Mourinho បដិសេធ​ការងារ​នៅ​ចិន ទោះ​​ជា​​ក្លឹប​ហ៊ាន​​ឲ្យ​លុយ​ច្រើន​​សន្ធឹកសន្ធាប់

  • 2019-07-07 03:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​ច្រាន​ចោល​ឱកាស​ដើម្បី​​ទៅ​ដឹកនាំ​ក្លឹប Guangzhou Evergrande ដោយ​ហេតុផល​គ្រួសារ​​ ទោះបីជា​ក្លឹប​ចិន​ហ៊ាន​ផ្តល់​លុយ​ច្រើន​សន្ធឹកសន្ធាប់​ប៉ុណ្ណា​ក៏​ដោយ។ នេះ​បើ​តាម The Guardian។

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បាត់បង់​ការងារ​ចាប់​តាំង​ពី Manchester United ​បណ្តេញ​ចេញ​ពី​ក្លឹប​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ។ នៅ​ទឹកដី Old Trafford លោក​ទទួល​បាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ប្រមាណ ១៥ លាន​ផោន (១៨,៨ លាន​ដុល្លារ) ក្នុង​មួយ​ឆ្នាំ។

​​The Guardian បាន​រាយការណ៍​ថា​បើ Mourinho យល់​ព្រម​ទៅ​ដឹកនាំ​​នៅ​ចិន នោះ​​ក្លឹប​​​​កំពូល​លុយ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ក្វាវចូវ​នឹង​ហ៊ាន​ឲ្យ​លើស​​ប្រាក់បៀវត្សរ៍​នៅ​ Man Utd ឆ្ងាយ។ ប៉ុន្តែ​ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​​ចំនួន​ទឹកប្រាក់​ជាក់លាក់​នោះ​ទេ។

បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​តំណាង​ក្លឹប​ដែល​ជា​ម្ចាស់​អចលនទ្រព្យ Evergrande Real Estate Group លោក Mourinho បាន​ច្រានចោល​ការងារ​នេះ​ពីព្រោះ​លោក​យល់​ថា​លោក​មិន​ចង់​ធ្វើ​ឱ្យ​គ្រួសារ​មាន​ការ​ពិបាក​ក្នុង​ការ​ផ្លាស់​មក​កាន់​ប្រទេស​ចិន។

និយាយ​អំពី​អនាគត​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​ គ្រូ​បង្វឹក​វ័យ​៥៦​ឆ្នាំ​បាន​លើក​ឡើង​ថា "នៅ​ពេល​ដែល​ខ្ញុំ​ចាកចេញ​ពី Manchester United កាល​ពី​ខែ​ធ្នូ ខ្ញុំ​បាន​សម្រច​ចិត្ត​ថា​នឹង​ត្រលប់​ចូល​ធ្វើ​ការ​វិញ​នៅ​រដូវក្ដៅ​នេះ ហើយ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​ចូល​ធ្វើការ​វិញ​នៅ​ខែ​កក្កដា​ក្នុង​គម្រោង​មួយ​ដែល​ខ្ញុំ​ពិតជា​ចូលចិត្ត"។

អតីត​គ្រូ​បង្វឹក Porto, Chelsea, Inter Milan, Real Madrid និង Man Utd បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជាង​២០ រួម​មាន៖ Champions League ២​លើក Premier League ៣​លើក Serie A ២​លើក និង ពាន​រង្វាន់​ជា​ច្រើន​ទៀត​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​៤​ផ្សេង​គ្នា៕

អាន៖ Mourinho អាច​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Newcastle បើ​ក្លឹប​នេះ​មាន​ម្ចាស់​ថ្មី​ជាមហា​សេដ្ឋី​អារ៉ាប់​ឆាប់ៗ​មែន​

អាន៖ ឥទ្ធិពល​ពី​ក្រោយ Man City ហ៊ាន​​ជះ​លុយ​សន្ធឹក​សន្ធាប់​​ទិញ​កីឡាករ ​ក្លាយ​ជា​​ក្រុម​ខ្លាំង​បំផុត​មួយ

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី