ហេតុផលធំ ២ ធ្វើឲ្យក្រុមហ៊ុនផលិតទូរសព្ទបច្ចុប្បន្នបោះបង់រន្ធកាស ៣.៥ ម.ម
- 2019-07-05 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលធំ ២ ធ្វើឲ្យក្រុមហ៊ុនផលិតទូរសព្ទបច្ចុប្បន្នបោះបង់រន្ធកាស ៣.៥ ម.ម
ចន្លោះមិនឃើញ
និយាយដល់បច្ចេកវិទ្យានាឆ្នាំ ២០១៨ ដែលគេបំពាក់លើទូរសព្ទនេះ ពិតជាមានភាពទំនើប និងច្នៃប្រឌិតច្រើន មិនថាតែលើផ្នែក កាម៉េរា សំឡេង ឬប្រព័ន្ធសុវត្ថិភាពឡើយ សុទ្ធតែត្រូវបានអភិវឌ្ឍបន្ថែមឲ្យមានភាពកាន់តែទំនើបខ្លាំងឡើងតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែរូបរាងរបស់ទូរសព្ទ ក៏ស្ដើង ហើយខ្លះទៀតក៏កោង យ៉ាងទាក់ទាញផងដែរ។
យ៉ាងណាមិញ ដើម្បីឲ្យទូរសព្ទមានការរចនាមក រាយឡូយ ស្ដើង កោងបែបអនាគត បូករួមនឹងបច្ចេកវិទ្យាកប់ទៀតនោះ រចនាបទ និងបច្ចេកវិទ្យាចាស់ៗមួយចំនួនត្រូវបានគេចាប់ផ្ដើមបោះបង់ចោលហើយ ទោះបីជាវានៅសំខាន់យ៉ាងណាក៏ដោយ។
តួយ៉ាងដូចជា រន្ធកាស ៣.៥ ម.ម អុីចឹង ដែលក្រុមហ៊ុនទូរសព្ទភាគច្រើនបោះបង់ចោលលើទូរសព្ទស៊េរីថ្មីរបស់ខ្លួន ឧទាហរណ៍ Apple បានបោះបង់រន្ធដោតកាស ៣.៥ ម.ម តាំងតែពី iPhone 7 មក ហើយ Google Pixel 2 ដែលជាជំនាន់ក្រោយរបស់ Google Pixel ក៏បោះបង់រន្ធកាស ៣.៥ ម.ម ដូចគ្នា។
រន្ធកាស ៣.៥ ម.ម បានចាប់ផ្ដើមល្បីល្បាញខ្លាំងតាំងតែពីឆ្នាំ ១៩៧៩ មកម៉្លេះ ក្រោយក្រុមហ៊ុន Sony សម្រេចចិត្តប្រើរន្ធកាសនេះ លើឧបករណ៍ស្ដាប់ចម្រៀង Walkman របស់ខ្លួន។ រន្ធកាស ៣.៥ ម.ម មានរាងទ្រវែង ដែលវាអាចគាំទ្រការបញ្ចេញសំឡេងខាងឆ្វេង ខាងស្ដាំ និងឧបករណ៍ស្រូបសំឡេង (MIC) តាមគន្លាក់របស់វានីមួយៗ។
យ៉ាងណាមិញ នៅពីក្រោយរឿងនេះមានហេតុផលសំខាន់ចំនួន ២ ដែលតម្រូវឲ្យទូរសព្ទទំនើបស៊េរីចុងក្រោយត្រូវបោះបង់រន្ធកាស ដែលពេញនិយមជាងគេលើពិភពលោកនេះ៖
១. កម្រាស់ទូរសព្ទ
ដោយសារតែទំនោររបស់អ្នកប្រើប្រាស់បច្ចុប្បន្ន ស្រឡាញ់ទូរសព្ទដែលស្ដើង ស្រាលនិងរចនាមកដោយភាពទាក់ទាញ ដូចនេះក្រុមហ៊ុនទូរសព្ទនាពេលបច្ចុប្បន្ននេះប្រឹងប្រែងរិះរកវិធី ធ្វើយ៉ាងណាឲ្យការរចនាទូរសព្ទរបស់ខ្លួនបានស្ដើងជាងមុន។ ដូចនេះ រន្ធកាស ៣.៥ ម.ម ជាឧបសគ្គមួយ ដែលអាចដកចេញពីទូរសព្ទបាន ការដកវាចេញអាចបន្ថយកម្រាស់ទូរសព្ទពី ១ ម.ម ទៅ ២ ម.ម ហើយអាចជំនួសដោយរន្ធកាស ប្រភេទផ្សេងដែលស្ដើងជាងដូចជា USB-C ជាដើម។
២. គុណភាពនៃសំឡេង
រន្ធកាស ៣.៥ ម.ម ពេញនិយមកជិត ៤០ ឆ្នាំទៅហើយ ដោយបច្ចេកវិទ្យារបស់វាមិនបានអភិវឌ្ឍឲ្យបានប្រសើរឡើងខ្លាំងនោះទេ។ ដោយហេតុថា ទូរសព្ទស៊េរីថ្មីមានបច្ចេកវិទ្យា ដែលគាំទ្រការបញ្ចេញសំឡេងកម្រិតខ្ពស់ ប្រភេទ HD ឬ Hi-Fi ជាដើមនោះ រន្ធកាស ៣.៥ ម.ម មិនអាចគាំទ្រនូវបច្ចេកវិទ្យានេះបានពេញលេញទេ ដោយសារតែរន្ធស៊េរីថ្មី ដូចជា Lightning របស់ Apple និង USB-C អាចគាំទ្របច្ចេកវីទ្យានេះបានពេញលេញ។ មិនត្រឹមតែប៉ុណ្ណោះ Lightning និង USB-C ក៏អាចសាកបញ្ចូលថ្មបាន និងផ្ទេរទិន្នន័យបានផងដែរ ធ្វើឲ្យរន្ធកាស ៣.៥ ម.ម កាន់តែអស់តម្លៃ និងធ្វើឲ្យខាតកន្លែងក្នុងទូរសព្ទ។
ចុចអាន៖