អតីត​បេក្ខភាព​គណិតវិទ្យា​អូឡាំព្យា​៖ ចង់​បាន​និទ្ទេស​ល្អ​ពេល​ប្រលង​បាក់​ឌុប​ គឺ​ត្រូវ​ខំ​រៀន​

  • 2019-07-11 07:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«**ចង់​បាន​និទ្ទេស​ល្អ​មែន​ទេ​? ចម្លើយ​ងាយ​ណាស់​គឺ​ ខំ​រៀន​។ ខំ​ហើយ​មែន​ទេ​ តែ​មិន​ទាន់​បាន​ផល​? អ៊ីចឹង​សំនួរ​សំខាន់​បន្ទាប់​គឺ​ តើ​ខំ​រៀន​របៀប​ណា​? តើ​ខំ​រៀន​យ៉ាង​ណា​ឱ្យ​មាន​ប្រសិទ្ធ​ភាព​?**» នេះ​ជា​ទ្រឹស្ដី​របស់​អតីត​បេក្ខភាព​គណិតវិទ្យា​អូឡាំព្យា​ឆ្នាំ​ ២០១៦។

ជា​និស្សិត​ឆ្នាំ​ទី​ ៣ ឯក​ទេស​គណិតវិទ្យា​ នៃ​សាកល​វិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ​ សារ៉ែន សុទ្ធា បាន​ប្រាប់​ពី​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​ជួយ​ដល់​សិស្ស​ប្អូន​ទី​ ១២ ទាំង​អស់​ ក្នុង​ការ​ប្រលង​បាក់​ឌុប​ ថែម​ទាំង​បក​ស្រាយ​ពី​បញ្ហា​ ដែល​សិស្ស​វិទ្យាល័យ​មួយ​ចំនួន​ ខិត​ខំ​ប្រឹង​រៀន​តែ​បែរ​ជា​មិន​បាន​លទ្ធផល​ល្អ​។

សុទ្ធា​និយាយ​ថា​ ៖ «ធម្មតា​សិស្ស​ភាគ​ច្រើន​គាត់​ដឹង​តា៎​ខំ​រៀន​ហើយ​ អ្នក​ខ្លះ​ខំ​ទៅ​បាន​ផល​ ហើយ​អ្នក​ខ្លះ​ទៀត​ខំ​ទៅ​ក៏​អត់​បាន​ផល​ អ៊ីចឹង​សម្រាប់​អ្នក​ដែល​ខំ​ហើយ​ អត់​បាន​ផល​ គឺ​ត្រូវ​ចាប់​ផ្ដើម​ពិនិត្យ​ឡើង​វិញ​ មើល​ការ​រៀន​។ របៀប​រៀន​របស់​យើង  បាន​ន័យ​ថា​ត្រូវ​ផ្លាស់​ប្តូ​របៀប​រៀន​ មិន​មែន​ខំ​រៀន​តាម​របៀប​ដដែល​ៗនោះ​ទេ​ គឺ​ត្រូវ​ផ្លាស់​ប្ដូរ​វិធី​សាស្ត្រ​ និង​បែប​ផែន​ទិស​ដៅ​របស់​យើង​»

ចំពោះ​បញ្ហា​រៀន​ត្រៀម​យក​និទ្ទេស​ល្អ​ ពេល​ប្រលង​បាក់ឌុប​ និស្សិត​គណិតវិទ្យា​រូប​នេះ​ បាន​បញ្ជាក់​ថា​ ការ​រៀន​ត្រៀម​មិន​មែន​សំដៅ​តែ​ការ​រៀន​គួរ​តែ​ប៉ុណ្ណោះ​នោះ​ទេ​ ប៉ុន្តែ​សិស្ស​ទី​១២ គួរ​រៀន​មេរៀន​ និង​ធ្វើ​លំហាត់​ដោយ​ខ្លួន​ឯង​ផង​ដែរ​ លើ​មុខ​វិជ្ជា​សំខាន់ៗ​ដូច​ជា​ គណិត​ រូប​ គីមី​ ជីវៈ​ និង​ អក្សរ​សាស្ត្រ​ខ្មែរ​ជា​ដើម​។

យុវជន​ម្នាក់​នេះ​បន្ថែម​ទៀត​ថា​ កុំ​រៀន​អោយ​ឆាប់​ចប់​ តែ​ត្រូវ​រៀន​អោយ​យល់​។ ពេល​យល់​មេរៀន​ ខួរ​ក្បាល​យើង​អាច​ចាំ​បាន​យូរ​ជាង​ការ​ទន្ទេញ​។ ហើយ​ក៏​មិន​គួរ​ទន្ទេញ​អោយ​ចាំ​ទាំង​មិន​យល់​មេរៀន​នោះ​ដែរ​។ បើ​មិន​យល់​ ត្រូវ​សួរ​គ្រូ​ ឬ​មិត្តភ័ក្ដិ​ ព្រោះ​នៅ​ពេល​យើង​បៀម​ទុក​សំនួរ​ វា​ធ្វើ​អោយ​ចម្ងល់​យើង​ កើន​ឡើង​បន្តិច​ម្ដង​ៗ រហូត​គរ​ដូច​ភ្នំ​ ហើយ​នៅ​ពេល​ជិត​ប្រឡង​ វា​អាច​ធ្វើ​អោយ​យើង​ស្រ្តេស​ ភ័យ​ និង​ ធ្លាក់​ខ្លួន​ឈឺ​ មុន​ ឬ​ ក្នុង​ពេល​ ប្រឡង​បាក់​ឌុប​។

ក្រៅ​ពី​នេះ​ លោក​ក៏​បាន​ដាស់តឿន​ សិស្ស​ទី ១២ ទាំង​អស់​ឱ្យ​ធ្វើ​តេស្ត​សមត្ថភាព​ខ្លួន​ឯង​ជា​ប្រចាំ​ មួយ​មេរៀន​ម្ដង​ៗ ឬ​មួយ​អាទិត្យ​ម្ដងៗ ធ្វើ​លំហាត់​អោយ​បាន​ច្រើន​ និង​រៀន​បន្ថែម​ លើ​ចំណុច​ដែល​ខ្វះ​ខាត​។

លោក​បន្ត​ថា៖​ «គួរ​ប្រមូល​ឯកសារ​មេរៀន​ រូបមន្ត​ លំហាត់​ និង​វិញ្ញាសា​ប្រឡង​មុន​ៗ​ទុក​ ហើយ​ភាគ​ច្រើន​អាច​រក​បាន​ free free តាម​អ៊ីនធឺណិត​ និង​ App​ ផ្សេង​ៗ»។

ទោះ​បី​ជា​ អតីត​សិស្ស​និទ្ទេស​ A ឆ្នាំ ២០១៦​ ម្នាក់​នេះ​ បាន​ណែ​នាំ​ឱ្យ​សិស្ស​ប្អូន​ទាំង​អស់​ខិត​ខំ​រៀន​ តែ​ក៏​ដាស់​តឿន​ដល់​ប្អូន​ៗ​ទាំង​អស់​ មិន​គួរ​រៀន​រហូត​ភ្លេច​បាយ​ ភ្លេច​ទឹក​នោះ​ទេ​! ហើយ​ត្រូវ​គេង​ សម្រាក​ និង​កម្សាន្ត​អោយ​បាន​គ្រប់​គ្រាន់​ ដើម្បី​ជា​ជំនួយ​ដល់​ការ​សិក្សា​ ព្រោះ​ពេល​យើង​សម្រាក​ និង​សប្បាយ​ចិត្ត​ ខួរ​ក្បាល​ក៏​ដំណើរ​ការ​បាន​ល្អ​ផង​ដែរ​៕

អត្ថបទ៖ អ៊ឹង ម៉េងគង់