ហង់​ជួន​ ណារ៉ុន​ រំឭករឿង​ គេ​មិន​បោះ​បាល់ឲ្យ​លេង​កាល​ប្រកួត​ពានរង្វាន់​ក្រសួង​អប់រំ​

  • 2019-06-21 08:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន​ រំលឹក​កាល​ពេល​ប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ថា​មាន​តែ​លោក​ទេ​ដែល​សប្បាយ​ជាង​គេ​ ព្រោះ​បាន​លេង​ឲ្យ​ស្ទើរ​គ្រប់​ក្រុម​ដោយ​មិន​គិត​ចាញ់​ឈ្នះ​ ប៉ុន្តែ​មាន​ក្រុម​ខ្លះ​ក៏​ខ្ចី​បោះ​បាល់​ឲ្យ​ដែរ​ខ្លាច​ខូច​បាល់​គេ។​

ការប្រកួត​ម្សិលមិញ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ខាង​លើ​ លើក​ឡើង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ពាន​រង្វាន់​ក្រសួង​ថា​ សូម​កោត​សរសើរ​ និង​ការ​ខំប្រឹង​ប្រែង​ពី​សំណាក់​ក្រុម​ចូលរួម​ទាំង​អស់​ ជា​ពិសេស​ខាង​ត្បូងឃ្មុំ​ ដែល​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​កីឡា​របស់​ខ្លួន​រហូត​ឈ្នះ​ពាន​រង្វាន់​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ។​

កីឡាករទាត់ចូលច្រើនជាងគេ

ឯកឧត្ដម​ក៏​រំលឹក​រឿង​អស់​សំណើច​ខ្លះៗ​នា​ការ​ប្រកួត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​នេះ​ថា​ មាន​ក្រុម​ខ្លះ​ហៅ​លោក​ឲ្យ​ចូល​លេង​ជា​មួយ​ ដោយ​មិន​ខ្វល់​ថា​ទាត់​ខ្លាំង​ ឬ​ខ្សោយ​នោះ​ឡើយ​ ពោល​ស្វាគមន៍​ជា​និច្ច។​ ប៉ុន្តែ​ក្រុម​ខ្លះ​ ពេល​លោក​ចូល​លេង​ហើយ​ មិន​ហ៊ាន​បោះ​បាល់​មក​ឲ្យ​នោះ​ទេ​ ខ្លាច​ខូច​បាល់​គេ​ ជាក់​ស្ដែង​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ​ក៏​ចង់​ចូល​លេង​ដែរ​ តែ​គេ​មិន​ដូរ​ឲ្យ​ ព្រោះ​វគ្គ​សំខាន់​លេខ​១-២​ ផង​ដូច្នេះ​មាន​តែ​រត់​ក្បែរ​ៗ​គេ​ប្រកួត​នោះ​ទៅ​ ណា​មួយ​បាន​មើល​ជិត​គេ​ទាត់​ផង។​

ទិដ្ឋភាពបិទការប្រកួត

រំលឹក​ដែរ​ថា​ ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លើក​ទី២​នេះ​បាន​បញ្ចប់​នា​ល្ងាច​ម្សិលមិញ​នេះ​ហើយ​ ដោយ​ក្រុម​លេខ១​ បាន​ទៅ​លើ​មន្ទីរ​អប់រំ​ខេត្ត​ស្វាយរៀង​ លេខ២​ មន្ទីរ​អប់រំ​ខេត្ត​ត្បូងឃ្មុំ​ និង​លេខ៣​ មន្ទីរ​អប់រំ​ខេត្ត​ព្រៃវែង។​ ការ​ប្រកួត​នេះ​មាន​រយៈពេល​៣ខែ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៨​ ខែ​មីនា​ រហូត​ដល់​ថ្ងៃ​ទី២៨​ ខែ​មិថុនា​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​