Keisuke Honda ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា និងកំពុងដឹកនាំក្រុមបានយ៉ាងល្អ។
មិត្តអ្នកអានជាច្រើនប្រហែលជាដឹងច្បាស់ពីប្រវត្តិក្នុងអាជីពកីឡាបាល់ទាត់របស់បុរសជប៉ុនម្នាក់នេះហើយ ប៉ុន្តែប្រហែលជាមិនច្បាស់ចំពោះរឿងផ្ទាល់ខ្លួនទាក់ទងនឹងគ្រួសាររបស់លោកឡើយ។ ថ្ងៃនេះ Sabay នឹងលើកយកចំណុចមួយចំនួនដើម្បីឱ្យប្រិយមិត្តកាន់តែដឹងច្បាស់ពី Honda ថែមទៀត។
Honda មានប្រពន្ធនិងរៀបការតាំងពីឆ្នាំ ២០០៨ និងមានកូន៣នាក់ហើយ។ ប្រពន្ធរបស់លោក ឈ្មោះ Misako Honda ហើយមុនពេលរៀបការអ្នកស្រីគឺជាគ្រូបង្រៀនថ្នាក់មត្តេយ្យ។ ប្រវត្តិស្នេហ៍របស់អ្នកទាំងពីរនេះ គឺស្រលាញ់គ្នាតាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ។ គ្រាដំបូងដែលពួកគេជួបគ្នា គឺអំឡុងពេលដែល Honda និង Misako ចូលរៀនម៉ោងកីឡាជាមួយគ្នា។
កាលនោះ Honda នៅក្រុមកីឡាករ ហើយ Misako នៅក្រុមអ្នកចាត់ការ។ អ្នកចាត់ការជម្រើសជាតិកម្ពុជា ចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រពន្ធខ្លួន ក្រោយពីពួកគេបាននិយាយគ្នាលើកដំបូង ក្នុងនាមជាកីឡាករនិងអ្នកចាត់ការក្រុម ខណៈដែលពីមុនមកមិនដែលនិយាយគ្នាសោះ។ Honda តែងតែធ្វើអ្វីឱ្យលេចធ្លោជាងគេជានិច្ចក្នុងក្រុម ដើម្បីឱ្យ Misako ចាប់អារម្មណ៍។ ក្នុងការប្រកួត Honda បានជួយក្រុមឈ្នះ ហើយក៏បានទៅនិយាយជាមួយ Misako និងហៅ Date គ្នានៅក្រៅតែម្ដង។
ប្រភពបានបញ្ជាក់ថានៅគ្រានោះ Misako មានមិត្តប្រុសទៅហើយ ប៉ុន្តែចុងក្រោយនាងនៅតែជ្រើសយក Honda ដដែល។ ពួកគេទាក់ទងគ្នាជាច្រើនឆ្នាំមុនពេលរៀបការនៅឆ្នាំ ២០០៨។ Misako គឺជាកម្លាំងចិត្តសំខាន់ណាស់សម្រាប់ Honda ក្នុងអាជីពបាល់ទាត់នេះ។ នាងតែងតែផ្ដល់កម្លាំងចិត្ត និងជ្រោមជ្រែង Honda ឱ្យជោគជ័យរហូតមក៕
ប្រភព៖ tokyotrendstoday