តាម​ពិត​អ្នក​និពន្ធ​ទំនុក​ច្រៀង​បទ “សោកនាដកម្ម” ក៏​ជា​អ្នក​និពន្ធ​បទ "មាន់​ស្រែ" ដែរ!

  • 2019-07-02 02:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​នេះ​បន្តិច មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បទចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា ”សោកនាដកម្ម” របស់​ផលិតកម្ម​មរតក​មេឌៀ ដែល​បាន​ទួញ​ថ្ងូរ​រៀបរាប់​អំពី​ភាព​សោក​សង្រេង​ទុក្ខ​សោក​គួរ​ឲ្យ​ស្រណោះ ដែល​ជា​សំណល់​សល់​ពី​​ព្រឹត្តិការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ។ មក​ដល់​ថ្ងៃ​នេះ ទើប​ធ្លាយ​ពី​សមាសភាព​អ្នក​នៅ​ពី​ក្រោយ ដែល​លោក​ក៏​ជា​អ្នក​និពន្ធ​បទ "មាន់​ស្រែ" ដ៏​ល្បី​របស់​កញ្ញា រ៉ាប៊ី ដែរ។

អ្នក​និពន្ធ​ទំនុក​ច្រៀង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​លោក សយ រតនា ក៏​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​នេះ​ផង​ដែរ។លោក សយ រតនា ត្រូវ​បាន​អ្នក​សិល្បៈ​ពិសេស​តារា​ចម្រៀង​ស្គាល់​ច្រើន​ព្រោះ​តែ​លោក​ធ្លាប់​និពន្ធ​បទ​ចម្រៀង​ជាច្រើន​សម្រាប់​តារា​ល្បី​ៗ​មួយ​ចំនួន​នៅ​ផលិតកម្ម ថោន ពិសេស​បទ "មាន់​ស្រែ” ដែល​បាន​ជួយ​ឲ្យ​ប្រជាប្រិយភាព​កញ្ញា រ៉ាប៊ី ត្រូវ​បាន​លើក​កម្ពស់​មួយ​កម្រិត​ទៀត។

សយ រតនា ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​មាន​សមត្ថភាព និង​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ក្រោយ​ពី​លោក​បាន​និពន្ធ​បទចម្រៀង សោកនាដកម្ម” ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្ទើរ​ទប់​ទឹក​ភ្នែក​មិន​បាន។នេះ ជា​បទ​ចម្រៀង​លំនាំ​បទ​មរតក​ដើម​មាន​ចំណង​ជើង​ថា “កតញ្ញូ” ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់ ស្ដាប់​ហើយ ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក អម​ដោយ​ខ្លឹម​សារ និង​រូប​ភាព​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា។

បទ​ចម្រៀង​ខាង​លើ​នេះ ត្រូវ​បាន​ចូល​រួម​ច្រៀង​ដោយ​តារា​ចម្រៀង​៩​រូប​ក្នុង​ផលិតកម្ម​មរតក​គឺ លោក នាង ប្រាក់​សុគន្ធ កញ្ញា ដានីកា លោក សយ រតនា នាយ ព្រែក អ្នកស្រី ចាន់​ធឿន លោក សុភ័ស កញ្ញា សុវណ្ណរ័ត្ន កញ្ញា គ្រីប លក្ខិណា និង លោក ណាវ៉ាត់។

តាម​សាវតារ​ខ្លះ​ៗ លោក សយ រតនា ធ្លាប់​បាន​និពន្ធ​បទ​ចម្រៀង​ឲ្យ​ស្ទើរ​គ្រប់​ផលិតកម្ម ក្នុង​នោះ​និយាយ​តែ​ចំពោះ ផលិតកម្ម ថោន លោក​បាន​ប្រាប់​ថា ធ្លាប់​និពន្ធ​ឲ្យ ​មិន​ក្រោម​៥០​បទ​នោះ​ទេ។ បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មាន​ដូច​ជា​បទ "កុលាប​ពុល​ដី” ដែល​ច្រៀង​ដោយ​លោក កែវ វាសនា បទ "បំពេ​ម្ដាយ” របស់ កញ្ញា មាស សុខ​សោភា បទ "អ្នក​ណា​ឲ្យ​អូន​ទៅ” របស់​លោក ខេម បទ “មាន់​ស្រែ” និង​បទ "លុយ​លុយ” របស់​កញ្ញា រ៉ាប៊ី ជា​ដើម៕

អត្ថបទ៖ ទារិកា