សូមទោស! គឺបងច្រានអូនអោយធ្លាក់នរក
- 2014-11-18 15:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមទោស! គឺបងច្រានអូនអោយធ្លាក់នរក
ចន្លោះមិនឃើញ
សួស្ដី Sabay និងមិត្តអ្នកអានខ្ញុំសូមបន្តរឿងរបស់ខ្ញុំពីទំព័រមុន ទៀត ចាប់ពីពេលដែលខ្ញុំតាមរកនាងមក។ ចុងឆ្នាំ២០១០ខ្ញុំស្ទើរតែអស់ចិត្តក្នុងការតាមរកនាងទៅហើយ ប្រផ្នូលអាក្រក់សម្រាប់ខ្ញុំគឺនាងបានលាចាកលោកទៅហើយ ប្រផ្នូលមួយទៀតមិនដឹងថាគួរត្រេកអរយ៉ាងណាទេចំពោះចិត្តខ្ញុំនៅ ពេលនោះគឺនាងរកឃើញស្នេហ៍ថ្មីនិងរៀបការរួចហើយ។
ខ្ញុំនៅ ចាំបានយ៉ាងច្បាស់នៅថ្ងៃទី១ខែ១០ឆ្នាំ២០១០ ខ្ញុំបានទៅបៀរហ្គាឌិនមួយក្នុងទីក្រុងភ្នំពេញជាមួយមិត្តភ័ក្ដិនៅ ពេលយប់។ នៅក្រោមពន្លឺភ្លើងពេលយប់និងសំឡេងតន្ត្រី ស្រាបៀដែលខ្ញុំផឹកអស់ជាច្រើនកែវដូចជាមិនបានធ្វើអោយខ្ញុំ វង្វេងស្មារតីទេ។ នៅតុរបស់ខ្ញុំមានគ្នា៧នាក់៣នាក់គឺមិត្តខ្ញុំ ៣នាក់ទៀតគឺនារីលក់ស្រាបៀ សំឡេងភ្លេងលឺខ្លាំងដូច្នេះការជជែកគ្នារបស់ពួកគេក៏លឺៗហើយដូច ជាសប្បាយរីករាយណាស់ដោយលាយឡំជាមួយនឹងជាតិស្រវឹង។
ខ្ញុំមិន ហៅអ្នកអង្គុយកំដរទេព្រោះខ្ញុំមិនចង់ជជែកគឺគ្រាន់តែចង់ផឹក អោយបានច្រើនតាមដែលខ្ញុំអាចផឹកបាន។ ម៉ោង៩យប់ជាងមនុស្សនៅក្នុងហាងកាន់តែច្រើនសំឡេងសើចហ៊ោសប្បាយ កាន់តែខ្លាំង។ ខ្ញុំក្រោកដើរសំដៅទៅបន្ទប់ទឹក មិត្តភ័ក្ដិស្រែកចំអកថាដើរអោយស្រួលបួលអត់មាននិយាយស្ដីគិតតែ ផឹកប្រយ័ត្នដួលខ្មាសគេ។ ខ្ញុំអស់សំណើចនឹងពួកគេព្រោះខ្ញុំដឹងថា ខ្ញុំមិនដល់ថ្នាក់លែងដឹងអីនោះទេ។
ដើរមិនទាន់ផុតឆ្ងាយពី តុប៉ុន្មានផង ខ្ញុំមិនចង់ជឿភ្នែកខ្លួនឯងព្រោះមនុស្សដែលខ្ញុំតាមរកនិងបារម្ភ នោះនាងមកអង្គុយកំដរភ្ញៀវផឹកស្រាបៀរនៅក្នុងហាងពេលយប់។ ខ្ញុំពិតជាចង់ចូលទៅសួរនាំនាងណាស់តែខ្លាចខ្វះសុជីវធម៌ចំពោះ ភ្ញៀវដែលនាងអង្គុយកំដរ។ ខ្ញុំត្រឡប់មកតុខ្ញុំវិញហើយសួរនារីអង្គុយតុខ្ញុំថា មានស្គាល់ម្នាក់អង្គុយតុខាងណោះទេ? គេប្រាប់ថា មិនត្រឹមតែស្គាល់ហើយធ្វើការជាមួយគ្នាទេ ថែមទាំងជួលបន្ទប់នៅជាមួយគ្នាទៀត។
ខ្ញុំសួរដេញដោលទៅទើប ដឹងថា នាងទើបតែចូលធ្វើការជានារីលក់ស្រាបៀរបានជាងមួយខែទេ បន្ទាប់ពីរោងចក្រដែលនាងផ្លាស់ទៅធ្វើការក្រោយនោះបានបិទទ្វារ ទៅ។ ខ្ញុំបានសុំលេខទូរស័ព្ទនាងពីអ្នករួមបន្ទប់ ដោយមិនចង់ឃើញសកម្មភាពនៅពេលយប់ក្នុងអាជីពជានារីលក់ស្រាបៀរបស់ នាងខ្ញុំក៏ចេញពីហាងមុនគេ។
ស្អែកឡើងខ្ញុំខលទៅនាងធ្វើដូច មិនដឹងរឿង ហើយសួរសុខទុក្ខនាងធម្មតា។ នាងភ្ញាក់ផ្អើលដែលខ្ញុំមានលេខរបស់នាង។ នាងនៅតែជាមនុស្សស្លូតបូតដែលខ្ញុំស្គាល់ដដែល មួយរឿងក៏មិនលាក់បាំងដែរគឺបានប្រាប់ខ្ញុំទាំងអស់ពីដំណើររឿង ដែលនាងត្រូវបង្ខំចិត្តមកធ្វើជានារីលក់ស្រាបៀរ។
រូបតំណាង
ខ្ញុំសុំ ជួបនាងនិងឈប់អោយនាងធ្វើការនៅទីនោះទៀតប៉ុន្តែនាងមិនព្រម នាងថាពីមុននាងជាស្រីបរិសុទ្ធមិនជាប់ក្លិនស្រា មិនបង្ហាញខ្លួនក្រោមភ្លើងពណ៌ពេលយប់នៅមិនអាចចងចិត្តខ្ញុំបាន ចុះហេតុអីពេលនេះត្រឹមជាស្រីលក់ស្រាម្នាក់អាចអោយខ្ញុំត្រឡប់ ទៅរកនាងនិងអោយតម្លៃនាងជាមនុស្សក្នុងបេះដូងខ្ញុំបាននោះ?
នាងប្រាប់ថា ជីវិតនាងគឺដើរដល់ផ្លូវនេះទៅហើយ មិនចង់រំលឹករឿងអតីតកាលទៀតទេ។ ពេលនេះជីវិតនាងប្រឡាក់ប្រឡូសដោយរឿងអាក្រក់ច្រើនណាស់នាងថា នាងអាចញញឹមបានពេលជួបមិត្តភ័ក្ដិរួមការងារ ប៉ុន្តែនាងយំទប់ខ្លួនមិនជាប់ ពេលឃើញសូម្បីស្រមោលនៃជីវិតដែល ពាក់ព័ន្ធជាមួយមនុស្សដូចជាខ្ញុំ។
នាងអង្វរខ្ញុំកុំអោយ ទាក់ទងសួរនាំនាងទៀត ព្រោះនាងអាចរកសេចក្ដីសុខបានក្នុងអាជីពនេះហើយ។ នាងថា នាងជាអ្នកសម្រេចចិត្តទទួលខ្ញុំ នាងក៏ជាអ្នកហ៊ានប្រឈមពេលខ្ញុំបោះបង់នាងដែរ។ នាងមិនស្ដាយក្រោយទេរយៈពេលច្រើនឆ្នាំដែលរួមដំណើរជាមួយខ្ញុំ ហើយក៏មិនស្ដាយក្រោយដែរ ដែលត្រូវមកធ្វើជានារីលក់ស្រាបៀរម្នាក់ដែលត្រូវបិទភ្នែកបិទ ត្រចៀក ខាំមាត់សង្កត់ចិត្តក្នុងរូបភាពជាច្រើនដើម្បីបានលុយផ្ញើទៅផ្ទះ ជួយម្ដាយចាស់និងប្អូនគ្មានទីពឹងនៅឯស្រុក។
ខ្ញុំបានត្រឹម តែនិយាយពន្យល់នាងថា ខ្ញុំនឹងរួមចំណែកទទួលខុសត្រូវជាមួយនាង ប៉ុន្តែនាងប្រាប់ច្បាស់ថា ច្រើនឆ្នាំមកនេះអ្វីក៏នាងធ្លាប់លឺដែរ អ្វីក៏នាងធ្លាប់ទ្រាំដែរ បើទោះជានាងត្រូវដើរដល់ផ្លូវងងឹតជាងនេះក៏នាងមិនយកអតីតកាលមក អោយក្នុងទ្រូងទៀតដែរ។
ពេលនោះនាងដូចជាស្រមោលចំពោះខ្ញុំ ខ្ញុំកាន់តែរត់ទៅរកនាង នាងកាន់តែរត់ចេញពីខ្ញុំ។ ទូរស័ព្ទនាងខលលែងចូលទៀតហើយ ហាងដែលនាងធ្វើការក៏មិនឃើញនាងទៅទៀតដែរ។
ខ្ញុំកាន់តែមិនអស់ចិត្តចំពោះនាង ខ្ញុំនៅតែខំរកនាង ពេលនោះខ្ញុំមិនយល់ទេហេតុអ្វីនាងមិនទុកឱកាសអោយខ្លួនឯង ឬនាងចង់ទុកអោយខ្ញុំមានវិប្បដិសារៈ ដែលធ្វើអោយនាងក្លាយទៅជាយ៉ាងនេះ។
ផែនដីពិតជាមូល ហើយវិលដូចអ្នកវិទ្យាសាស្ត្រនិយាយមែនថ្ងៃមួយ………………….
ខ្ញុំ នឹងរៀបរាប់អោយអស់ពីជីវិតដ៏ជូរចត់នេះប្រាប់សប្បាយ និងមិត្តអ្នកអានទាំងអស់នៅថ្ងៃណាមួយ ខ្ញុំដឹងថាខ្ញុំជាមនុស្សគួរអោយស្អប់តែខ្ញុំ នៅតែមិនអាចលាក់ រឿងនេះទុកក្នុងទ្រូងតែម្នាក់ឯងបានទេ៕