គួរឲ្យរន្ធត់! ស្លាប់យ៉ាងហោច ១៤នាក់ ក្រោយរលំតង់សង្កត់មនុស្សនៅឥណ្ឌា (មានវីដេអូ)

  • 2019-06-24 03:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១៤​នាក់ ត្រូវ​បាន​ស្លាប់​និង​ប្រមាណ ៥០​នាក់​ផ្សេង​ទៀត​រង​របួស​ក្រោយ​ពេល​តង់​ដ៏​ធំ​រលំ​សង្កត់​មនុស្ស​នៅ​ក្នុង​ពិធី​សាសនា​ក្នុង​រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​ NDTV ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ជិត​វិហារ Rani Bhatiyani ក្នុង​សង្កាត់ Barmer ប្រមាណ​ជា ៥០០​គីឡូម៉ែត្រ​ពី​ទីក្រុង Jaipur។ មុន​ពេល​កើត​ហេតុ ប្រជាជន​នៅ​ក្នុង​តំបន់ បាន​ប្រមូល​ផ្ដុំ​គ្នា​ចូលរួម​ពិធី​សាសនា​មួយ​ឈ្មោះ Ram Katha ដែល​ធ្វើ​ឡើង​នៅ​ទីធ្លា​សាលារៀន។ ក្រោយ​ចាប់​ផ្ដើម​ពិធី​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​យ៉ាង​សាហាវ​រហូត​បណ្ដាល​ឲ្យ​តង់​រលំ​សង្កត់​លើ​មនុស្ស​រាប់​រយ​នាក់​ដែល​នៅ​ក្នុង​នោះ។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា តង់​ដែល​បាន​រលំ​នោះ បាន​សម្លាប់​មនុស្ស​មួយ​ចំនួន​ដោយ​សារ​គ្រោង​ដែក និង​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស។ លើស​ពី​នេះ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​អស់ មាន​អ្នក​ស្លាប់​ដោយ​សារ​ឆក់​ខ្សែ​ភ្លើង​ដែល​គេ​ដំឡើង​ម៉ាស៊ីន​ភ្លើង​នៅ​ជិត​នោះ។ អាជ្ញាធរ​បាន​បើក​ការ​ស៊ើប​អង្កេត​បន្ដ​ជុំវិញ​ករណី​នេះ​ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ជា​ច្រើន​នាក់។

ជាមួយ​គ្នា​នេះ នាយករដ្ឋ​មន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​សម្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ និង​ជូន​ពរ​ឲ្យ​អ្នក​រង​របួស​ឆាប់​ជា​សះ​ស្បើយ​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ NDTV   ប្រែ​សម្រួល៖ រ័ត្ន