​​ រ៉ុន សុភី ​អតីត​ក្មេង​រើស​សំរាម ​មាន​​គោល​បំណង​បី ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ​ថ្ងៃ​អនាគត

  • 2019-06-24 07:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​យុវតី​មួយ​រូប​ ដែល​​បាន​ប្រែ​ក្លាយ​ជីវិត​​ខ្លួន​​​ឯង​ពី​ក្មេង​រើស​សំរាម​ទៅ​ជា​សិស្ស​អាហារូបករណ៍​នៅ​ប្រទេស​​អូស្ត្រាលី​​ថា​ ខ្លួន​​មាន​​គោល​បំណង​បី​ ដើម្បី​ឈាន​ទៅ​​សម្រេច​គោល​ដៅ​ជោគជ័យ​​ទៅ​ថ្ងៃ​អនាគត​។ ​

​ទើប​បាន​បញ្ចប់​ថ្នាក់​​មូលដ្ឋាន​​រយៈ​ពេល​១​ឆ្នាំ​ នឹង​គ្រោង​បន្ត​ថ្នាក់​បរិញ្ញាបត្រ​​ឆ្នាំ​​ទី​១​ នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ប្រទេស​អូស្ត្រាលី​លើ​ជំនាញ​ពាណិជ្ជកម្ម​ យុវតី​រូប​នេះ​ឱ្យ​ដឹង​ថា​ គោល​បំណង​ទាំង​បី​នោះ​រួមមាន​ ទី​ការ​​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​ ទី​២ ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​អូស្ត្រាលី​ និង​ទី​៣ ជួយ​ឱ្យ​គ្រួសារ​រួច​ផុត​​ពី​ភាព​ក្រី​ក្រ។

ប្រាប់​អ្នកសារព័ត៌មាន​ ក្នុងឱកាស​ចែករំលែក​បទពិសោធន៍ជោគជ័យកាលពីថ្ងៃ​ទី ២០ មិថុនា ឆ្នាំ ២០១៩ នៅអង្គការ​មូលនិធិកុមារកម្ពុជា ​សុភី​​ បន្ត​ថា​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ ពី​អង្គការ​​មូលនិធិ​​កុមារ​កម្ពុជា​ ទើប​​ខ្លួន​អាច​បាន​ចូល​សាលា​ដូច​គេ​ឯង​​ និង​ឈាន​ទៅ​ទទួល​​បាន​​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​​នៅ​សាកលវិទ្យាល័យ​ Mellbourne ប្រទេស​អូស្ត្រាលី​។ ដូច្នេះ​កញ្ញា​ប្ដេជ្ញា​​ខិត​ខំប្រឹង​ប្រែង​​រៀន​សូត្រ​​ឱ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ និង​ស្វែង​រក​ការងារ​ធ្វើ​រយៈ​ពេល​ខ្លី​​យក​បទពិសោធន៍​​​ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា​ ​ព្រមទាំង​ជួយ​លើក​ទឹក​ចិត្ត​កុមារ ​ដែល​ធ្លាប់​មាន​ភាព​លំបាក​ដូច​ខ្លួន​ និង​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ចាក​ផុត​ពី​ភាព​ក្រីក្រ​។

សុភី​ ឱ្យ​ដឹង​ថា​​ ​ការ​លើក​ស្ទួយ​ជីវភាព​​គ្រួសារ​នេះ ​គឺជា​បំណង​ធំ​បំផុត​ ខណៈ​​កន្លង​មក​​ខ្លួន​បាន​ប្រឈម​ទៅ​នឹង​ការ​លំបាក​ និង​ខ្វះ​ភាព​កក់ក្ដៅ​​ រហូត​​ស្ទើរ​គ្មាន​ឱកាស​បាន​រៀន​សូត្រ​​ ប៉ុន្តែ​ជា​សំណាង​ល្អ​ ដែល​បាន​ជួប​លោក​ Scott Neeson​​ នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ទើប​ខ្លួន​​មាន​ថ្ងៃ​នេះ។ "​ខ្ញុំ​មិន​ដែល​ឃើញ​ឪពុក​-ម្តាយ​ ខ្ញុំ​ស្រួល​ម្ដង​ណា​ទេ ពេល​ខ្លះ​ឃើញ​​គ្រួសារ​គេ​មាន​ហូប​ចុក​គ្រប់​គ្រាន់​ ឃើញ​គេ​លេង​សប្បាយ​ជាមួយ​​​​គ្រួសារ​ ខ្ញុំ​លួច​សម្រក់​ទឹក​ភ្នែក​​​នឹក​ច្រណែន​​គ្រួសារ​​គេ។ ​ដូច្នេះ​ការ​ជៀស​ផុត​ពី​ភាព​ក្រី​ក្រ​គឺ​ជា​កត្តា​ធំ​បំផុត​​”។

​​​​​យុវតី រ៉ុន សុភី ​​ទទួល​បាន​​ការ​ថែ​ទាំ​​ និង​លើក​ទឹក​ចិត្ត​ពី​អង្គការ​មូលនិធិ​​កុមារ​កម្ពុជា​​កាល​ពី​អាយុ​ ១១ ឆ្នាំ​ ខណៈ​​​ជីវិត​របស់​ខ្លួន​ពេល​​នោះ​ ​​មាន​តែ​ភាព​លំបាក​ ស្នាម​ប្រឡាក់​ជា​មួយ​ក្លិន​ស្អុយ​​លើ​ភ្នំ​សំរាម​ និង​ពុំ​ទទួល​បាន​ការ​សិក្សា​នោះ​ទេ។​​ បច្ចុប្បន្ន សុភី ​បាន​​ស្គាល់​ពី​តម្លៃ​ នៃ​ការ​សិក្សា ​​ស្គាល់​ពី​ពិភព​លោក​ខាង​ក្រៅ​ និង​​ខិត​ខំ​សិក្សា​រហូត​ទទួល​បាន​អាហារូបករណ៍​ ​នៅ​សាកលវិទ្យាល័យ​​ Mellbourne ប្រទេស​អូស្ត្រាលី​ ក្រោម​ការ​ជ្រំ​ជ្រែង​ពី​អង្គការ​។​ ​សុភី នឹង​ត្រូវ​ត្រឡប់​ទៅ​សិក្សា​នៅ​ប្រទេស​ អូស្ត្រាលី​វិញ ​ដោយ​ចាប់​ផ្ដើម​ឆ្នាំ​សិក្សា​ថ្មី​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០១៩​ដ៏​ខ្លី​ខាង​មុខ​នេះ ។ ​ជា​ចុង​​ក្រោយ​ សុភី​ ​​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​ពិត​ប្រាកដ​​ត្រូវ​កើត​​ឡើង​ជាមួយ​នឹង​សកម្មភាព​ ​មិន​មែន​គ្រាន់​តែ​និយាយ​​​នោះ​​ទេ​ ទើប​ទទួល​ជោគជ័យ​៕​​

អត្ថបទ៖ សុផល