រុស្ស៊ីមាន OS មួយ ចង់ឲ្យ Huawei ពិចារណាប្រើជំនួស Android
- 2019-06-13 07:19:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីមាន OS មួយ ចង់ឲ្យ Huawei ពិចារណាប្រើជំនួស Android
ចន្លោះមិនឃើញ
រុស្ស៊ីបានឲ្យ Huawei ធ្វើការពិចារណានូវជម្រើសនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការមួយរបស់រុស្ស៊ី។ នេះបើតាមប្រភពមួយដែលបានដឹងច្បាស់អំពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍រុស្ស៊ីលោក Konstantin Noskov និងអនុប្រធានក្រុមប្រឹក្សាភិបាល Huawei លោក Guo Ping។
ក្រៅពីផ្ដល់នូវប្រព័ន្ធប្រតិបត្តិការផលិតដោយរុស្សីដែលមានឈ្មោះថា Aurora ហើយនោះ អំពីបណ្ដាញសង្គម, ប្រព័ន្ធ Search, កម្មវិធីកម្ចាត់មេរោគក៏ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំដែរ។ យ៉ាងណាក្ដីរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍រុស្ស៊ីមិនទទួលស្គាល់ ឬ ក៏ច្រានចោលដំណឹងនេះឡើយ។ ចំណែក Huawei ក៏មិនបានឆ្លើយតបនឹងបញ្ហាក្ដៅមួយនេះដែរ។
ក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់ Huawei និងក្រុមហ៊ុនប្រមាណ ៧០ ទៀត ចូលក្នុងបញ្ជីខ្មៅកាលពីខែឧសភា។ ក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជីត្រូវបានហាមឃាត់មិនឲ្យទិញផលិតផល ឬសេវាកម្មពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនោះទេ ប្រសិនបើគ្មានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក។
គួរដឹង Aurora ជាប្រព័ន្ធប្រតិបត្តិការទូរសព្ទដែលកំពុងស្ថិតក្នុងការអភិវឌ្ឍដោយយក Sailfish OS ជាមូលដ្ឋាន រួមបង្កើតដោយក្រុមហ៊ុន Open Mobile Platform និងក្រុមហ៊ុន Jolla។ គួរដឹងថា Open Mobile Platform មានចំណែកភាគហ៊ុនរបស់ក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី Rostelecom ចំនួន ៧៥% ហើយក្រុមហ៊ុន Jolla មានសហគ្រិនរុស្ស៊ី Grigory Berezkin ជាម្ចាស់ភាគហ៊ុនធំ៕