កម្ពុជាត្រៀមទទួលវត្ថុបុរាណ ដែលជនជាតិជប៉ុនស្ម័គ្រចិត្តប្រគល់មកឲ្យម្ចាស់ប្រទេសវិញ
- 2019-07-03 10:00:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាត្រៀមទទួលវត្ថុបុរាណ ដែលជនជាតិជប៉ុនស្ម័គ្រចិត្តប្រគល់មកឲ្យម្ចាស់ប្រទេសវិញ
ចន្លោះមិនឃើញ
ប្រជាជនជប៉ុនបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណមានតម្លៃឲ្យប្រទេសកម្ពុជាវិញ ហើយក្រសួងវប្បធម៌ប្រកាសដល់សាធារណជន ជាពិសេសបណ្ដាញសារព័ត៌មានថា នឹងទទួលវត្ថុបុរាណនេះ នៅថ្ងៃទី ០៥ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះកាលបរិច្ឆេតថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩។
សេចក្ដីប្រកាសដដែលបានឲ្យដឹងថា ខានស្អែកនេះ ក្រសួងវប្បធម៌ នឹងរៀបចំពិធីទទួលអំណោយវត្ថុបុរាណខ្មែរ ចំនួន៨៥មុខ/បំណែក ពីលោកស្រី ហ្វូមីកូ តាកាកុវ៉ា ជនជាតិជប៉ុន បានស្ម័គ្រចិត្តប្រគល់ជូនមករាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាវិញ ដើម្បីឧទ្ទិសស្វាមីរបស់លោកស្រី គឺលោកបណ្ឌិតសាស្រ្តាចារ្យ ម៉ូរីហ្វូមី តាកាកុវ៉ា។ វត្ថុបុរាណទាំងនេះជាបដិមាព្រហ្មមញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលំអ ត្រាមានលំអរូបសត្វ ធ្វើពីសំរីទ្ធ បំណែកតុបតែង ខ្សែកធ្វើពីមាស កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាលក្នុងសម័យបុរេប្រវត្តិសាស្រ្ត សម័យមុនអង្គរសម័យអង្គរ និងសម័យក្រោយអង្គរ។ អំណោយវត្ថុបុរាណទំង ៨៥មុខនេះត្រូវបាននាំតាមរយៈ លោក ម៉ាសាម៉ូតូ ហ្វូស៊ីណូ និងភរិយា កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងវប្បធម៌បានឲ្យដឹងទៀតថា ក្រសួងវប្បធម៌ ក្នុងនាមរាជរដ្ឋាភិបាល និង្រជាជនកម្ពុជាសូមសម្ដែងការកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ដែលមានចិត្តសប្បុរសប្រគល់វត្ថុបុរាណទាំងនេះ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ និងលោក ម៉ាសាម៉ូតូ ហ្វូស៊ីណូ និងភរិយា ដែលបានសម្របស្រួល និងដឹកនាំវត្ថុបុរាណទាំងនេះមកជាមួយ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា៖ “គ្រប់ពេលវេលា ការប្រគល់ត្រឡប់មកវិញនូវរតនវត្ថុរបស់ជាតិ គឺជាការវិលមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរ ជាមង្កលដ៏ឧត្តមរបស់ជាតិ។ ការស្ម័គ្រចិត្តប្រគល់នូវវត្ថុបុរាណមកកាន់ប្រទេសកំណើតវិញបង្ហាញឲ្យឃើញពីការលើកតម្លៃសម្បត្តិវប្បធម៌នៃមនុស្សជាតិ និងការប្រសើរឡើងនូវក្រមសីលធម៌។
លោកជំទាវបានលើកឡើងទៀតថា ក្រសួងវប្បធម៌សូមលើកទឹកចិត្តដល់បុគ្គលឯកជនសារមន្ទីរ ក្រុមហ៊ុន ក៏ដូចស្ថាប័ននានាលើសកលលោកដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាតាមរយៈស្ថានទូតកម្ពុជានៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។
កម្ពុជាចាត់ទុកថា ទង្វើដ៏ថ្លៃថ្លានេះ មិនត្រឹមតែបង្ហាញពីការចូលរួមលើកតម្លៃដល់វប្បធម៌ជាតិសាសនានីមួយៗប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដ៏ឧត្ដុង្គឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិលរុំារ៉ៃ និងរងគ្រោះពីសោកនាដកម្ម និងទារុណកម្ម នៃអំពើប្រល័យពូជសាសន៍ប៉ុល ពត៕
សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុង ខាងក្រោមនេះ៖